ខេត្ដកំពង់ធំ ៖ កាលពីថ្ងៃទី១៥ មិថុនា កន្លងទៅនេះលោក ជា ចាន់តូ សមាជិកគណៈអចិន្ដ្រៃយ៍គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានទី១ក្រុមការងារចុះជួយខេត្ដកំពង់ធំ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយភ្នាក់ងាររបស់គណបក្សប្រជាជនកម្ពុជា មកពីការិយាល័យបោះឆ្នោត និងឃោសនិកថ្នាក់ស្រុក និងឃុំ របស់ស្រុកសន្ទុក និងស្រុកប្រាសាទសំបូរ ។ ពិធីនេះបានរៀបចំធ្វើដាច់ដោយឡែកពីគ្នា ដែលពេលព្រឹកធ្វើនៅស្រុកសន្ទុក មានសមាជិកចូលរួមចំនួន៧០៥នាក់ និងពេលរសៀលធ្វើនៅស្រុកប្រាសាទសំបូរ ដែលមានសមាជិកចូលរួមចំនួន៤៧៣នាក់ ។
តាមរបាយការណ៍របស់ស្រុកសន្ទុក មានការិយាល័យបោះឆ្នោតចំនួន១១១ ភ្នាក់ងារមានចំនួន២២២នាក់ ដោយឡែកសម្រាប់ស្រុកប្រាសាទសំបូរ មានការិយាល័យបោះឆ្នោតចំនួន៦៤ ដែលមានភ្នាក់ងារពេញសិទ្ធិចំនួន៦៤នាក់ (ស្រី១២នាក់) និងមានភ្នាក់ងារបម្រុងចំនួន៦៤នាក់(ស្រី២១នាក់) ។ តាមការវាយតម្លៃរបស់ប្រធានគណៈកម្មាធិការបក្សស្រុកទាំង២ឱ្យដឹងថា សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ដនីតិកាលទី៥ ខាងមុខនេះ គណបក្សប្រជាជននៅតែឈរលើប្រៀបឈ្នះក្នុងការប្រកួតប្រជែងរកសំឡេងគាំទ្រ ព្រោះគណបក្សប្រជាជនកសាងសមិទ្ធផលបានច្រើនជូនប្រជាពលរដ្ឋ ពិសេសលទ្ធផលនៃការផ្ដល់ប័ណ្ណកម្មសិទ្ធិដីធ្លីរបស់យុវជនស្ម័គ្រចិត្ដសម្ដេចតេជោ ហ៊ុន សែន ។
មានប្រសាសន៍ទៅកាន់សមាជិក សមាជិកាគណបក្សនាឱកាសនោះ លោក ជា ចាន់តូ បានកោតសរសើរចំពោះសមាជិក សមាជិកាបក្សទាំងអស់ដែលកន្លងមកនេះបានខិតខំប្រឹងប្រែងបំពេញភារកិច្ចបម្រើគណបក្ស និងប្រជាពលរដ្ឋអស់ពីចិត្ដពីថ្លើម ពុំគិតពីការលំបាកនឿយហត់ ។ដើម្បីឈានទៅដណ្ដើមជ័យជម្នះនៅក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ដសម្រាប់នីតិកាលទី៥ខាងមុខ យើងទាំងអស់គ្នាត្រូវសាមគ្គីភាពគ្នាជាធ្លុងមួយ និងត្រូវចេះប្រើប្រាស់នូវវិធានការលុប និងកម្លាំងសរុប ព្រមទាំងមានការដឹកនាំដោយភាពទន់ភ្លន់ បត់បែនតាមសភាពការណ៏ ។
ជាមួយនេះដើម្បីឱ្យប្រជាពលរដ្ឋនៅតែបន្ដគាំទ្រការដឹកនាំ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា នៅអាណត្ដិទី៥កាន់តែច្រើនថែមទៀតនោះ សមាជិក សមាជិកាបក្សទាំងអស់ត្រូវតែហ៊ានធ្វើអ្វីៗគ្រប់បែបយ៉ាងសម្រាប់ប្រទេសជាតិ និងប្រជាពលរដ្ឋ គឺហ៊ានថា ហ៊ានធ្វើ ហា៊នទទួលខុសត្រូវ ។ យើងទាំងអស់គ្នាជាសមាជិក សមាជិកាបក្សត្រូវថែរក្សាឱ្យបាននូវរាល់សមិទ្ធផលរបស់គណបក្ស រាជរដ្ឋាភិបាល និងសម្ដេចទាំងបី ដែលបានកសាងកន្លងមក និងបង្ហាញឱ្យប្រជាពលរដ្ឋឃើញកាន់តែច្បាស់ថែមទៀត ពីគោលនយោបាយរបស់គណបក្ស ដែលត្រូវដឹកនាំ និងអភិវឌ្ឍប្រទេសជាតិជាបន្ដទៀត ពិសេសការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរថែមទៀត ។
ក្នុងឱកាសនោះ លោក ជា ចាន់តូ បានឧបត្ថម្ភដល់ភ្នាក់ងាររបស់គណបក្សស្រុកសន្ទុកចំនួន៧០៥នាក់ ក្នុងម្នាក់ៗទទួលបាន៥ម៉ឺុនរៀល និងបានផ្ដល់ថវិកាចំនួន១១០លានរៀល ដល់គណបក្សស្រុកសម្រាប់ការងារឃោសនាបោះឆ្នោត និងការងារបោះឆ្នោត ។ ដោយឡែកសម្រាប់ស្រុកប្រាសាទសំបូរ ភ្នាក់ងាររបស់គណបក្សចំនួន៤៧៣នាក់ ក្នុងម្នាក់ៗទទួលបាន៥ម៉ឺនរៀល និងគណបក្សស្រុកទទួលបានចំនួន៦៣លានរៀលសម្រាប់ប្រើប្រាស់ក្នុងការងារឃោសនា និងការងារបោះឆ្នោត ៕
ចែករំលែកព័តមាននេះ