ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វេទិកា​សាធារណៈស្ដី​ពី​គោល​នយាបាយ​ភូមិ​-ឃុំ​មាន​សុវត្ថិភាព​

11 ឆ្នាំ មុន

ខេត្ដ​កំពង់ធំ​ ៖​ កាល​ពី​ព្រឹកថ្ងៃ​ទី​១២​ មិថុនា​ កន្លង​មក​ នៅ​សាលា​សង្កាត់​ព្រៃ​តាហ៊ូ​ ក្រុង​ស្ទឹង​សែន​ មាន​រៀប​ចំវេទិកា​សាធារណៈ​ស្ដី​ពី​គោល​នយោបាយ​ភូមិ​-ឃុំ​មាន​សុវត្ថិភាព​ ក្រោម​អធិបតី​ភាព​លោក​​ ឡុង​​ ផល​ អនុរដ្ឋ​លេខា​ធិការ​ក្រសួង​មហាផ្ទៃ​ និង​ជា​ប្រធាន​ស្ដី​ទី​ក្រុម​ការងារ​ទី​១២​ចុះ​ជួយ​ខេត្ដ​កំពង់​ធំ​ ។​ ចូល​រួម​ក្នុង​ឱកាស​នោះ​មាន​លោក​ សុខ លូ​ អភិ​បាល​​រង​ខេត្ដ​ និង​លោក​ ហុក​ វិន​ អភិ​បាល

ខេត្ដ​កំពង់ធំ​ ៖​ កាល​ពី​ព្រឹកថ្ងៃ​ទី​១២​ មិថុនា​ កន្លង​មក​ នៅ​សាលា​សង្កាត់​ព្រៃ​តាហ៊ូ​ ក្រុង​ស្ទឹង​សែន​ មាន​រៀប​ចំវេទិកា​សាធារណៈ​ស្ដី​ពី​គោល​នយោបាយ​ភូមិ​-ឃុំ​មាន​សុវត្ថិភាព​ ក្រោម​អធិបតី​ភាព​លោក​​ ឡុង​​ ផល​ អនុរដ្ឋ​លេខា​ធិការ​ក្រសួង​មហាផ្ទៃ​ និង​ជា​ប្រធាន​ស្ដី​ទី​ក្រុម​ការងារ​ទី​១២​ចុះ​ជួយ​ខេត្ដ​កំពង់​ធំ​ ។​ ចូល​រួម​ក្នុង​ឱកាស​នោះ​មាន​លោក​ សុខ លូ​ អភិ​បាល​​រង​ខេត្ដ​ និង​លោក​ ហុក​ វិន​ អភិ​បាល​ក្រុង​ស្ទឹង​សែន​ និង​ប្រជា​​ពល​រដ្ឋ​យ៉ាង​ច្រើន​កុះករ​ ។​

ឮលោក​ ផៃ​ ឈុន​អេង​ ចៅ​សង្កាត់​ព្រៃតា​ហ៊ូ​បាន​អាន​របាយការណ៍​នៃ​ការ​ចាត​់​តាំង​អនុវត្ដ​គោលនយោបាយ​ភូមិ​-ឃុំ​មាន​សុវត្ថិភាព​ គិត​ចាប់​ពី​ថ្ងៃ​ទី​១០​ វិច្ឆិកា​ ឆ្នាំ​ ២០១២​ ដល់​ថ្ងៃ​ទី​១០​ ឧសភា​ ឆ្នាំ​២០១៣​ ។​ តាម​របាយការណ៍​ឱ្យ​ដឹង​ថា​ សង្កាត់​ព្រៃ​តាហ៊ូ​ មាន​៣​ភូមិ​ ស្មើ​៦៩​ក្រុម​ មាន​១.៤៩១​គ្រួសារ​ ​មាន​ប្រជាពលរដ្ឋ​ចំនួន​៦.០០៦​នាក់​ (ប្រុស​៣.០០៨​នាក់​ )​និង​បាន​ផ្សព្វផ្សាយ​គោល​នយោ​បាយ​ភូមិ​-ឃុំ​មាន​សុវត្ថិភាព​ទាំង​៩​យ៉ាង​បាន​ចំនួន​៩៨​លើក​មក​ហើយ​ ដោយ​មាន​ប្រជាពល​រដ្ឋ​ចូល​រួម​ចំនួន​១១.៦៣០​នាក់​ ។​ ពួក​គាត់​បាន​យល់​ដឹង​ពី​ល្បិច​កល​ថ្មី​ៗ​របស់​ជន​ល្មើស​​​​ ដែល​តែង​តែ​ធ្វើ​សកម្មភាព​នៅ​តាម​ទី​ប្រជុំ​ជន​ ធ្វើ​ឱ្យ​ប៉ះពាល់​សេចក្ដី​សុខ​ សុវត្ថិភាព​​ ។​

លោក​ ញ៉ែម​ ឈុនលី​ អធិការ​នគរបាល​ក្រុង​ស្ទឹង​សែន​ បាន​ស្នើ​ឱ្យ​ប្រជាពលរដ្ឋ​ចូល​រួម​សហការ​ជា​មួយ​អាជ្ញាធរ​ និង​កម្លាំង​សមត្ថកិច្ច​ ដើម្បី​ទប់​ស្កាត់​រាល់​បទ​ល្មើស​ទាំង​ឡាយ​ណា​ដែល​បម្រុង​នឹង​កើត​ឡើង​ សំដៅ​ធ្វើ​ឱ្យ​ភូមិ​-សង្កាត់​ យើង​មាន​សុវត្ថិភាព​ល្អ។​ ក្នុង​ឱកាស​នោះ​លោក​ ឡុង​ ផល​ មាន​ប្រសាសន៍​សំណេះ​សំណាល​ថា​ បើ​បងប្អូន​ប្រជា​ពលរដ្ឋ​មាន​សំណួរ​ សូម​សរសេរ​ដាក់​ក្រដាស​ ហើយ​លោក​នឹង​បក​ស្រាយ​ជូន​រាល់​ចម្ងល់​ទាក់​ទង​ទៅ​នឹង​បញ្ហា​ផ្សេង​ៗ​ ។​

ដើម្បី​ឱ្យ​ភូមិ-ឃុំ​ មាន​សន្ដិសុខ​ និង​សុវត្ថិភាព​ល្អ​ប្រសើរ​ឡើង​បាន​ ទាល់​តែ​ប្រជាពលរដ្ឋ​ចូល​រួម​ចំណែក​យ៉ាង​សកម្ម​ ក្លា​ហាន​ហ៊ាន​រាយការណ៍​រាល់​សកម្មភាព​របស់​ជន​សង្ស័យ​ដែល​បម្រុង​ធ្វើ​សកម្មភាព​អ្វី​មួយ​​ ។​ លោក​ក៏​បាន​សំណូមពរ​ឱ្យអាជ្ញាធរ​ខេត្ដ​ ក្រុង​​ សង្កាត់​​ អនុវត្ដ​ឱ្យ​បាន​ល្អ​នូវ​គោល​នយោបាយ​ភូមិ​-ឃុំ​មាន​សុវត្ថិភាព​ទាំង​៩​យ៉ាង​ ធ្វើ​យ៉ាង​ណា​ឱ្យ​ប្រជាពលរដ្ឋ​យើង​រស់​នៅ​ប្រកប​ដោយ​សេចក្ដី​សុខ​ និង​សុវត្ថិភាព​ កុំ​ឱ្យ​រស់​នៅ​ដោយ​ភាព​ភ័យខ្លាច​​ ៕​