ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សូត្រ​ ​ប៊ុន​​ធី ​ធ្វើ​​ឱ្យ​ ​អ៊ែល​ យ៉ែស​ ​ចាញ់​​ការ​​ប្រកួត​​ទាំង​​មិន​​អស់​​ចិត្ត​​​ ខណៈ​ ​សួង ​​បញ្ញា​ ​រង​​របួស​​បាក់​​ស្មង​​ជើង​ស្តាំ

12 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ ៖ នៅ​ក្នុង​ព្រឹត្តិ​ការណ៍​នៃ​ការ​ប្រកួត​ប្រដាល់​​ដណ្តើម​ខ្សែ​ក្រវាត់​ K-cement ទម្ងន់​៥៤​គីឡូ​ក្រាម នៅ​លើ​សង្វៀន​CTN កាលពី​រសៀល​ថ្ងៃ​​អាទិត្យ​ទី​១៦ មិថុនា ​កន្លង​មក​នេះ ​សូត្រ ​ប៊ុនធី ​មកពី​ក្លិប​បក្សី​ស្លាប​ដែក​ បាន​ធ្វើ​ឱ្យ​អ៊ែល យ៉ែស មកពី​ក្លិប​អេ​ភូ​ថង​កីឡា​ ចាញ់​ការ​ប្រកួត​ដោយ​ពិន្ទុ​ទាំងមិន​អស់ចិត្ត ។

រាជ​ធានី​ភ្នំពេញ ៖ នៅ​ក្នុង​ព្រឹត្តិ​ការណ៍​នៃ​ការ​ប្រកួត​ប្រដាល់​​ដណ្តើម​ខ្សែ​ក្រវាត់​ K-cement ទម្ងន់​៥៤​គីឡូ​ក្រាម នៅ​លើ​សង្វៀន​CTN កាលពី​រសៀល​ថ្ងៃ​​អាទិត្យ​ទី​១៦ មិថុនា ​កន្លង​មក​នេះ ​សូត្រ ​ប៊ុនធី ​មកពី​ក្លិប​បក្សី​ស្លាប​ដែក​ បាន​ធ្វើ​ឱ្យ​អ៊ែល យ៉ែស មកពី​ក្លិប​អេ​ភូ​ថង​កីឡា​ ចាញ់​ការ​ប្រកួត​ដោយ​ពិន្ទុ​ទាំងមិន​អស់ចិត្ត ។

សូត្រ​ ប៊ុនធី ​និង អែ៊ល យ៉ែស ​ស្ថិត​ក្នុង​ពូល​A ជាមួយ​គ្នា​​ហើយ​​សម្រាប់​ការ​ជួប​គ្នា​លើក​ទី​១​នេះ​សូត្រ ​ប៊ុន​ធី ​មាន​សំណាង​​រក​​បាន​៣​ពិន្ទុ បន្ទាប់​ពី​ឃឹម បូរ៉ា ​មកពី​ក្លិប​រស្មី​ភូមិ​គាប ​រក​បាន​៣​ពិន្ទុ​មុនគេ​ដោយ​​ការ​ប្រកួត​ឈ្នះ​ ចេង រិទ្ធី មក​ពី​ក្លិប​សាល​វ័ន្ត​កីឡា​កាលពី​សប្តាហ៍​មុន ​។ សូត្រ ប៊ុន​ធី ​មាន​ប្រៀប​ជាង​អែ៊ល យ៉ែស ​​ដាច់​​ខាង​ផ្នែក​កម្ពស់ ​ប៉ុន្តែ​អ៊ែល យ៉ែស ​​ហាក់​មិន​កោត​ញញើត​បន្តិច​​ណាឡើយ​ ។ គ្រាន់​តែ​ការ​ប្រកួត​ចាប់​ផ្តើម​ភ្លាម​​គេ​​​សម្រុក​​ចូល​កៀក​​វាយ​តម្រង់​មុខ​និង​ពោះ​ទឹក​​គូ​ប្រកួត​​ ប៉ុន្តែ​មិន​ទទួល​បាន​​ផល​ឡើយ ដោយ​សារត្រូវ​សូត្រ ប៊ុនធី ​ធាក់​ចេញ​មិន​ឱ្យ​ចូល​កៀក​បាន​ឡើយ ​។

​​ផ្ទុយ​ទៅ​វិញ​​​ពេល​គេ​​​​ចូល​កៀក​ម្តងៗ​បែរជា​ត្រូវ​សូត្រ ប៊ុន​ធី ​វាយ​កែង​ចូល​​​មុខ​និង​ក្បាល​​ពេញ​ទំហឹង​​បណ្តាល​ឱ្យ​​​គេ​ធ្លាក់​ក្នុង​ស្ថា​ន​ភាព​មិន​ស្រួល​ម្តងៗ​​​ទៀត​ផង។ ​សរុប​សេច​ក្តី​ទៅ​ចាប់​តាំង​ពី​​ទឹក​ទី​១​រហូត​ដល់​ទឹក​ទី​៥​ បើ​ទោះ​ជា​អ្នក​ប្រដាល់​​មាឌ​តូច​ចិត្ត​​ធំ​​ អ៊ែល យ៉ែស ​​ខំ​​ប្រឹង​​វាយ​បក​សង​វិញ​លើ​សូត្រ​ ប៊ុន​ធី ​យ៉ាងណា​ក៏ដោយ​​ក៏​មិន​ទទួល​​​បាន​​​ផល​​ដែរ ​ទើប​ចុង​ក្រោយ​គេ​ត្រូវ​ចាញ់​ពិន្ទុ​ទាំង​មិន​អស់​ចិត្ត ​។

ចំណែក​ការ​​ប្រកួត​ជាលក្ខណៈ​មិត្ត​ភាពវិញ​ គូ​ពិសេស​ទី​៤​ទទួល​ការចាប់​អារម្មណ៍​ខ្លាំង​ជាងគេ​​។ ​ ​អ្វី​ដែល​ធ្វើ​ឱ្យ​គេ​ចាប់​អារម្មណ៍​​នោះ​​មិន​មែន​គូ​នេះ​​វាយ​គ្នាក្នុង​លក្ខណៈ​ស៊ី​សាច់​ហុត​ឈាម​​ឡើយ ​ប៉ុន្តែ​​ការ​រង​របួស​​បាក់​ស្មង​ជើងស្តាំ​របស​់​កីឡាករ​​សួង បញ្ញា ​​​មក​ពី​មជ្ឈ​មណ្ឌល​​កី​ឡា​​នៃកង​យោធ​ពល​ខេម​រ​ភូមិន្ទ​ ​ទៅ​វិញ​ទេ​​ដែល​ធ្វើ​ឱ្យ​ទស្ស​និក​ជន​​ញាក់​សាច់​នោះ ។ ​​នៅទឹក​ទី១​​សួង បញ្ញា បាន​ប្រើ​ជើង​ស្តាំ​របស់​គេ​ទាត់​​ទៅ​លើ​សល់ អាម៉ា​ ​ ​កីឡា​ករ​មកពី​ក្លិប​អាស៊ីកីឡា​​ ប៉ុន្តែ​ចៃ​ដន្យ​សល់ ​អាម៉ា ​លើក​ជើង​​​រង​​បណ្តាល​ឱ្យ​ប៉ះ​​ជា​​មួយ​ជង្គង់​​របស់​គេ​ ទើប​ធ្វើ​ឱ្យ​ស្មង​ជើង​សួង បញ្ញា​ រង​​របួស​​ជា​ទម្ងន់​​ប្រកួត​លែង​កើត​​តែ​ម្តង ​។

ភ្លាមៗ​នោះ​លោក​គ្រូ​​​ពេ​ទ្យ​ប្រចាំ​សង្វៀន​មិន​ទាន់​ហ៊ាន​ប្រាប់​ថា ​ជើង​របស់​សួង ​បញ្ញា ​​បាក់​ឬ​យ៉ាងណា​នោះ​ទេ ​ប៉ុន្តែ​ក្រោយ​ពី​បាន​នាំ​យក​ទៅ​ពិនិត្យ​នៅ​មន្ទីរ​ពេទ្យ​ ទើប​ដឹង​ថា​បាក់ ។ ​ឥឡូវ​នេះ​ខាង​ CTN បាន​នាំ​យក​កីឡាករ​រូប​នេះ​ទៅ​សម្រាក​នៅ​មន្ទីរ​ពេទ្យ​កាល់​ម៉ែត្រ ​ដោយ​ចេញ​​ថ្លៃ​ព្យា​បាល​​​ឱ្យ​ចំនួន​៥០០​ដុល្លារ​​សហ​រដ្ឋ​​អាមេរិក​ ។

លោក​វេជ្ជ​បណ្ឌិត​ឆឹង ​យ៉ៅយ៉េន​ អនុប្រធាន​សហ​ព័ន្ធ​កីឡា​ប្រដាល់​​កម្ពុជា ​និងជា​អនុ​ប្រធាន​​មន្ទីរ​ពេទ្យ​មិត្ត​ភាព​ខ្មែរ​-សូវៀត​​​ បាន​ប្រាក់​កោះ​សន្តិ​ភាព​​ថា ​រឿង​សួង ​​បញ្ញា ​រង​​របួស​បាក់​ជើង​​នាំ​យក​ទៅ​សម្រាក​​នៅ​មន្ទីរ​ពេទ្យ​មួយណា​នោះ​មិន​មាន​អ្នក​ណា​រា​យ​ការណ៍​​​ប្រាប់​លោក​ឱ្យ​បាន​​ដឹង​ទាន់​ពេល​វេលា​នោះ​ទេ ​ទាល់​តែ​លោក​​ទូរស័ព្ទ​ទៅសួរ​ទើបដឹងថា ​គេ​បាន​នាំ​យក​សួង បញ្ញា ​​ទៅ​សម្រា​ក​​​​ព្យា​បាល​របួស​​នៅ​មន្ទីរ​ពេទ្យ​កាល់​ម៉ែត​ ឯ​រឿង​ថ្លៃ​ព្យា​បាល​ខាង​ក្រុម​ហ៊ុន​ឧបត្ថម្ភ​កម្មវិធី​ប្រកួត​​ជា​​​អ្នក​ចេញ​ទាំងអស់​ ។

នៅ​លើ​សង្វៀន​ដដែល​កី​ឡា​ករ​រឿម វណ្ណៈ មកពី​សមាគម​កីឡា​ប្រដាល់​ក្រសួង​ការ​ពារ​ជាតិ​ឈ្នះ​ពិន្ទុ​​កីឡាករ​​លួន សុខ​ខេង ​មកពី​ក្លិប​សិង្ហ​កីឡា​ ។ កីឡាករ​សុខ សុវណ្ណ មកពី​ក្លិប​កងពល​តូច​លេខ​៣១​ ឈ្នះ​ពិន្ទុ​កីឡាករ​ផាន់ សារុន ​មកពី​ក្លិប​ព្រះ​ខ័ន​រាជ ៕