ខេត្តបន្ទាយមានជ័យ ៖ នគរបាលការពារព្រំដែនគោកវរសនាតូចលេខ៨០៧ សហការជាមួយនគរបាលការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្ត បានបង្ក្រាបទីតាំងសង្ស័យចែកចាយគ្រឿងញៀន និងឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ក្នុងរយៈពេល២ថ្ងៃ និងប្រមូលបានវត្ថុតាងថ្នាំញៀន ព្រមទាំងឧបករណ៍សេពថ្នាំញៀនមួយចំនួនកាលពីព្រលប់ថ្ងៃទី១៤មិថុនា និងព្រឹកថ្ងៃទី១៥ មិថុនា នៅភូមិដងរែក ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ។
ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួននេះ ម្នាក់ឈ្មោះ ប៊ុន ព្រែក ភេទប្រុស អាយុ៣០ឆ្នាំ មានទីលំនៅក្នុងភូមិសាមគ្គី ឃុំគោករមៀត ស្រុកថ្មពួក និងម្នាក់ទៀត ឈ្មោះ អេង សុភាព ភេទស្រី អាយុ៣៩ឆ្នាំ មានទីលំនៅក្នុងភូមិដងរែក ឃុំបន្ទាយឆ្មារ ។ ក្នុងការបង្រ្កាបមុខសញ្ញាជនសង្ស័យទាំងពីរនាក់ខាងលើ សមត្ថកិច្ចចម្រុះដកហូតបានថ្នាំញៀនប្រភេទមេតំហ្វេតាមីន មានអក្សរ WY ពណ៌ផ្កាឈូកចំនួន២១៣គ្រាប់ និងពណ៌បៃតង២គ្រាប់ សរុប២១៥គ្រាប់ និងឧបករណ៍សេពថ្នាំញៀនមួយចំនួនទៀត ព្រមទាំងដកហូតម៉ូតូម៉ាកវេ៉វ សេ៊រី២០០៤ មួយគ្រឿង និងទូរស័ព្ទ៤គ្រឿង ។
លោក ប្រាក់ សាំ មេបញ្ជាការវរសេនាតូចលេខ៨០៧ បានប្រាប់ថា ការបង្រ្កាបមុខសញ្ញា ខាងលើ គឺធ្វើឡើងបន្ទាប់ពីស្រាវជ្រាវ និងតាមដានជាយូរថ្ងៃមកហើយ ។ ការបង្ក្រាបនេះ អនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ត្រី ខេង ស៊ុម ស្នងការនគរបាលខេត្ត និងមានការសម្របសម្រួលបញ្ជាពីលោកផាន់ ភីរម្យ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត ។ លោកប្រាក់ សាំ បន្តថា ការបង្ក្រាបនេះធ្វើឡើង២ថ្ងៃជាប់គ្នាគឺនៅវេលាព្រលប់ថ្ងៃទី១៤ មិថុនា ឃាត់ខ្លួនជនសង្ស័យឈ្មោះ ប៊ុន ព្រែក ដកហូតបានថ្នាំញៀន១៦៣គ្រាប់ ឧបករណ៍សេពថ្នាំញៀនមួយចំនួន ទូរស័ព្ទ៤គ្រឿង និងម៉ូតូ១គ្រឿង ។
លុះក្រោយការសួរនាំទើបក្តាប់បានមុខសញ្ញាក៏បន្តឃាត់ខ្លួនជនសង្ស័យម្នាក់ទៀតនៅព្រឹកថ្ងៃទី១៥ មិថុនា គឺឈ្មោះ អេង សុភាព ដោយបានដកហូតថ្នាំញៀន៥២គ្រាប់ ទូរស័ព្ទ២គ្រឿង និងឧបករណ៍សេពថ្នាំញៀនមួយចំនួននៅក្នុងភូមិ ឃុំដដែល ។ លោកមេបញ្ជាការបានប្រាប់ថា ជនសង្ស័យនិងវត្ថុតាងក្រោយធ្វើការសួរនាំរួច សមត្ថកិច្ចការិយាល័យប្រឆាំងគ្រឿងញៀនបានបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តដើម្បីចាត់ការបន្ត ៕
ចែករំលែកព័តមាននេះ