រាជធានីភ្នំពេញ ៖ យុវជន២ក្រុមចូលផឹកស៊ីក្នុងហាងមួយដែលក្រុមមួយមានគ្នា៤ទៅ៥នាក់ ចំណែកក្រុមមួយទៀតមានគ្នា៣នាក់បានទៅអង្គុយផឹកស៊ីក្នុងហាងដែលមានតែ២តុ ក្នុងនោះក្រុមគ្នា៣នាក់មាននារីជាអ្នកចាក់ស្រាឱ្យ ព្រោះត្រូវជាសង្សាររបស់គេ ។ បុ៉ន្តែមួយក្រុមទៀតដែលមានគ្នាច្រើនបែរជាអត់មាននារីចាក់ស្រាឱ្យ ក៏បានបង្កអំពើហិង្សាដោយកាប់មកលើក្រុមម្ខាងទៀត ក្រោយពេលឈប់ការផឹកស៊ី។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃទី១៦ មិថុនា នៅហាងក្នុងភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។
ប្រភពព័ត៌មានពីជនរងគ្រោះបានឱ្យដឹងថា មុនពេលកើតហេតុ ពួកគេមានគ្នា៣នាក់ចូលទៅផឹកស៊ីក្នុងហាងស្ថិតនៅទល់មុខកន្លែងធ្វើការ ។ ស្របពេលចូលទៅដល់ក្នុងហាងនោះ ក៏មានភ្ញៀវមួយក្រុមទៀតមានគ្នា៤ទៅ៥នាក់បានអង្គុយផឹកស៊ីនៅក្នុងហាងនោះដែរ រីឯក្នុងហាងនោះទៀតសោតគឺមានភ្ញៀវតែ២តុប៉ុណ្ណោះ ។ ប្រភពបន្តថា តុរបស់គេមាននារីជាសង្សារម្នាក់ជាអ្នកចាក់ស្រាបៀរនៅក្នុងហាងនោះ ។ ប៉ុន្តែពេលឃើញនារីជាសង្សារចេះតែចាក់ស្រាឱ្យក្រុមជន៤ទៅ៥នាក់នោះ មិត្តភក្តិដែលជាសង្សារនោះបានប្រាប់នារីជាសង្សារឱ្យឈប់ទៅចាក់ស្រាឱ្យពួកនោះទៀត ព្រោះតែប្រចណ្ឌ ។
ប្រភពដដែលបន្តទៀតថា ពេលនោះមិនមានរឿងរ៉ាវអ្វីកើតឡើងទេ លុះដល់ម៉ោងជិតបិទទ្វារហាងទៅហើយ ក្រុមយុវជនមានគ្នា៤ទៅ៥នាក់ក៏បានហៅគិតលុយ រួចនាំគ្នាដើរចេញ បន្ទាប់មកក៏បានស្ទុះទៅកាប់មកលើយុវជនម្នាក់ជាសង្សារនារីចាក់ស្រាបៀរ បណ្តាលឱ្យត្រូវចំពីខាងក្រោយរងរបួសធ្ងន់២នាក់ រួចហើយក្រុមជនទាំងនោះបាននាំគ្នាជិះម៉ូតូគេចទៅបាត់អស់ ។ ជនរងគ្រោះឈ្មោះ យ៉ែម អាយុ២៣ឆ្នាំ ជាកម្មករដាំផ្កាលក់ ស្នាក់នៅជិតកន្លែងកើតហេតុខាងលើ មានស្រុកកំណើតឃុំអណ្តូង ស្រុករមាសហែក ខេត្តស្វាយរៀង របួស២ពូថៅ ដោយកាប់ចំកញ្ចឹងក និងរយះលើភ្នែករហូតដល់ច្រមុះ ។ ចំណែកបុរសម្នាក់ទៀតឈ្មោះ ឈុន គាល អាយុ២៣ឆ្នាំ មុខរបរនិងស្នាក់នៅជាមួយគ្នា មានស្រុកកំណើតនៅឃុំបុរីជលសា ខេត្តតាកែវ រងរបួសក្បាលពីខាងក្រោយចំហៀងខាងឆ្វេង ដោយសារជនបង្កកាប់ត្រូវចំនួន២ពូថៅ ។ ជនរងគ្រោះទាំងពីរនាក់ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យព្រះកុសុមៈ ។
ក្រោយពេលកើតហេតុ នគរបាលប៉ុស្តិ៍ភ្នំពេញថ្មីបានចុះទៅដល់កន្លែងកើតហេតុ ប៉ុន្តែម្ចាស់ហាងបានបិទទ្វារ មិនបានសហការជាមួយសមត្ថកិច្ចទេ ហាក់ដូចជាព្យាយាមលាក់បាំងការពិត ។ ទោះបីជាបែបណា សមត្ថកិច្ចកំពុងស្រាវជ្រាវបន្តទៀត ដើម្បីរកក្រុមជនដៃដល់ខាងលើនោះ ៕
ចែករំលែកព័តមាននេះ