ខេត្តបាត់ដំបង ៖ សមត្ថកិច្ចមិនទាន់ផ្ដល់ព័ត៌មានជាក់លាក់ណាមួយ អំពីអាជ្ញាប័ណ្ណស្របច្បាប់ ដែលបានផ្ដល់សិទ្ធិឲ្យកាស៊ីណូមួយនៅស្រុកសំពៅលូនបើកភ្នាល់ល្បែងគ្រប់ប្រភេទនៅឡើយទេ រហូតដល់ពេលនេះ ក្រោយពីបែកធ្លាយសំបុកល្បែងដ៏អាវ៉ាសែពីក្នុងកាស៊ីណូនេះ ដែលគេសង្ស័យថា បើកដំណើការដោយមិនស្របច្បាប់ ។ ប៉ុន្តែលោកឧត្តមសេនីយ៍ត្រី ជេត វណ្ណនី ស្នងការរងខេត្តបានមានប្រសាសន៏ថា «លោកស្នងការខេត្ត បាននិងកំពុងមានវិធានការចេញបញ្ជាឲ្យមន្ត្រីជំនាញចុះធ្វើការស្រាវជ្រាវហើយ» ។
លោកឧត្តមសេនីយ៍ត្រី ជេត វណ្ណនី បានថ្លែងប្រាប់កោះសន្តិភាព កាលពីព្រឹកថ្ងៃទី១៨ វិច្ឆិកាថា កន្លងមក
«លោកមិនដឹងថា កាស៊ីណូនៅស្រុកសំពៅលូនមួយនេះបើកដំណើរការទេ ហើយក៏មិនដឹងថា មានអាជ្ញាប័ណ្ណស្របច្បាប់ដែរ បើគ្មានការចុះផ្សាយតាមសារព័ត៌មាន ។ ព្រោះកន្លងមកឃើញកាស៊ីណូមួយនេះមានសភាពស្ងប់ស្ងាត់ពេក» ។ លោកស្នងការរងបានប្រាប់ថា «ពេលនេះលោកស្នងការខេត្ត បានចេញបញ្ជាឲ្យមន្ត្រីមូលដ្ឋានធ្វើការស្រាវជ្រាវសួរនាំអំពីភាពស្របច្បាប់របស់កាស៊ីណូនេះហើយ» ។
ជុំវិញអំពីព័ត៌មាននានានៃ«កាស៊ីណូ» នៅស្រុកសំពៅលូននេះ គ្មាននរណាបានដឹងឬស្គាល់ឈ្មោះពិតប្រាកដទេ ។ មន្ត្រីខ្លះនិយាយថា វាមានលក្ខណៈបើកជាទីតាំងក្រុមហ៊ុនផង ជាលក្ខណៈកាស៊ីណូផង តែមានម្ចាស់ទីតាំងឈ្មោះ នី កន ហើយបច្ចុប្បន្នទំនងត្រូវបានម្ចាស់ទីតាំងជួលបន្ត ។ ប៉ុន្តែបើពិនិត្យនៅផ្នែកខាងមុខ នៃកាស៊ីណូនេះ គេឃើញមានសរសេរជាអក្សរឡាតាំង«PARIS CASINO» ។ ប្រភពពីមន្ត្រីបានឲ្យដឹងថា «កាស៊ីណូនេះ បើកដំណើរការដូចអំពិលអំពែកគឺម្ដងបិទម្ដងបើក ។ ប៉ុន្តែបានដំណើរការយ៉ាងស្ងាត់ស្ងៀមបំផុត មិនដឹងថា មានអាជ្ញាប័ណ្ណស្របច្បាប់ឬគ្មាននោះទេ» ។
ប្រភពដដែលបានប្រាប់ថា រយៈពេលជិត១ខែកន្លងទៅនេះ ហាក់មានការចម្លែកខ្លាំង ដោយសារមានប្រជាពលរដ្ឋខ្មែរចូលលេងច្រើនកកកុញ ។ ជាទូទៅបើមានភ្ញៀវបរទេសចូលលេង ជាពិសេសជនជាតិថៃ គឺពួកគេចូលតាមទ្វារមុខ ដែលមានយីហោ «CASINO» ។ ប៉ុន្តែមួយរយៈនេះគេឃើញភ្ញៀវសំរុកចូលលេងយ៉ាងពពាក់ពពូន តាមច្រកចំហៀងផ្នែកខាងជើង ដែលសុទ្ធតែជាប្រជាពលរដ្ឋខ្មែរតែម្ដង ។ មន្ត្រីរូបនេះបាននិយាយទៀតថា «បើតាមពិនិត្យជាក់ស្ដែង ក្រុមអ្នកញៀននឹងល្បែងទាំងនេះ ចូលទៅលេងល្បែងស៊ីសងគ្រប់ប្រភេទ នៅក្នុងរោងផ្នែកខាងក្រោយ នៃកាស៊ីណូ មិនមែនចូលទៅលេងខាងក្នុងកាស៊ីណូទេ ។ ព្រោះនៅផ្នែកខាងក្រោយ នៃកាស៊ីណូនេះក៏មានល្បែងអាប៉ោង បៀ ហ្គេមបាញ់ត្រី និងល្បែងបញ្ជល់មាន់
ដែរ «នេះជាល្បិចកន្ទេលធំបន្លំដេក» ។
បើតាមប្រភពពីអ្នកលេងល្បែងវិញ បានប្រាប់ថា «កន្លងមកនៅក្នុងកាស៊ីណូនេះ គ្មានល្បែងអាប៉ោង ឬសង្វៀនបញ្ជល់មាន់ស្អីទេ តែជិត១ខែកន្លងទៅនេះមានក្រុមមេល្បែងប៉ុន្មាននាក់ បានជួលទីតាំងកាស៊ីណូនេះមួយផ្នែកខាងក្រោយ ដើម្បីបើកល្បែងអាប៉ោង បៀ និងបើកសង្វៀនមាន់» ។ ប្រភពដដែលបានបញ្ជាក់ថា ដំបូងឡើយមេល្បែងនេះ បានបើកលេងអាប៉ោងចល័តនៅតាមភូមិនិងតាមចំការ តែដោយសារមានការរំខានពីអ្នកសារព័ត៌មានពេក ទើបក្រុមនេះសម្រេចជួលរោងទីតាំងកាស៊ីណូមួយកំណាត់ក្រោយ ដើម្បីជ្រកនិងធ្វើជាខែលបិតបាំង ។ ការចូលជ្រកក្នុងរោងខាងក្រោយកាស៊ីណូនេះ ក៏មានការណែនាំឬផ្ដល់សញ្ញាភ្លើងខៀវពីសមត្ថកិច្ចនៅក្នុងស្រុកនេះដែរ ទើបអាចដំណើរការបាន ព្រោះវាជារឿង «កន្ទេលធំបន្លំដេកយ៉ាងរំភើយ…» ។
ជុំវិញការរីករាលដាល នៃល្បែងស៊ីសងគ្មានច្បាប់ទម្លាប់ដោយគ្មានការទប់ស្កាត់ឬបង្ក្រាបនេះ មើលទៅហាក់ផ្គើនយ៉ាងខ្លាំងទៅនឹងសេចក្ដីណែនាំ ឬបទបញ្ជារបស់សម្ដចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលសម្ដេចតែងក្រើនរំលឹកជារឿយៗដល់អាជ្ញាធរខេត្តនិងសមត្ថកិច្ចគ្រប់ស្ថាប័នពាក់ព័ន្ធឲ្យមានចំណាត់ការចាំបាច់ ចំពោះល្បែងស៊ីសងគ្មានច្បាប់នេះ ។ មិនតែប៉ុណ្ណោះសម្ដេចក្រឡាហោមថែមទាំងបានចេញបញ្ជាឲ្យចាប់ខ្លួនមន្ត្រីទាំងឡាយណាដែលឈរកាងល្បែងទៀតផងដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ ។ប៉ុន្តែផ្ទុយទៅវិញ សមត្ថកិច្ចមិនត្រឹមតែគ្មានវិធានការទប់ស្កាត់ឬចុះបង្ក្រាបទេ«បច្ចុប្បន្នមានមន្ត្រីខិលខូច និងមន្ត្រីមានអំណាចមួយចំនួនបានកំពុងធ្វើជាខ្នងបង្អែកយ៉ាងរឹងមាំជាមួយនឹងបទល្មើសល្បែងស៊ីសងនេះយ៉ាងព្រហើយទៀតផង ។
ជាក់ស្ដែងលោកអធិការស្រុកសំឡូត ត្រូវគេសង្ស័យថា បានស្ថិតនៅពីក្រោយយ៉ាងស្និទ្ធ ជាមួយនឹងមេកន្ទុយលេខ (កាងមេឆ្នោត)ពេលដែលកម្លាំងស្នងការខេត្តចុះបង្ក្រាបមេកន្ទុយលេខចំនួន៤ទីតាំង កាលពីពេលកន្លងទៅថ្មីៗនេះ» ។ ប៉ុន្តែសំណុំរឿងនេះមិនត្រូវបានថ្នាក់ដឹកនាំដាក់ពិន័យឬចាត់ការតាមនីតិវិធីឡើយ គ្រាន់តែបញ្ចប់ត្រឹមធ្វើកិច្ចសន្យាជាមួយការិយាល័យបុគ្គលិកតែប៉ុណ្ណោះ «រីឯមេកន្ទុយលេខ៤នាក់ ត្រូវជាប់
គុក» ។
ជុំវិញបនល្បែងស៊ីសងយ៉ាងគគ្រឹកគគ្រេង ដែលកំពុងជ្រកក្រោមកន្ទុយស្លាកកាស៊ីណូ នៅស្រុកសំពៅលូន ខាងលើនេះ គេមិនទាន់ដឹងថា តើអាជ្ញាធរខេត្តនិងសមត្ថកិច្ចគ្រប់ស្ថាប័ន ត្រូវមានវិធានការបែបណានៅឡើយទេ ? មហាជននៅតែមានការព្រួយបារម្ភអំពីចំណាត់ការនេះ ។ ព្រោះបើតាមព័ត៏មានថា «មេល្បែងដែលមានមុខដដែលៗនោះ មានទំនាក់ទំនងយ៉ាងស្និតជាមួយអាជ្ញាធរនិងសមត្ថកិច្ចក្នុងស្រុកសំពៅលូននេះទៀតផង» ។ ប៉ុន្តែយ៉ាងណាក្តី បើតាមលោកឧត្តមសេនីយត្រី ជេត វណ្ណនី ស្នងការរងខេត្ត បានបញ្ជាក់ប្រាប់ថា «មន្ត្រីជំនាញកំពុងធ្វើការស្រាវជ្រាវសួរនាំអំពីរឿងនេះហើយ» ។ លោកស្នងការរងបានបញ្ជាក់បន្ថែមថា «ប្រសិនបើបនល្បែងជ្រកក្រោមរោងកន្ទុយកាស៊ីណូនោះ ពិតជាគ្មានច្បាប់មែន លោកនឹងសុំគោលការណ៍ថ្នាក់ដឹកនាំ ដើម្បីបង្ក្រាបតែម្ដង ៕

ចែករំលែកព័តមាននេះ