រាជធានីភ្នំពេញ ៖ គណៈប្រតិភូរបស់ខេត្តយូណាន ប្រទេសចិន បានធ្វើទស្សនកិច្ចជាផ្លូវការ ដើម្បីស្វែងយល់ និងផ្លាស់ប្តូរបទពិសោធន៍លើការងារ ពីយន្តការកិច្ចសហប្រតិបត្តិការលើវិស័យពុករលួយ ជាមួយអង្គភាពប្រឆាំងអំពើពុករលួយកម្ពុជា ។
លោក Lei gang សមាជិកអចិន្ត្រៃយ៍ នៃគណៈត្រួតពិនិត្យកិច្ចការរដ្ឋចិន ខេត្តយូណាន ប្រទេសចិន នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ បានដឹកនាំគណៈប្រតិភូទស្សនកិច្ច នៅអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ដោយទទួលការស្វាគមន៍ពីលោក យន់ ស៊ីណាត អនុប្រធានអង្គភាពប្រឆាំងអពើពុករលួយ តំណាងកិត្តិនីតិកោសលបណ្ឌិតទេសរដ្ឋមន្ត្រី ឱម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ នៃព្រះរាជាណាចក្រកម្ពុជា ។
បន្ទាប់ពីស្វាគមន៍រួច លោក ជា សំអាត អគ្គនាយកប្រតិបត្តិការ នៃអង្គភាពប្រឆាំងអំពើពុករលួយ បានជួបពិភាក្សាការងារជាមួយគណៈប្រតិភូមកពីខេត្តយូណាន ប្រទេសចិន។ នៅក្នុងជំនួបពិភាក្សាការងារលោក ជា សំអាត បានលើកឡើងថា អង្គភាពប្រឆាំងអំពើពុករលួយ មានបេសកកម្មប្រយុទ្ធប្រឆាំងអំពើពុករលួយគ្រប់រូបភាព គ្រប់វិស័យ និងគ្រប់ជាន់ថ្នាក់នៅទូទាំងប្រទេសកម្ពុជា តាមរយៈវិធានការអប់រំ បង្ការ ទប់ស្កាត់ និងអនុវត្តច្បាប់បង្ក្រាបបទល្មើសពុករលួយដោយមានការចូលរួមពីសាធារណៈជន និងប្រតិបត្តិបការ ។
ក្នុងជំនួបនោះដែរ លោកលើកឡើងអំពីរចនាសម្ព័ន្ធ នៃស្ថាប័នប្រឆាំងអំពើពុករលួយ និងភារកិច្ចរបស់ក្រុមប្រឹក្សាជាតិ ប្រឆាំងអំពើពុករលួយ អង្គភាពប្រឆាំងអំពើពុករលួយ ចំណុចសំខាន់ៗ នែច្បាប់ ស្តីពីការប្រឆាំងអំពើពុករលួយ ដែលពាក់ព័ន្ធនឹងអំណាចស៊ើបអង្កេតរបស់ អ.ប.ព. ព្រមទាំងយន្តការប្រឆាំងអំពើពុករលួយនៅកម្ពុជា ដែលផ្តោតលើការងារសំខាន់បី គឺការងារអប់រំ ការងារបង្ការទប់ស្កាត់ និងការបង្ក្រាប និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដែលជាសមត្ថកិច្ចផ្តាច់មុខរបស់ អ.ប.ព. ។
ចំណែកលោក Lei gang សមាជិកអចិន្ត្រៃយ៍ នៃគណៈត្រួតពិនិត្យកិច្ចការរដ្ឋចិន ខេត្តយូណាន បានបង្ហាញក្តីរំភើបរីករាយ ដែលទទួលបានការចែករំលែកបទពិសោធន៍ ពីអង្គភាពប្រឆាំងអំពើពុករលួយ ។
លោកបន្តថា គណៈត្រួតពិនិត្យកិច្ចការរដ្ឋចិន ខេត្តយូណាន នឹងពង្រឹងកិច្ចសហប្រតិបត្តិការប្រឆាំងអំពើពុករលួយឲ្យកាន់តែស៊ីជម្រៅបន្ថែមទៀតជាមួយភាគីកម្ពុជា ។
សូមជម្រាបថា គណៈប្រតិភូខេត្តយូណាន នៃប្រទេសចិន មកបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេសកម្ពុជា ចាប់ពីថ្ងៃទី២២ ដល់២៥ ខែមេសា ឆ្នាំ២០២៥ ក្នុងគោលបំណងសំខាន់ៗ ចំនួន៤ រួមមាន ៖ ទី១. ចែករំលែកបទពិសោធន៍របស់ប្រទេសចិន និងខេត្តយូណាន ក្នុងការត្រួតពិនិត្យរដ្ឋាភិបាលស្អាតស្អំ និងការធ្វើនវានវត្តន៍ប្រព័ន្ធគ្រប់គ្រង ។ ទី២. ផ្លាស់ប្តូរស៊ីជម្រៅជាមួយនាយ កដ្ឋានពាក់ព័ន្ធ និងថ្នាក់ដឹកនាំរបស់អង្គភាពប្រឆាំងអំពើពុករលួយស្វែងយល់ពីយន្តការកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យស៊ីបអង្កេតករណីពុករលួយឆ្លងដែន និងការបណ្តុះបណ្តាលមន្ត្រី ។ ទី៣. ជំរុញការរៀបចំគម្រោង អំពីការសាងសង់ស្អាតស្អំ «ខ្សែរក្រវាត់ និងផ្លូវ» រួមគ្នា ដើម្បីបម្រើ ដល់ការអភិវឌ្ឍសេដ្ឋកិច្ចក្នុងតំបន់ប្រកបដោយគុណភាពខ្ពស់ និងទី៤.ផ្លាស់ប្តូរបទពិសោធន៍ផ្លូ វការ ជាមួយរដ្ឋបាលថ្នាក់ខេត្ត និងមន្ទីរអធិការកិច្ច ដែលកិច្ចសហប្រតិបត្តិការរវាងប្រទេសចិន និងកម្ពុជាឲ្យមានភាពជិតស្និទ្ធ ។
ក្នុងដំណើរទស្សនកិច្ចនេះគឺជាទស្សនកិច្ចលើកទី៣ហើយ ដែលគណៈប្រតិភូមកកាន់ប្រទេសកម្ពុជា ដែលបង្ហាញថា ប្រទេសទាំងពីរនៅតែបន្តរក្សាបាន នូវចំណងមិត្តភាពដែកថែប ដ៏រឹងមាំ និងបានឈានដល់កម្រិតខ្ពស់ថ្មីមួយទៀត គឺ «កិច្ចសហប្រតិបត្តិការត្បូងពេជ្រ»៕
ចែករំលែកព័តមាននេះ