ទីក្រុងញូដេលី៖ នៅថ្ងៃនេះ ប្រទេសឥណ្ឌាចាប់ផ្ដើមពង្រឹងសន្តិសុខជាតិរបស់ខ្លួនយ៉ាងសម្បើមក្រោយហេតុការណ៍វាយប្រហារដោយអំពើភេរវកម្មពីសំណាក់ក្រុមចលនាឈ្មោះរណសិរ្យតស៊ូ (Resistance Front) ដែលប្រកាសថានេះជាស្នាដៃរបស់ខ្លួន។ ថ្វីដ្បិតហេតុការណ៍នេះកើតឡើងនៅកាស់ស្មៀដែលស្ថិតនៅឆ្ងាយដាច់ស្រយាលនៃតំបន់ជួរភ្នំហិមាល័យ ប៉ុន្តែព្រឹត្តិការណ៍នេះបង្កការភ័យខ្លាច និងស្លុតរន្ធត់យ៉ាងខ្លាំងមិនត្រឹមតែនៅឥណ្ឌាប៉ុណ្ណោះទេ ប៉ុន្តែនៅទូទាំងពិភពលោក។
នាយករដ្ឋមន្ត្រីឥណ្ឌាដែលកំពុងបំពេញទស្សនកិច្ចនៅអារ៉ាប៊ីសាអូឌីតសុខៗមិនទាន់ចប់ចុងចប់ដើមផងត្រូវតែប្រញាប់វិលត្រឡប់ទៅប្រទេសជាតិរបស់លោកវិញទាំងប្រញាប់ប្រញាល់។ ប្រភពខ្លះថាពេលវិលមកវិញ លោកម៉ូឌីបានហោះវាងដែនអាកាសប្រទេសប៉ាគីស្ថានដើម្បីថែរក្សាសុវត្ថិភាពផ្ទាល់ខ្លួន។ ឥឡូវនេះ ឥណ្ឌាដាក់ផែនការតាមប្រមាញ់ជនដៃដល់យ៉ាងដុតដៃដុតជើង។ លោកម៉ូឌីប្ដេជ្ញាថាត្រូវតែវែកមុខជនបង្ក និងចាប់យកទៅផ្ដន្ទាទោសឱ្យទាល់តែបានទោះក្នុងតម្លៃណាក៏ដោយ។
នៅល្ងាចថ្ងៃពុធ គេឃើញថាហាងលក់ទំនិញ និងអាជីវកម្មតូចធំភាគច្រើនត្រូវតែបង្ខំចិត្តបិទទ្វារជាបណ្ដោះអាសន្នដើម្បីប្រឆាំងនឹងអំពើភេរវកម្មនោះតបតាមការអំពាវនាវពីមេសាសនាធំៗនៅក្នុងតំបន់ផង និងពីបណ្ដាគណបក្សនយោបាយផង។ ចំណែកកងកម្លាំងប្រដាប់អាវុធរបស់ឥណ្ឌារាប់ម៉ឺននាក់ដែលមាននគរបាល ប៉េអឹម និងយោធាបានដាក់ពង្រាយយ៉ាងក្រាស់ឃ្មឹកនៅទូទាំងតំបន់កាស់ស្មៀ។ ក្រៅពីនេះ ពួកគេក៏បានដាក់ប៉ុស្តិ៍ឆែកឆេរកាន់តែច្រើនថែមទៀតដើម្បីពង្រឹងសន្តិសុខ។
អាជ្ញាធរអះអាងថានៅក្នុងចំណោមជនរងគ្រោះដែលស្លាប់ទាំង២៦នាក់នោះ ២៤នាក់ជាអ្នកទេសចរជនជាតិឥណ្ឌា។ ក្រៅពីនេះ មនុស្សយ៉ាងតិច១៧នាក់ទៀតរងរបួស។ គេទទួលដំណឹងថាទាហានឥណ្ឌាសម្រេចចិត្តបាញ់សម្លាប់ជនប្រដាប់អាវុធ២នាក់នៅក្នុងការបាញ់តដៃគ្នាមួយ។ ពេលនោះ អ្នកទាំង២ព្យាយាមដើរឆ្លងព្រំដែនពីតំបន់កាស់ស្មៀប៉ែកខាងប្រទេសប៉ាគីស្ថានចូលទៅក្នុងទឹកដីឥណ្ឌា។
កងសន្តិសុខជាតិរបស់ឥណ្ឌាចាប់ផ្ដើមពង្រីកប្រតិបត្តិការសឹករបស់ខ្លួនដើម្បីតាមប្រមាញ់ជនដៃដល់។ កងទ័ពឥណ្ឌាថ្លែងនៅក្នុងសេចក្ដីប្រកាសរបស់ខ្លួនថាខ្លួនកំពុងផ្ដោតសំខាន់ទៅលើការតាមចាប់ជនបង្កយកទៅផ្ដន្ទាទោស។ ពួកយោធាឥណ្ឌាប្រើប្រាស់ឧទ្ធម្ភាគចក្រដើម្បីហោះក្រវែលពីលើតំបន់ព្រៃភ្នំដើម្បីសង្កេតមើលក្រែងលោមានដាន ឬតម្រុយរបស់ជនដៃដល់។ ខាងលើនេះ ជាការដកស្រង់ប្រភពពីទីភ្នាក់ងារព័ត៌មានអេភី (AP), ដឹហ៊ីនឌូ (The Hindu) និងប្រភពដទៃទៀត៕
ចែករំលែកព័តមាននេះ