រាជធានីភ្នំពេញ ៖ រាជរដ្ឋាភិបាល នឹងបន្តលើកលែងពន្ធ ចំពោះអគារជាប់គាំងទាំងអស់ នៅក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ រហូតដល់ឆ្នាំ២០២៨ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលជាសេនាធិការរាជរដ្ឋាភិបាលកម្ពុជា ។
ការលើកលែងពន្ធនេះ គឺអនុវត្តតាម “កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤” របស់រាជរដ្ឋាភិបាល ។
បើតាមសេចក្តីជូនដំណឹងរបស់ក្រសួងសេដ្ឋកិច្ច ថ្ងៃ២៣ ខែមេសា ឆ្នាំ២០២៥ បានលើកឡើងថា ចំពោះអគារជាប់គាំងនៅក្នុងខេត្តព្រះសីហនុ រាជរដ្ឋាភិបាល បានសម្រេចបន្តផ្តល់ការលើកទឹកចិត្តបន្ថែម ដោយអនុញ្ញាតលើកលែងពន្ធលើអចលនទ្រព្យដូចមានកំណត់ក្នុង “កម្មវិធី ពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤” របស់រាជរដ្ឋាភិបាល ដែលនឹងផុតកំណត់នៅដំណាច់ឆ្នាំ២០២៥នេះ រហូតដល់ដំណាច់ឆ្នាំ២០២៨ សម្រាប់គម្រោងអគារជាប់គាំងនៅខេត្តព្រះសីហនុ ដែលបានសាងសង់ចាប់ពីឆ្នាំ២០១៦ ទោះបីជាបាន ឬមិនទាន់បានបញ្ចប់ការសាងសង់ក្នុងឆ្នាំ២០២៥ក្តី ក៏ដោយ ។
សេចក្តីជូនដំណឹងបន្តថា ការផ្តល់ការអនុគ្រោះនេះ មានវិសាលភាព គ្របដណ្តប់ចំពោះគម្រោងអគារជាប់គាំង ក្នុងខេត្តព្រះសីហនុដែលស្ថិត ឬមិនស្ថិតក្នុងក្របខ័ណ្ឌនៃ “កម្មវិធីពិសេស ជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤” ។
ទន្ទឹមនឹងនេះ ចំពោះគម្រោងអគារជាប់គាំង ដែលមិនទាន់ទទួលបានការសម្រួល និងលើកទឹកចិត្តផ្សេងៗទៀត រួមទាំងការលើកទឹកចិត្តផ្នែកពន្ធដារ តាមរយៈ “កម្មវិធីពិសេសជំរុញការ វិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤” របស់រាជរដ្ឋាភិបាល ម្ចាស់គម្រោងអាចដាក់ពាក្យស្នើសុំមកកាន់ក្រុមការងារជំរុញការវិនិយោគ ក្នុងខេត្តព្រះសីហនុ ដើម្បីទទួលបានការសម្រួល និងការលើកទឹកចិត្តផ្សេងៗទៀត ក្រៅពីការលើកលែងពន្ធលើអចលនទ្រព្យនេះ។ ការអនុគ្រោះនេះ ពុំមានអានុភាពប្រតិសកម្មចំពោះប្រាក់ពន្ធ រួមទាំងទណ្ឌកម្មរដ្ឋបាល (ពន្ធបន្ថែម និងការប្រាក់) ដែលបានបង់រួចហើយនោះទេ ៕

ចែករំលែកព័តមាននេះ