ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងពាណិជ្ជកម្ម​កម្ពុជា ៖ អា​មេ​រិ​ក​ដំឡើង​ពន្ធ​ជាង​៣,៥០០% លើ​បន្ទះ​សូ​ឡា​នាំ​ចូល​ពី​កម្ពុជា ពុំ​ពាក់ព័ន្ធ​នឹង​ពន្ធគយ​បដិការ​របស់​រដ្ឋបាល​លោក ដូ​ណា​ល់ ត្រាំ ឡើយ

16 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្ម​កម្ពុជា បាន​បញ្ជាក់​ថា ករណី​សហរដ្ឋអាមេរិក​ដាក់​ពន្ធ​លើ​ផ្ទាំង​សូ​ឡា​នាំ​ចូល​ពី​កម្ពុជា រហូត​ដល់ ៣,៥២១% ពុំ​មាន​ពាក់ព័ន្ធ​នឹង​ការ​អនុវត្ត​ពន្ធគយ​បដិការ​របស់​រដ្ឋបាល​លោក ដូ​ណា​ល់ ត្រាំ…

រាជធានី​ភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្ម​កម្ពុជា បាន​បញ្ជាក់​ថា ករណី​សហរដ្ឋអាមេរិក​ដាក់​ពន្ធ​លើ​ផ្ទាំង​សូ​ឡា​នាំ​ចូល​ពី​កម្ពុជា រហូត​ដល់ ៣,៥២១% ពុំ​មាន​ពាក់ព័ន្ធ​នឹង​ការ​អនុវត្ត​ពន្ធគយ​បដិការ​របស់​រដ្ឋបាល​លោក ដូ​ណា​ល់ ត្រាំ ដែល​បាន​ប្រកាស​កាលពីដើម​ខែមេសា ឆ្នាំ​២០២៥​នេះ​ឡើយ ។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងពាណិជ្ជកម្ម បាន​លើក​ឡើង​ថា នៅ​ថ្ងៃ​ទី​២១ ខែមេសា ឆ្នាំ​២០២៥ ក្រសួងពាណិជ្ជកម្ម​សហរដ្ឋអាមេរិក បាន​ចេញផ្សាយ​សេចក្តីសម្រេច​ចុង​ក្រោយ ក្នុង​ករណី​ស៊ើបអង្កេត​ឧបាស្រ័យ​ពាណិជ្ជកម្ម លើ​ការ​លក់​បង្អួច​ថ្លៃ និង​ការ​ឧបត្ថម្ភ​ធន​លើ​ផលិតផល​បន្ទះ​សូ​ឡា​នាំ​ចូល​ពី​កម្ពុជា​។ ករណី​ស៊ើបអង្កេត​ប្រឆាំង​នឹង​ការ​លក់​បង្អួច​ថ្លៃ និង​ការ​ឧបត្ថម្ភ​ធន​នេះ ជា​នីតិវិធី ដោយ​ផ្អែក​លើ​បណ្តឹង​របស់​ក្រុមហ៊ុន​ផលិត​បន្ទះ​សូ​ឡា ក្នុងស្រុក​របស់​សហរដ្ឋអាមេរិក ដែល​ព្រួយបារម្ភ​ចំពោះ​ការ​ប្រកួតប្រជែង​តម្លៃ នៃ​បន្ទះ​សូ​ឡា​នាំ​ចូល​ទៅ​លក់​លើ​ទីផ្សារ​សហរដ្ឋអាមេរិក ។

ករណី​ស៊ើបអង្កេត​នេះ បាន​ចាប់ផ្តើម​ឡើង​តាំងពី​ថ្ងៃ​ទី​២៦ ខែមេសា ឆ្នាំ​២០២៤ មក​ម្ល៉េះ ហើយ​ក្រសួងពាណិជ្ជកម្ម បាន​ធ្វើការ​សម្របសម្រួល​ជាមួយ​វិស័យ​ឯកជន​ពាក់ព័ន្ធ និង​ស្ថាប័នរដ្ឋ ដើម្បី​ចូលរួម​បំភ្លឺ​លើ​ចំណុច នៃ​ការ​ចោទ​ករណី​ខាងលើ​នេះ ។

ករណី​នេះ ពុំ​មាន​ពាក់ព័ន្ធ​នឹង​ការ​អនុវត្ត​ពន្ធគយ​បដិការ​របស់​រដ្ឋាភិបាល​សហរដ្ឋអាមេរិក ដែល​បាន​ប្រកាស​កាលពីដើម​ខែមេសា ឆ្នាំ​២០២៥ នេះ​ឡើយ ។

សូម​ជម្រាប​ផង​ដែរ​ថា សហរដ្ឋអាមេរិក កាលពី​ថ្ងៃ​ទី​២១ ខែមេសា ឆ្នាំ​២០២៥ បាន​កំណត់​ពន្ធ​ខ្ពស់​លើ​ការ​នាំ​ចូល​ផ្ទាំង​សូ​ឡា​ពី​ប្រទេស​នៅ​អាស៊ី​អាគ្នេយ៍ ចំនួន​៤ រួម​មាន ៖ កម្ពុជា វៀតណាម ថៃ និង​ម៉ា​ឡេ​ស៊ី ដោយ​អត្រា​ខ្ពស់​បំផុត រហូត​ដល់ ៣,៥២១% ខណៈ​ដែល​កម្ពុជា គឺជា​ប្រទេស​ជាប់ពន្ធ​លើ​ផ្ទាំង​សូ​ឡា​ខ្ពស់​ជាងគេ ។

សហរដ្ឋអាមេរិក បាន​បើក​ការ​ស៊ើបអង្កេត​រយៈពេល​មួយ​ឆ្នាំ លើ​ផលិតផល​ផ្ទាំង​សូ​ឡា ដែល​ផលិត​ក្នុង​ប្រទេស​កម្ពុជា ថៃ វៀតណាម និង​ម៉ា​ឡេ​ស៊ី គឺ​ចាប់តាំងពី​រដ្ឋបាល​លោក​ប្រធានាធិបតី​អា​មេ​រិ​ក លោក ចូ បៃ​ឌិន ក្រោយ​ក្រុម​អ្នក​ដាក់​ញត្តិ ដែល​ជា​គណៈកម្មាធិការ​ពាណិជ្ជកម្ម នៃ​សម្ព័ន្ធ​អា​មេ​រិ​ក​សម្រាប់​ការ​ផលិត​ផ្ទាំង​សូ​ឡា បាន​ចោទប្រកាន់​ក្រុមហ៊ុន​ផលិត​ផ្ទាំង​សូ​ឡា​របស់​ប្រទេស​ចិន ដែល​មាន​រោងចក្រ​ក្នុង​ប្រទេស​កម្ពុជា ថៃ វៀតណាម និង​ម៉ា​ឡេ​ស៊ី បាន​ទទួលផល​ប្រយោជន៍ ដោយ​អយុត្តិធម៌​ពី​ការ​ឧបត្ថម្ភ​ធន​ពី​រដ្ឋាភិបាល ដែល​នាំ​ឱ្យ​ការ​ផលិត​នាំ​ចេញ​ទៅ​អា​មេ​រិ​ក លក់​ក្នុង​អត្រា​ទាប​ជាង​តម្លៃ​ផលិត ។

យោង​តាម​នាយកដ្ឋាន​ពាណិជ្ជកម្ម​អា​មេ​រិ​ក បានឱ្យ​ដឹង​ថា ពន្ធ​ទូ​ទាំង​ប្រទេស ត្រូវ​បាន​កំណត់​ខ្ពស់​ដល់​ទៅ ៣,៥២១% លើ​ផ្ទាំង​សូ​ឡា​នាំ​ចូល​ពី​កម្ពុជា ដោយ​ក្រសួងពាណិជ្ជកម្ម​អា​មេ​រិ​ក បាន​បញ្ជាក់​ថា កម្ពុជា​រង​ពន្ធ​ខ្ពស់​ជាងគេ ដោយសារ​តែ​បញ្ឈប់​ការ​ចូលរួម​ក្នុង​ការ​ស៊ើបអង្កេត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ