ខេត្តកំពង់ស្ពឺ ៖ ក្រុមមុខសញ្ញាមេខ្លោងប្រើប្រាស់ចែកចាយរក្សាទុកនិងជួញដូរគ្រឿងញៀនយ៉ាងសកម្មចំនួន៦នាក់ក្នុងនោះមានខ្មែរឥស្លាមផងនោះ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុពន្លាតទឹកដី សហការបង្ក្រាបបានខណៈដែលពួកគេចរាចរណ៍ចំនួន០៣ខេត្តគឺខេត្តព្រះសីហនុ ខេត្តកំពង់ស្ពឺ និងខេត្តកំពត។
ការបង្ក្រាបក្រុមមេខ្លោងជួញដូរគ្រឿងញៀនធ្វើឡើងកាលពីវេលាម៉ោង០១និង៣០នាទីរសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ នៅក្នុងភូមិផ្សារស្លាបលែង ឃុំស្វាយរំពារ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ។
បើយោងតាមការឱ្យដឹងពីមន្ត្រីសមត្ថកិច្ចថា នៅមុនពេលឈានដល់ការបង្ក្រាបមេខ្លោងជួញដូរគ្រឿងញៀនខាងលើនេះ គឺកម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុឃាត់ជនសង្ស័យពាក់ព័ន្ធគ្រឿងញៀន ហើយបានឆ្លើយសារភាពថារូបគេបានទិញពីមេខ្លោងធំ នៅក្នុងស្រុកបសេដ្ឋ នៃខេត្តកំពង់ស្ពឺ បន្ទប់ពីទទួលបានចម្លើយរួចមក កម្លាំងសមត្ថកិច្ចខេត្តព្រះសីហនុ ក៏បានសុំសហការជាមួយកម្លាំងកងរាជអាវុធហត្ថស្រុកបសេដ្ឋ សហការជាមួយកម្លាំងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ និងខេត្តកំពត ចុះបង្ក្រាបទីតាំងប្រើប្រាស់និងចែកចាយដោយខុសច្បាប់នៅសារធាតុមាន នៅចំណុចភូមិផ្សារស្លាបលែង ឃុំស្វាយរំពារ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ នៅវេលាម៉ោង០១និង៣០នាទី ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន ខេត្តកំពង់ស្ពឺ ចំនួន០៣នាក់ មធ្យោបាយធ្វើដំណើររថយន្ត០១គ្រឿង ដឹកនាំដោយលោក វរសេនីយ៍ត្រី ទឹម ស៊ី នាយការិយាល័យប្រឆាំងគ្រឿងញៀន ខេត្តកំពង់ស្ពឺ សហការជាមួយ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថ ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ចំនួន០៣នាក់ មធ្យោបាយធ្វើដំណើររថយន្ត០១គ្រឿង ដឹកនាំដោយលោកវរសេនីយ៍ត្រី ស៊ូ ប៊ុនរឿន មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថ ស្រុកបរសេដ្ឋ សហការ ជាមួយកម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុចំនួន០៦នាក់ មធ្យោបាយធ្វើដំណើររថយន្ត០១គ្រឿង ដឹកនាំដោយលោក វរសេនីយ៍ត្រី ឡុង គឹមហួរ នាយការិយាល័យប្រឆាំងគ្រឿងញៀនខេត្តព្រះសីហនុ ពន្លាតសមត្ថកិច្ចដែនដី ទៅចំណុចភូមិផ្សារស្លាបលែង ឃុំស្វាយរំពារ ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ បង្ក្រាបករណី រក្សាទុក ជួញដូរ ចែកចាយដោយខុសច្បាប់នូវសារធាតុញៀន ជាក់ស្ដែងកម្លាំងសមត្ថកិច្ចយើងឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់( ស្រី០២) ៖
១-ឈ្មោះ ឌា រ៉នី ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរលក់ដូរ ស្នាក់នៅភូមិផ្សារស្លាបលែង ឃុំស្វាយរំពារ ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ។
២-ឈ្មោះ សាយ រ៉ាហ្សា ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរលក់ដូរ ស្នាក់នៅសង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។ ៣-ឈ្មោះ គង់ រស្មី ភេទស្រី អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ស្នាក់នៅភូមិផ្សារស្លាបលែង ឃុំស្វាយរំពារ ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ។ ៤-ឈ្មោះ ស៊ុន ឃឿន ភេទស្រី អាយុ៥៨ឆ្នាំ ជនជាតិខ្មែរ មុខរបរអនាម័យ ស្នាក់នៅភូមិផ្សារស្លាបលែង ឃុំស្វាយរំពារ ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ។
មន្ត្រីសមត្ថកិច្ចបានបន្តទៀតថា ក្រោយឃាត់ខ្លួនក្រុមជនសង្ស័យរួច ក៏បានបន្តរទៅសហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្តកំពត ចំនួន១៨នាក់ មធ្យោបាយធ្វើដំណើរ រថយន្ត០៤ គ្រឿង ដឹកនាំដោយ លោកឧត្តមសេនីយ៍ត្រី ចាប សុទ្ធាវុឌ្ឍន៍ មេបញ្ជាការខេត្តកំពត តាមប្រដេញជនសង្ស័យដែលរត់គេចខ្លួនពីស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ រហូតដល់ភូមិឈើទាល ឃុំឈូក ស្រុកឈូក ខេត្តកំពត បានឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ទៀត(ស្រីចំនួន១នាក់) រួមមាន: ១-ឈ្មោះ សូ វាសនា ហៅអាឡូត ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ ទីកន្លែងស្នាក់នៅមិនពិតប្រាកដ។
២-ឈ្មោះ ស៊ុន ដុងឌៀង ភេទស្រី អាយ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅ ក្រុងសំរោង ខេត្តឧត្តរមានជ័យ ។
កម្លាំងសមត្ថកិច្ចយើងដកហូតវត្ថុតាងរួមមាន:
១-ម្សៅក្រាមពណ៌សថ្លាចំនួន ១៥៩ កញ្ចប់
២-ម្សៅពណ៌សចំនួន ០២ កញ្ចប់
៣-ខ្សៀសម្រាប់ជក់គ្រឿងញៀន ចំនួន ០៣
៤-រថយន្តចំនួន ០២ គ្រឿង
៥-ដបជក់គ្រឿងញៀន ចំនួន ០១
៦-ទូរសព្ទ័ដៃចំនួន ០៦ គ្រឿង
៧-និងសម្ភារៈសម្រាប់វេចខ្ចប់គ្រឿងញៀនមួយចំនួនទៀត ។
បច្ចុប្បន្ន ក្រុមជនសង្ស័យទាំង៦នាក់ រួមជាមួយវត្ថុតាងខាងត្រូវបានបញ្ជូនទៅកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមផ្លូវច្បាប់ ៕





ចែករំលែកព័តមាននេះ