ទីក្រុងវ៉ាស៊ីនតោន៖ ក្រោយហេតុការណ៍បាញ់ប្រហារដ៏ឃោរឃៅទៅលើអ្នកទេសចរនៅតំបន់កាស់ស្មៀប៉ែកខាងប្រទេសឥណ្ឌាកាលពីល្ងាចថ្ងៃអង្គារបណ្ដាលឱ្យស្លាប់២៦នាក់ និងរបួសរាប់សិបនាក់ លោកត្រាំបានចូលរួមមរណទុក្ខដ៏ក្រៀមក្រំបំផុតជូនចំពោះក្រុមគ្រួសារជនរងគ្រោះ។ សាក្សីនិយាយថាការវាយប្រហារនេះប្រព្រឹត្តឡើងដោយជនប្រដាប់អាវុធ១ក្រុម។
ត្រាំសរសេរនៅលើបណ្ដាញសង្គមទ្រូសសូសលរបស់គាត់ថា (Truth Social) នេះជាដំណឹងដ៏រន្ធត់ចិត្តបំផុតកើតចេញពីតំបន់កាស់ស្មៀ។ អាមេរិកនឹងស្ថិតនៅជាប់ជាមួយប្រទេសឥណ្ឌាជានិច្ចដើម្បីប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម។ អ្នកនាំពាក្យសេតវិមានថ្លែងថាទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោកម៉ាយវ៉ាល់ បានយកដំណឹងនេះទៅជម្រាបជូនលោកត្រាំរួចហើយ។
លោកត្រាំនឹងនិយាយទូរស័ព្ទទៅនាយករដ្ឋមន្ត្រីឥណ្ឌាឆាប់ៗនេះដើម្បីចូលរួមសោកស្ដាយចំពោះរឿងនេះ។ សេតវិមានថ្លែងបន្តទៀតថាដោយសារចេះតែកើតមានព្រឹត្តិការណ៍ដ៏រន្ធត់ដែលបង្កឡើងដោយក្រុមភេរវកម្មបែបនេះហើយដែលតម្រូវឱ្យយើងក្នុងនាមជាអ្នកខិតខំថែរក្សាសន្តិភាព និងស្ថិរភាពពិភពលោកត្រូវតែបន្តបេសកកម្មរបស់យើង។ ហេតុការណ៍បាញ់ប្រហារនេះកើតឡើងចំពេលអនុប្រធានាធិបតីអាមេរិកបំពេញទស្សនកិច្ចនៅឥណ្ឌាជាលក្ខណៈផ្លូវការផង និងឯកជនផង។
សមត្ថកិច្ចឥណ្ឌាចាត់ទុកថានេះជាអំពើភេរវកម្ម និងបានដាក់ការស្ដីបន្ទោសទៅលើក្រុមចលនាប្រដាប់អាវុធដែលប្រយុទ្ធប្រឆាំងនឹងរដ្ឋអំណាចរបស់ឥណ្ឌា។ មន្ត្រីថ្នាក់មូលដ្ឋានឥណ្ឌាថ្លែងថាការវាយប្រហារលើកនេះមានសភាពខ្លាំងក្លាជាងការវាយប្រហារមុនៗប្រឆាំងនឹងជនស៊ីវិលនៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ មន្ត្រីនគរបាល់២នាក់ប្រាប់ថាជនប្រដាប់អាវុធយ៉ាងតិច៤នាក់បាញ់រះទៅលើអ្នកទេសចរ។ ក្រៅពីអ្នកស្លាប់ក៏មានអ្នករបួសជាង៣០នាក់ផងដែរ, អ្នកខ្លះរបួសធ្ងន់។
តំបន់វាលស្មៅដ៏ធំល្វឹងល្វើយនៅផាហាល់ហ្កាម (Pahalgam) ដែលកើតមានការបាញ់ប្រហារនោះជាគោលដៅទេសចរណ៍ដ៏ពេញនិយមមួយ ហ៊ុមព័ទ្ធដោយទេសភាពស្អាតៗនៃជួរភ្នំហេមពាន្ត និងមានព្រៃស្រល់ដ៏ស្រស់ស្អាត។ ទីនេះមានអ្នកទេសចរធ្វើដំណើរទៅកម្សាន្តរាប់រយនាក់ក្នុង១ថ្ងៃៗ។ កាស់ស្មៀជាតំបន់ប្រទាញប្រទង់គ្នារវាងឥណ្ឌា និងប៉ាគីស្ថាន។ ប្រទេសទាំង២ចាត់ទុកទីនេះជាទឹកដីរបស់ខ្លួន។ រហូតមកដល់ពេលនេះ មិនទាន់មានក្រុមណា១ប្រកាសថាជាស្នាដៃរបស់ខ្លួននៅឡើយទេ៕
ចែករំលែកព័តមាននេះ