ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាមេរិក​មាន​នុយ​ក្លេអ៊ែរ​ជាង​បី​ពាន់​គ្រាប់​បំពាក់​លើ​មីស៊ីល និង​យន្ត​ហោះ

7 ម៉ោង មុន

ទី​ក្រុង​វ៉ាស៊ីនតោន៖ អាមេរិក​ចាប់​ផ្ដើម​ពង្រឹង​កម្លាំង​នុយ​ក្លេអ៊ែរ​របស់​ខ្លួន​ស្រប​ពេល​ដែល​​សភាព​ការណ៍​ប្រែប្រួល​​​នៅ​លើ​ពិភព​លោក​។ ថ្មី​ៗ​នេះ អាមេរិក​បាន​វាយ​តម្លៃ​ឡើង​វិញ​ទៅ​លើ​សមត្ថ​ភាព​នុយ​ក្លេអ៊ែរ​របស់​ខ្លួន​ដើម្បី​ត្រៀម​ខ្លួន​ដាក់​ឱ្យ​ប្រើ​ប្រាស់​នៅ​លើ​ជើង​ទម្រ​បាញ់​គ្រាប់​មីស៊ីល​អន្តរ​ទ្វីប និង​យន្ត​ហោះ​ទម្លាក់​គ្រាប់​បែក​ខ្នាត​ធំ​។ អាមេរិក​ទើប​តែ​ធ្វើ​តេស្ត​សាក​ល្បង​សមត្ថ​ភាព​ និង​ធ្វើ​សមយុទ្ធ​យោធា​កាល​ពី​ដើម​ខែ​មេសា​។ របាយ​ការណ៍​ជា​ផ្លូវ​ការ​​បង្ហាញ​ថា​​គិត​ត្រឹម​ខែ​កញ្ញា ឆ្នាំ​២០២៣ អាមេរិក​មាន​ក្បាល​គ្រាប់​នុយ​ក្លេអ៊ែរ​សរុប​៣៧៤៨​គ្រាប់​នៅ​ក្នុង​ឃ្លាំង​របស់​ខ្លួន​ដែល​អាច​បំពាក់​នៅ​លើ​មីស៊ីល​អន្តរទ្វីប​,…

ទី​ក្រុង​វ៉ាស៊ីនតោន៖ អាមេរិក​ចាប់​ផ្ដើម​ពង្រឹង​កម្លាំង​នុយ​ក្លេអ៊ែរ​របស់​ខ្លួន​ស្រប​ពេល​ដែល​​សភាព​ការណ៍​ប្រែប្រួល​​​នៅ​លើ​ពិភព​លោក​។ ថ្មី​ៗ​នេះ អាមេរិក​បាន​វាយ​តម្លៃ​ឡើង​វិញ​ទៅ​លើ​សមត្ថ​ភាព​នុយ​ក្លេអ៊ែរ​របស់​ខ្លួន​ដើម្បី​ត្រៀម​ខ្លួន​ដាក់​ឱ្យ​ប្រើ​ប្រាស់​នៅ​លើ​ជើង​ទម្រ​បាញ់​គ្រាប់​មីស៊ីល​អន្តរ​ទ្វីប និង​យន្ត​ហោះ​ទម្លាក់​គ្រាប់​បែក​ខ្នាត​ធំ​។ អាមេរិក​ទើប​តែ​ធ្វើ​តេស្ត​សាក​ល្បង​សមត្ថ​ភាព​ និង​ធ្វើ​សមយុទ្ធ​យោធា​កាល​ពី​ដើម​ខែ​មេសា​។

របាយ​ការណ៍​ជា​ផ្លូវ​ការ​​បង្ហាញ​ថា​​គិត​ត្រឹម​ខែ​កញ្ញា ឆ្នាំ​២០២៣ អាមេរិក​មាន​ក្បាល​គ្រាប់​នុយ​ក្លេអ៊ែរ​សរុប​៣៧៤៨​គ្រាប់​នៅ​ក្នុង​ឃ្លាំង​របស់​ខ្លួន​ដែល​អាច​បំពាក់​នៅ​លើ​មីស៊ីល​អន្តរទ្វីប​, មីស៊ីល​បាញ់​ចេញ​ពី​នាវា​មុជ​ទឹក, ​យន្ត​ហោះ​ទម្លាក់​គ្រាប់​បែក​ខ្នាត​​ធំ​ និង​យន្ត​ហោះ​ចម្បាំង​​ខ្នាត​តូច​។​ អាមេរិក​ឧស្សាហ៍​ធ្វើ​តេស្ត​អាវុធ​នុយ​ក្លេអ៊ែរ​របស់​ខ្លួន​ដើម្បី​ធានា​ថា​ខ្លួន​បាន​ត្រៀម​លក្ខ​ណៈ​សម្បត្តិ​រួច​រាល់​ដើម្បី​ចេញ​បេសក​កម្ម​។

កាល​ពី​ខែ​កុម្ភៈ មីស៊ីល​អន្តរ​ទ្វីប​​​ឈ្មោះ​ម៉ាយ​ញូត​មេន​បី (Minuteman III) ដែល​អាច​បំពាក់​ក្បាល​គ្រាប់​នុយ​ក្លេអ៊ែរ​ត្រូវ​បាន​បាញ់​សាក​ល្បង​ចេញ​ពី​រដ្ឋ​កាលី​ហ្វ័រញ៉ា​ហោះ​រំលង​មហា​សមុទ្រ​ប៉ាស៊ី​ហ្វិច​។ ប៉ុន្តែ​កាល​ណោះ​ មីស៊ីល​នេះ​មិន​បាន​បំពាក់​ក្បាល​គ្រាប់​នុយ​ក្លេអ៊ែរ​ទេ​។ ការ​បាញ់​សាក​ល្បង​នេះ​ចំ​ពេល​អាមេរិក​ និង​អ៊ីរ៉ង់​កំពុង​ចរ​ចា​គ្នា​ដើម្បី​ដោះ​ស្រាយ​បញ្ហា​នុយ​ក្លេអ៊ែរ​ និង​ចំ​ពេល​ដែល​សភាព​ការណ៍​នៅ​មជ្ឈិម​បូព៌ា​កំពុង​ឡើង​កម្ដៅ​។

ទន្ទឹម​នឹង​នោះ ​ប្រទេស​មហា​អំណាច​ដទៃ​ទៀត​ដូច​ជា​រុស្ស៊ី​ និង​ចិន​ក៏​មិន​នៅ​ស្ងៀម​ដែរ​។ ពួក​គេ​កំពុង​ធ្វើ​ទំនើប​កម្ម​ឃ្លាំង​អាវុធ​នុយ​ក្លេអ៊ែរ​របស់​ខ្លួន​។ ប្រភព​ខ្លះ​ថា​ប្រទេស​ចិន​កំពុង​បង្កើន​ចំនួន​ក្បាល​គ្រាប់​នុយ​ក្លេអ៊ែរ​របស់​ខ្លួន​។​​ ​ម៉្យាង​ទៀត​ គ្មាន​​សញ្ញា​ណា​មួយ​ថា​កូរ៉េ​ខាង​ជើង​នឹង​បោះ​បង់​កម្ម​វិធី​នុយ​ក្លេអ៊ែរ​របស់​ខ្លួន​ទេ​។ ដូច្នេះ​អាមេរិក​មាន​តែ​បណ្ដោយ​ទៅ​តាម​ដំណើរ​ និង​ខិត​ខំ​ពង្រឹង​នុយ​ក្លេអ៊ែរ​របស់​ខ្លួន​។

កង​ទ័ព​អាកាស​​អាមេរិក​នៅ​ក្នុង​អង្គ​ភាព​ទី​២ និង​ទី​៥​បាន​ចូលរួម​​នៅ​ក្នុង​ការ​ធ្វើ​សម​យុទ្ធ​យោធា​ថ្មី​ៗ​នេះ​ដែល​ប្រើ​ប្រាស់​យន្ត​ហោះ​បេ​ហា​សិប​ពីរ​ (B-52H)។ សមយុទ្ធ​យោធា​​​ឈ្មោះ​​ព្រែ​រី​ វី​ហ្គី​លេន (Exercise Prairie Vigilance 25-1) ធ្វើ​ឡើង​នៅ​រដ្ឋ​ដា​កូ​តា​​ខាង​ជើង​​ (North Dakota)។ ​កង​ទ័ព​អាកាស​អាមេរិក​ក៏​ធ្វើ​សមយុទ្ធ​យោធា​នៅ​រដ្ឋ​នេ​ប្រាស់​ស្កា​ផង​ដែរ​ (Nebraska)​។

សព្វ​ថ្ងៃ​នេះ​ អាមេរិក​មាន​យន្ត​ហោះ​បេ​ហា​សិប​ពីរ​ស៊េរី​ថ្មី​សរុប​៧៦​គ្រឿង​ម៉ាក​បេ​ហាសិប​ពីរ​អេច (B-52H)​។ ក្នុង​នោះ ៤៦​គ្រឿង​អាច​បំពាក់​គ្រាប់​មីស៊ីល​នុយ​ក្លេអ៊ែរ​ដើម្បី​វាយ​ប្រហារ​នៅ​លើ​សមរ​ភូមិ​។ អាមេរិក​បាន​បំពាក់​រួច​​ជា​ស្រេច​​​នូវ​គ្រាប់​មីស៊ីល​ម៉ាយ​ញូត​មេន​បី (Minuteman III) ​សរុប​៤០០​គ្រាប់​ដាក់​ពង្រាយ​នៅ​កូឡូរ៉ាដូ (Colorado), នេ​ប្រាស់​ស្កា (Nebraska)​,​ វ៉ាយ​អូ​មីង (Wyoming), ដាកូតា​ខាង​ជើង​ (North Dakota) និង​ម៉ុង​តា​ណា​ (Montana)។ មីស៊ីល​អន្តរ​ទ្វីប​របស់​អាមេរិក​នេះ​​មាន​វង់​ប្រតិ​បត្តិ​ការ​១៣០០០​​គី​ឡូ​ម៉ែត្រ​។ នេះ​បើ​យោង​​តាម​ការ​ដក​ស្រង់​ប្រភព​ពី​ទស្សនាវដ្ដី​ញូ​ស្វីក​ (Newsweek)​ និង​ប្រភព​ដទៃ​ទៀត​៕​​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ