ខេត្តបាត់ដំបង ៖ លំនៅឋានរបស់ប្រជាពលរដ្ឋប្រមាណ០៦ខ្នងនៅស្រុកបវេល ត្រូវបានបំផ្លាញខ្ទេចខ្ទីរដោយសារ«ខ្យល់កន្ត្រាក់» ដែលមានភ្លៀង ផ្គរ រន្ទះយ៉ាងខ្លាំងក្លា លាយឡំមកជាមួយផង កាលពីវេលាម៉ោង៣ និង៣០នាទីរសៀលថ្ងៃទី ២២ មេសា តែមិនមានគ្រោះថ្នាក់ដល់មនុស្ស
ទេ ។

សេចក្ដីរាយការណ៍បានឲ្យដឹងថា ខ្យល់កន្ត្រាក់ ដែលកើតឡើងនៅស្រុកបវេល បានប៉ះទង្គិចទៅលើឃុំចំនួន០២ គឺឃុំក្ដុលតាហែន និងឃុំអំពិលប្រាំដើម ។ យោងលើសេចក្ដីរាយការណ៍ដដែល គឺឃុំក្ដុលតាហែនខូចខាតផ្ទះអស់ចំនួន០៥ខ្នង ក្នុងនោះ ចំនួន០២ខ្នងខូចខាតស្ទើរទាំងស្រុង ។ ដោយឡែក ឃុំអំពិលប្រាំដើមវិញ បើតាមសេចក្ដីរាយការណ៍ដដែល គឺខូចខាតត្រឹមតែ០១ខ្នងទេ តែស្ទើរខ្ទេចអស់ទាំងស្រុងតែម្ដង ។

សូមបញ្ជាក់ផងដែរថា កាលពីថ្ងៃទី២២ មេសា អាកាសធាតុក្ដៅហួតហែងខ្លាំងនៅក្នុងខេត្តបាត់ដំបង ប៉ុន្តែនៅពេលរសៀលស្រាប់តែអាកាសធាតុប្រែជាមានពពកឡើងខ្មៅគ្របដណ្ដប់ពាសពេញផ្ទៃមេឃស្ទើរគ្រប់ទិសទីបង្កឲ្យមានភ្លៀងធ្លាក់លាយឡំមកជាមួយនូវផ្គរ រន្ទះ យ៉ាងខ្លាំងក្លាលាន់កក្រើកផ្ទៃមេឃគូរឲ្យខ្លាច នៅតាមបណ្ដាស្រុកមួយចំនួន ជាពិសេស ក្នុងក្រុងបាត់ដំបង
តែម្ដង ។

ប៉ុន្តែយ៉ាងណា រហូតមកដល់ពេលនេះ គេមិនទាន់ឃើញមានសេចក្ដីរាយការណ៍ពីតាមបណ្ដាស្រុកនានាស្ដីពីគ្រោះមហន្តរាយធម្មជាតិនេះនៅឡើយទេ បែបទំនងមានតែស្រុកបវេលមួយគត់ ដែលជួបគ្រោះធម្មជាតិ កាលពីម្សិលមិញនេះ ដែលខូចខាតផ្ទះ តែមិនមានគ្រោះថ្នាក់ដល់
មនុស្ស ៕
ចែករំលែកព័តមាននេះ