រាជធានីភ្នំពេញ ៖ ស្ត្រីម្នាក់បានរងរបួសបែកមុខបែកមាត់បាក់ធ្មេញហូរឈា.មជោគខ្លួន និងផ្ទៃមុខ ខណៈនាងជិះម៉ូតូជាមួយបុរសម្នាក់ដែលមិនធ្លាប់ស្គាល់គ្នាពីមុនមកសោះ ចេញពីកន្លែងផឹកស៊ីមួយ ដោយគ្រាន់តែដឹងថា បុរសនោះត្រូវជាមិត្តភក្ដិសង្សាររបស់បងស្រីនាងប៉ុណ្ណោះ ។

ពេលនោះ បុរសខាងលើបានលួងលោមចូលផ្ទះសំណាក់ ដើម្បីក្រេបទឹកឃ្មុំ ប៉ុន្តែនាងមិនព្រម បន្ទាប់មកក៏បានដឹកនាងបន្តទៅកាន់ដីវាលដែលជាកន្លែងស្ងាត់មួយ រួចក៏ធ្វើសកម្មភាពចា.ប់រំលោ.ភ តែនាងមិនព្រម និងរើបម្រាស់ទើបរំលោ.ភមិនបានសម្រេច ហើយជននោះក៏បានប្ល.ន់យកទូរស័ព្ទ និងលុយមួយចំនួន រួចជិះម៉ូតូគេចខ្លួនបាត់ស្រមោល ។ ហេតុការណ៍នោះបានកើតឡើង កាលពីវេលាម៉ោង៤ជិតភ្លឺ ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ នៅចំណុចដីវាលមួយកន្លែង ស្ថិតនៅតាមបណ្ដោយមហាវិថីស៊ី ជីនពីង ហៅផ្លូវក្រវាត់ក្រុងទី៣ ក្នុងភូមិគោកខ្សាច់ សង្កាត់ប្រឡះឡាង ខណ្ឌកំបូល រាជធានីភ្នំពេញ ។
នារីរងគ្រោះ អាយុ២០ឆ្នាំ មានទីលំនៅ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង នាងរងរបួសផ្ទៃមុខ និងបា.ក់ធ្មេញធ្ងន់ធ្ងរ ហូរឈា.មពេញខ្លួន និងផ្ទៃមុខ ។ នាងត្រូវបានអ្នកបើករថយន្តកុងតឺន័រ និងប្រពន្ធប្រទះឃើញ នៅតាមផ្លូវក៏ជួយរាយការណ៍ជូនសមត្ថកិច្ច បង្កឲ្យមានការភ្ញាក់ផ្អើលទាំងយប់ ។

ដោយឡែក ជនសង្ស័យមិនទាន់ត្រូវបានស្គាល់អត្តសញ្ញាណនៅឡើយទេ ហើយសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ ដើម្បីចាប់ខ្លួនយកមកផ្ដន្ទាទោសតាមច្បាប់ ។

បើតាមបុរសអ្នកបើករថយន្តកុងតឺន័របាននិយាយថា នៅវេលាកើតហេតុខាងលើ ខណៈដែលគាត់កំពុងបើករថយន្តកុងតឺន័រតាមមហាវិថីស៊ី ជីនពីង ហៅផ្លូវក្រវាត់ក្រុងទី៣ដល់ត្រង់ចំណុចកើតហេតុនោះ ស្រាប់តែឃើញស្ត្រីរងគ្រោះខាងលើឈរស្ទាក់ផ្លូវ និងស្រែកឲ្យជួយ ។ ពេលនោះ ឃើញនាងមានរបួសហូរឈា.មពេញផ្ទៃមុខ និងប្រឡា.ក់ពេញខ្លួនប្រាណ ហើយដំបូងឡើយគាត់ស្មានថា នារីរូបនោះជាជនអនាថាទេ បន្ទាប់មកគាត់ក៏បានឈប់រថយន្តរួចសួរនាំ ហើយនាងបានប្រាប់ថា ត្រូវគេចា.ប់រំលោ.ភ និងវា.យប្ល.ន់យកទ្រព្យសម្បត្តិ ហើយទុកនាងចោលនៅទីនោះ ។

បុរសនេះបាននិយាយបន្តទៀតថា ខណៈនោះដោយសារតែគាត់ម្នាក់ឯង គាត់ក៏បានទាក់ទងទៅប្រពន្ធរបស់គាត់ដែលនៅផ្ទះឲ្យមកជួយមើល និងរាយការណ៍ជូនសមត្ថកិច្ចឲ្យទៅពិនិត្យមើលជាក់ស្ដែង និងធ្វើការស្រាវជ្រាវរកជនសង្ស័យ ។
បន្ទាប់មកកម្លាំងសមត្ថកិច្ចខណ្ឌកំបូលបានចុះទៅកាន់កន្លែងកើតហេតុ និងហៅរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ ដើម្បីសង្គ្រោះបន្ទាន់ ។
នារីរងគ្រោះបាននិយាយប្រាប់ឲ្យសមត្ថកិច្ចដឹងខ្លះៗថា នៅមុនពេលកើតហេតុនាងបានជូនបងស្រីរបស់នាងទៅជួបសង្សារនៅម្ដុំកាណាឌីយ៉ា សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ហើយបានផឹកស៊ីជុំគ្នានៅទីនោះ ដោយក្នុងនោះមានបងស្រីនាង និងសង្សារ មិត្តភក្ដិនាង និងសង្សារ រួមទាំងរូបនាង និងជនសង្ស័យខាងលើដែលត្រូវជាមិត្តភក្ដិរបស់សង្សារបងស្រីនាងផងដែរ ។
លុះក្រោយមក បងស្រីរបស់នាង រួមជាមួយ និងមិត្តភក្ដិនាងបានទៅជាមួយសង្សារអស់ទៅ ចំណែករូបនាងត្រូវបានជនសង្ស័យបបួលជិះម៉ូតូជាមួយ រួចដឹកចេញកន្លែងផឹកស៊ី បន្ទាប់មកជននោះ បានបបួលនាងទៅចូលផ្ទះសំណាក់មួយកន្លែងតែនាងមិនយល់ព្រមឡើយ ។

នាងបាននិយាយទៀតថា ពេលនោះជនសង្ស័យក៏បានដឹកនាងទៅកាន់កន្លែងដីវាលស្ងាត់ ស្ថិតនៅតាមបណ្ដោយផ្លូវក្រវាត់ក្រុងទី៣ ភូមិគោកខ្សាច់ សង្កាត់ប្រឡះឡាង ខណ្ឌកំបូលរាជធានីភ្នំពេញ ហើយក្រោយពេលទៅដល់កន្លែងស្ងាត់ខាងលើជននោះក៏បានធ្វើសកម្មភាពចា.ប់បង្ខំរំលោ.ភនាង ។ ប៉ុន្តែខណៈនោះនាងមិនព្រម និងព្យាយាមរើបម្រាស់ទើបរំលោ.ភមិនបានសម្រេច ហើយជនសង្ស័យរូបនោះក៏បានវា.យនាង បណ្ដាលឲ្យរងរបួសមុខ និងបាក់ធ្មេញ ។

នាងបាននិយាយរៀបរាប់ថា ពេលនោះដោយខ្លាចជនសង្ស័យវា.យស្លា.ប់នាងបានធ្វើពុតជាសន្ល.ប់ទើបជននោះឈប់វា.យ រួចប្ល.ន់យកទូរសព្ទ១គ្រឿង និងលុយចំនួន២០ម៉ឺនរៀល ហើយជិះម៉ូតូគេចខ្លួនបាត់ស្រមោលតែម្ដង ។
ក្រោយពេលជនសង្ស័យចាកចេញទៅបាត់ នាងបានស្រែកឲ្យគេជួយ ហើយក្រោយមកបានឃើញរថយន្តកុងតឺន័រ១គ្រឿងបើកទៅដល់ នាងក៏ឃាត់ឲ្យឈប់ ហើយត្រូវបានអ្នកបើករថយន្ត និងប្រពន្ធគាត់ជួយរាយការណ៍ជូនសមត្ថកិច្ច ៕

ចែករំលែកព័តមាននេះ