ខេត្តកណ្តាល ៖ ខ្លាំងដៃមែន លោកប្តី អើយលោកប្តី ផឹកស៊ីស្រវឹងមកវិញផ្តួលម៉ូតូចោល ស្រែកជេរឱ្យប្រពន្ធលើក ប្រពន្ធមិនលើក ព្រោះមានផ្ទៃពោះ៦ខែទៅហើយ ស្រាប់តែកើតចិត្តខឹងទះប្រពន្ធ២កំផ្លៀងឈា.មមាត់ រួចរកដុតកម្ទេចម៉ូតូចោល អ្វីដែលហួសចិត្តនោះពេលសមត្ថកិច្ចឃាត់ខ្លួនយកមកដល់ប៉ុស្តិ៍ហើយ កំពុងតែសាកសួរ គ្រាន់តែឃើញប្រពន្ធក៏ស្ទុះទៅរកសម្លា.ប់ប្រពន្ធចោលទៀត តែចេញមិនរួចក៏វា.យកម្ទេចតុ ក្នុងប៉ុស្តិ៍ប៉ូលិសបែកខ្ទេចបន្ថែម ។

ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង០៧ និង៥០នាទី ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ នៅចំណុចភូមិដំរីឆ្លង ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល ។
នគរបាលស្រុកស្អាង បានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនមានឈ្មោះ ស៊ុ សុខលីហៀង ហៅហៀង ភេទប្រុស អាយុ២៥ឆ្នាំ(ត្រូវជាប្តី) មុខរបរកម្មករ មានទីលំនៅភូមិតានូ ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល (មានសារធាតុញៀ.ន) ។ ចំណែកជនរងគ្រោះ ភេទស្រី អាយុ២៤ឆ្នាំ មុខរបរជាកម្មការិនីរោងចក្រ មានផ្ទៃពោះ០៦ខែ (ត្រូវជាប្រពន្ធ) ។ ក្នុងសកម្មភាពនោះក៏បណ្តាលឲ្យ បែកកញ្ចក់តុ សម្រាប់ធ្វើការរបស់ប៉ុស្តិ៍ ខូចខាតបង្អួចរបស់ប៉ុស្តិ៍ស្អាងភ្នំទាំងស្រុង ។

នគរបាលស្រុកស្អាង បានបន្តឲ្យដឹងទៀតថា មុនពេលកើតហេតុ ជនសង្ស័យនៅផឹកស្រាបៀរជាមួយមិត្តភក្តិ អស់ស្រាបៀរចំនួនកន្លះកេស ទើបចេញមកផ្ទះ ហើយមកដល់ផ្ទះក៏បានផ្ដួលម៉ូតូចោលនៅមុខផ្ទះស្រែកឡូឡាឱ្យជនរងគ្រោះលើកម៉ូតូ តែជនរងគ្រោះលើកមិនកើតដោយសារខ្លួនមានផ្ទៃពោះ០៦ខែ ស្រាប់តែជនសង្ស័យរូបនេះកើតចិត្តខឹងក៏ស្ទុះទៅទះកំផ្លៀងចំនួន២កំផ្លៀង បណ្ដាលឱ្យហូរឈា.មមាត់ ហើយគំរា.មសម្លា.ប់ និងដុតម៉ូតូចោល ជនរងគ្រោះមានការភ័យខ្លាច ទើបតែប្ដឹងសមត្ថកិច្ចប៉ុស្ដិ៍នគរបាលរដ្ឋបាលស្អាងភ្នំមកជួយអន្តរាគមន៍។

ពេលសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលស្អាងភ្នំសហការជាមួយប្រជាការពារ បានទៅដល់ផ្ទះជនរងគ្រោះ រួចហៅបុរសជាជនសង្ស័យមកធ្វើការសាកសួរនៅប៉ុស្តិ៍ និងបានអញ្ជើញជនរងគ្រោះ(ប្រពន្ធ)មកតាមក្រោយ នៅពេលដែលជនសង្ស័យឃើញប្រពន្ធក៏ស្ទុះមករកទាំងកំហឹ.ង រកសម្លា.ប់ប្រពន្ធ ប៉ុន្តែត្រូវបានកំពុងសួរនាំនៅក្នុងបន្ទាប់ ទើបជនសង្ស័យរកកន្លែងចេញ ដើម្បីទៅសម្លា.ប់ប្រពន្ធ តែចេញមិនរួចទើបខឹងក៏បានវា.យកម្ទេចរបស់របរនៅក្នុងប៉ុស្តិ៍ បណ្ដាលឱ្យខូចខាតបែកកញ្ចក់(តុ) សម្រាប់ធ្វើការ បង្អួចកញ្ចក់របើកដែកទាំងផ្ទាំងតែម្តង ។
នៅចំពោះមុខសមត្ថកិច្ចខ្លួនបានសារភាពថា ខ្លួនពិតជាបានវា.យជនរងគ្រោះបណ្ដាលឱ្យរបួសហូរឈា.មមាត់ និងវាយរបស់របរក្នុងប៉ុស្ដិ៍បណ្ដាលឲ្យខូចខាតពិតប្រាកដមែន ។
បច្ចុប្បន្នជនសង្ស័យ ត្រូវកម្លាំងអធិការដ្ឋាននគរបាលស្រុកស្អាង កំពុងសាងសំណុំរឿងបញ្ចូនទៅកាន់តុលាការចាត់ការតាមនីតិវិធីច្បាប់ ៕

ចែករំលែកព័តមាននេះ