ទីក្រុងម៉ូស្គូ៖ វិមានក្រឹមឡាំងថ្លែងថាលោកពូទីនបើកចំហជានិច្ចសម្រាប់ការទទួលយកសំណើរបស់អ៊ុយក្រែនដែលចង់ឱ្យឈប់វាយប្រហារទីតាំងជនស៊ីវិល។ ប៉ុន្តែក្រឹមឡាំងទាមទារឱ្យអ៊ុយក្រែនត្រូវតែលុបចោលជាមុនសិននូវការហាមឃាត់ខ្លួនឯងមិនឱ្យចរចាគ្នាដោយផ្ទាល់ជាមួយរុស្ស៊ី។ ការថ្លែងដូច្នេះដើម្បីបង្ហាញថារុស្ស៊ីចង់ដោះស្រាយបញ្ហាបន្ទាប់ពីលោកត្រាំចង់លាឈប់ពីការងារជាអ្នកសម្របសម្រួលការចរចា។
លោកត្រាំមិនទាន់បញ្ជាក់ឱ្យបានច្បាស់ថាតើការដកខ្លួនថយនេះមានន័យយ៉ាងដូចម្ដេចសម្រាប់អ៊ុយក្រែន? មានន័យថាគាត់បន្តជួយអ៊ុយក្រែនកាន់តែខ្លាំងឬយ៉ាងណាព្រោះអាមេរិក និងអ៊ុយក្រែនត្រៀមចុះកិច្ចព្រមព្រៀងរ៉ែកម្រនៅពេលឆាប់ៗនេះ។ បើអាមេរិកផ្ដាច់ជំនួយ អ៊ុយក្រែនត្រូវតែដួលព្រោះជំនួយយោធា និងព័ត៌មានសម្ងាត់គឺជាចំណុចស្លាប់រស់របស់អ៊ុយក្រែន។
ងាកមកជំហរបស់របស់ទីក្រុងម៉ូស្គូវិញម្ដង អ្នកនាំពាក្យវិមានក្រឹមឡាំងថ្លែងថាបើអ៊ុយក្រែនមានចិត្តចង់ និងបើកទូលាយចំពោះការចរចាគ្នា អ៊ុយក្រែនគួរចាត់វិធានការតាមផ្លូវច្បាប់ដើម្បីជម្រុះចោលនូវឧបសគ្គមួយចំនួនដែលរារាំងមិនឱ្យសន្ទនាគ្នាដោយផ្ទាល់។ លោកពូទីនធ្លាប់បាននិយាយជាច្រើនដងរួចហើយថាលោកបើកទូលាយជានិច្ចសម្រាប់ការសន្ទនាគ្នាដោយផ្ទាល់។
តាមមើលទៅ រុស្ស៊ីក៏បារម្ភមិនតិចដែរបើសិនលោកត្រាំដកខ្លួនថយដូចការប្រកាសមែន។ ហេតុនេះហើយគេឃើញថាក្រោយពេលរដ្ឋមន្ត្រីការបរទេសអាមេរិកនិយាយពីការដកខ្លួនថយនៅទីក្រុងប៉ារីសម្ដង និងបន្ទាប់ពីលោកត្រាំព្រមានដកខ្លួនថយម្ដងទៀត លោកពូទីនក៏ឆ្លៀតឱកាសបុណ្យអ៊ីសស្ទើដេ (Easter Day) ប្រកាសបទឈប់បាញ់រយៈពេល៣០ម៉ោងជាឯកតោភាគី។ អ្នកវិភាគខ្លះយល់ថាលោកពូទីនធ្វើដូច្នេះដើម្បីស្អំចិត្តលោកត្រាំកុំឱ្យមានចិត្តខឹងសម្បារខ្លាំងពេក។
ប៉ុន្តែទោះបីលោកពូទីនប្រកាសដូច្នេះក៏ដោយ ក៏ភាគីទាំង២បន្តវាយប្រហារគ្នារាប់ពាន់ករណី និងចោទប្រកាន់គ្នាទៅវិញទៅមកពីបទរំលោភបទឈប់បាញ់។ លោកហ្សឺលែនស្គីយល់ថាបទឈប់បាញ់មិនពិបាកទេ។ សំខាន់ឱ្យតែរដ្ឋាភិបាលទីក្រុងម៉ូស្គូចេញបញ្ជាតែមួយម៉ាត់ កងទ័ពរុស្ស៊ីនឹងលែងផ្ទុះអាវុធភ្លាម។ នៅថ្ងៃអ៊ីសស្ទើដេ គេមិនបានស្ដាប់ឮសំឡេងស៊ីរ៉ែនប្រកាសអាសន្នរបស់អ៊ុយក្រែនទេ។ សមរភូមិយោធាមួយចំនួនក៏មិនបានផ្ទុះអាវុធដែរ។ ហេតុនេះលោកហ្សឺលែនស្គីយល់ថាបទឈប់បាញ់អាចទៅរួច។ សំខាន់បទបញ្ជាស្ថិតនៅលើមាត់របស់រុស្ស៊ី។ ខាងលើនេះជាការដកស្រង់ប្រភពពីទស្សនាវដ្ដីញូស្វីក (Newsweek)៕
ចែករំលែកព័តមាននេះ