ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រុស្ស៊ី​ថា​ខ្លួន​ត្រូវ​តែ​សម្រេច​គោល​ដៅ​ឱ្យ​បាន​ទោះ​បី​ត្រាំ​ព្រ.មា.ន​ប្រើ​ធម៌​ក្ដៅ​យ៉ាង​ណា​ក្ដី

19 ម៉ោង មុន

ទី​ក្រុង​ម៉ូស្គូ៖ ថ្ងៃ​នេះ ប្រទេស​រុស្ស៊ី​មាន​សារ​នយោបាយ​សំខាន់​មួយ​ចង់​ផ្ដាំ​ត្រឡប់​ទៅ​លោក​ត្រាំ​ដែល​បាន​ដាក់​ឱសាន​វាទ​រយៈ​ពេល​៥០​ថ្ងៃ​ត្រូវ​តែ​សម្រេច​ចិត្ត​ថា​តើ​ជ្រើស​រើស​យក​បទ​ឈប់​បាញ់ ឬ​បន្ត​ធ្វើ​សង្គ្រាម​។ បើ​យក​បទ​ឈប់បាញ់​ជា​ការ​ល្អ​។ ប៉ុន្តែ​បើ​បន្ត​ធ្វើ​សង្គ្រាម​ ត្រាំ​ព្រមាន​ប្រើ​ធម៌​ក្ដៅ​ដាក់​រុស្ស៊ី និង​ដំឡើង​ពន្ធ​ដ៏​ខ្ពស់​កប់​ពពក​ទៅ​លើ​ទំនិញ​របស់​រុស្ស៊ី​។ ប្រហែល​ជា​រុស្ស៊ី​មិន​ចង់​ឱ្យ​លោក​ត្រាំ​បង្គាប់​បញ្ជា​ស្រេច​តែ​នឹង​ចិត្ត និង​ម៉្យាង​ទៀត​…

ទី​ក្រុង​ម៉ូស្គូ៖ ថ្ងៃ​នេះ ប្រទេស​រុស្ស៊ី​មាន​សារ​នយោបាយ​សំខាន់​មួយ​ចង់​ផ្ដាំ​ត្រឡប់​ទៅ​លោក​ត្រាំ​ដែល​បាន​ដាក់​ឱសាន​វាទ​រយៈ​ពេល​៥០​ថ្ងៃ​ត្រូវ​តែ​សម្រេច​ចិត្ត​ថា​តើ​ជ្រើស​រើស​យក​បទ​ឈប់​បាញ់ ឬ​បន្ត​ធ្វើ​សង្គ្រាម​។ បើ​យក​បទ​ឈប់បាញ់​ជា​ការ​ល្អ​។ ប៉ុន្តែ​បើ​បន្ត​ធ្វើ​សង្គ្រាម​ ត្រាំ​ព្រមាន​ប្រើ​ធម៌​ក្ដៅ​ដាក់​រុស្ស៊ី និង​ដំឡើង​ពន្ធ​ដ៏​ខ្ពស់​កប់​ពពក​ទៅ​លើ​ទំនិញ​របស់​រុស្ស៊ី​។ ប្រហែល​ជា​រុស្ស៊ី​មិន​ចង់​ឱ្យ​លោក​ត្រាំ​បង្គាប់​បញ្ជា​ស្រេច​តែ​នឹង​ចិត្ត និង​ម៉្យាង​ទៀត​ រុស្ស៊ី​ក៏​ប្រហែល​ជា​ចង់​បញ្ជាក់​ថា​ខ្លួន​ក៏​ប្រា​ថ្នា​ចង់​បាន​បទ​ឈប់​បាញ់​ដែរ​។ ​​

វិមាន​ក្រឹម​ឡាំង​​បញ្ជាក់​ថា​បទ​ឈប់​បាញ់​សម្រាប់​ពេល​នេះ​មិន​ទាន់​ទៅ​រួច​ទេ​។ ក្រឹម​ឡាំង​ថា​លោក​ពូទីន​ត្រូវ​ការ​សម្រេច​តាម​ផែន​ការ​របស់​គាត់​ជា​មុន​សិន។ នេះ​មិន​មែន​ជា​លើក​ទី​១​ទេ​ដែល​រុស្ស៊ី​និយាយ​ដូច្នេះ​។ កាល​ពី​ពេល​កន្លង​មក លោក​ប៉េស្កូស និង​មន្ត្រី​រដ្ឋាភិបាល​រុស្ស៊ី​និយាយ​ជា​ច្រើន​ដង​ហើយ​ថា​​រុស្ស៊ី​​មិន​មែន​យក​ជើង​រា​ទឹក​នៅ​ក្នុង​ការ​ចរ​ចា​សន្តិ​ភាព​​​ទេ​។ ប៉ុន្តែ​ទន្ទឹម​នឹង​ការ​ថ្លែង​ដូច្នេះ រុស្ស៊ី​បន្ត​វាយ​ប្រហារ​ឥត​បន្ធូរ​ដៃ​ទៅ​លើ​ទី​ក្រុង​តូច​ធំ​របស់​អ៊ុយ​ក្រែន​។

លោក​ប៉េស្កូស​ថ្លែង​ប្រាប់​ទូរ​ទស្សន៍​រដ្ឋ​រុស្ស៊ី​ថា​លោក​ពូទីន​ធ្លាប់​រំលឹក​ជា​ច្រើន​ដង​ហើយ​​ថា​លោក​ពិត​ជា​ប្រាថ្នា​ចង់​បាន​ណាស់​ការ​ដោះ​ស្រាយ​បញ្ហា​អ៊ុយ​ក្រែន​ដោយ​សន្តិ​វិធី​កាន់​តែ​ឆាប់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​។ លោក​ថ្លែង​បន្ត​ទៀត​ថា​វា​ទាម​​ទារ​ពេល​វេលា​យូរ​អង្វែង​ ទាម​ទារ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង ហើយ​វា​មិន​មែន​ជា​រឿង​ងាយ​ស្រួល​ដោះ​ស្រាយ​នោះ​ឡើយ​។ បញ្ហា​ធំ​នៅ​ត្រង់​ថា​យើង​ត្រូវ​តែ​សម្រេច​គោល​ដៅ​របស់​យើង​ឱ្យ​បាន​។ យើង​បាន​កំណត់​គោល​ដៅ​ច្បាស់​លាស់​រួច​ហើយ​។

វិមាន​ក្រឹម​ឡាំង​ធ្លាប់​និយាយ​រួច​ហើយ​ថា​បើ​ចង់​បាន​កិច្ច​ព្រម​ព្រៀង​សន្តិ​ភាព​លុះ​ត្រា​តែ​អ៊ុយ​ក្រែន​យល់​ព្រម​ប្រគល់​តំបន់​ធំ​ៗ​ចំនួន​បួន​របស់​ខ្លួន​ដែល​ស្មើ​នឹង​២០%​នៃ​ទឹក​ដី​សរុប​ទៅ​ឱ្យ​រុស្ស៊ី​។ អ៊ុយ​ក្រែន​ត្រូវ​តែ​ដក​កង​ទ័ព​ថយ​ចេញ​ពី​តំបន់​ទាំង​នោះ​។ តំបន់​ទាំង​​នេះ​រួម​ទាំង​តំបន់​គ្រីម៉េ​មួយ​ទៀត​​ត្រូវ​រុស្ស៊ី​ដាក់​បញ្ចូល​ជា​ទឹក​ដី​របស់​ខ្លួន​ និង​អនុ​ម័ត​ដោយ​រដ្ឋ​សភា​រួច​ហើយ​។ ប៉ុន្តែ​សហ​គមន៍​អន្តរ​ជាតិ (ជា​ពិសេស ក្រុម​បស្ចិម​ប្រទេស​) មិន​ទទួល​ស្គាល់​ទេ​។

នៅក្នុង​ការ​ថ្លែង​សុន្ទរ​កថា​នា​ពេល​រាត្រី លោក​ហ្សេឡិនស្គី​ថ្លែង​ថា​មន្ត្រី​រដ្ឋាភិបាល​របស់​លោក​បាន​ស្នើ​ជួប​គ្នា​ជា​មួយ​រុស្ស៊ី​ជា​ថ្មី​ម្ដង​ទៀត​នៅ​សប្ដាហ៍​នេះ​។ សារ​ព័ត៌​មាន​របស់​រដ្ឋ​រុស្ស៊ី​ផ្សាយ​ថា​រុស្ស៊ី​មិន​ទាន់​កំណត់​ថា​ត្រូវ​ជួប​គ្នា​នៅ​ពេល​ណា​នៅ​ឡើយ​ទេ​។ ប៉ុន្តែ​ទី​កន្លែង​ជួប​គ្នា​ប្រហែល​ជា​​​ទី​ក្រុង​អ៊ីស្តាន់​ប៊ូល​ ប្រទេស​តួក​គី​។ ​ឥឡូវ​នេះ គេ​កំពុង​រង់​ចាំ​អ៊ុត​មើល​ដើម្បី​ចង់​ដឹង​ថា​តើ​ត្រាំ​នឹង​ប្រើ​ប្រាស់​វិធាន​ការ​ក្ដៅ​បែប​ណា​ខ្លះ​ទៅ​លើ​រុស្ស៊ី​​។ ខាង​លើ​នេះ​ជា​ការ​ដក​ស្រង់​ប្រភព​ពី​ទី​ភ្នាក់​ងារ​ព័ត៌​មាន​អេ​ភី (AP)​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ