ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឥណ្ឌា​ត្រៀមខ្លួន​ក្នុង​ការសហការ និង​ធ្វើការ​ជាមួយ​កម្ពុជា​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា

12 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ ​ឥណ្ឌា​ត្រៀមខ្លួន​ជា​ស្រេច​ក្នុង​សហការ និង​ធ្វើការ​ជាមួយ​កម្ពុជា ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ​។ ​នេះ​បើ​តាម​ការ​លើក​ឡើង​របស់​ឯកអគ្គរដ្ឋទូត​ឥណ្ឌា​ប្រចាំ​កម្ពុជា​ ។ ការ​លើក​ឡើង​បែប​នេះ ​ខណៈ​ឯកឧត្តម​សន្តិ​បណ្ឌិត…

រាជធានី​ភ្នំពេញ​ ៖ ​ឥណ្ឌា​ត្រៀមខ្លួន​ជា​ស្រេច​ក្នុង​សហការ និង​ធ្វើការ​ជាមួយ​កម្ពុជា ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ​។ ​នេះ​បើ​តាម​ការ​លើក​ឡើង​របស់​ឯកអគ្គរដ្ឋទូត​ឥណ្ឌា​ប្រចាំ​កម្ពុជា​ ។

ការ​លើក​ឡើង​បែប​នេះ ​ខណៈ​ឯកឧត្តម​សន្តិ​បណ្ឌិត ឆៃ ស៊ី​ណា​រិ​ទ្ធ ទេស​រដ្ឋមន្ត្រី​ទទួល​បន្ទុក​បេស​កកម្ម​ពិសេស និង​ជា​ប្រធាន​លេខាធិការដ្ឋាន​គណៈកម្មការ​ចំពោះ​កិច្ច​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា (​គ​.​ប​.​ឆ​.​ប​.) បាន​អនុញ្ញាត​ឱ្យ​ឯកឧត្តម Vanlalvawna Bawitlung ឯក​អគ្គ​រដ្ឋទូត​ឥណ្ឌា​ប្រចាំ​កម្ពុជា ចូល​ជួប​សម្តែង​ការ​គួរសម និង​ពិភាក្សា​ការងារ​នា​ព្រឹក​ថ្ងៃ​ទី​២២ ខែកក្កដា ឆ្នាំ​២០២៥​។

ក្នុង​ជំនួប​នោះ ឯកឧត្តម​សន្តិ​បណ្ឌិត ឆៃ ស៊ី​ណា​រិ​ទ្ធ បាន​គូសបញ្ជាក់​ពី​ការ​ប្តេជ្ញា​ចិត្ត​ខ្ពស់​របស់​រាជ​រដ្ឋាភិបាល​ក្នុង​ការ​បោសសម្អាត​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា តាម​រយៈ​ការ​បង្កើត គ​.​ប​.​ឆ​.​ប ដែល​ជា​យន្តការ​បន្ថែម​លើ​យន្តការ​មាន​ស្រាប់​។ ក្រោយ​ការ​បង្កើត​គ​.​ប​.​ឆ​.​ប​. កម្ពុជា​បាន​ផ្តោត​លើ​ការ​ស្រាវជ្រាវ​ស៊ើបអង្កេត​បង្ក្រាប និង​បោសសម្អាត ព្រមទាំង​ចាត់វិធានការ​ច្បាប់​លើ​ជនសង្ស័យ ដោយ​ទទួល​បាន​លទ្ធផល​គួរ​ឱ្យ​កត់សម្គាល់​ ។

ឯកឧត្តម​សន្តិ​បណ្ឌិត​បាន​សង្កត់ធ្ងន់​លើ​សារសំខាន់​នៃ​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ សម្រាប់​កិច្ច​ប្រឹងប្រែង​រួម​គ្នា ដើម្បី​ប្រឆាំង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ដែល​បាន​និង​កំពុង​កើត​មាន​ឡើង​ក្នុង​ប្រទេស​ជា​ច្រើន​។

ឯកឧត្តម​ឯកអគ្គរដ្ឋទូត​ឥណ្ឌា​បាន​ឯកភាព​ថា ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ​គឺជា​បញ្ហា​សកល ដែល​ទាមទារ​ឱ្យ​ប្រទេស​ទាំងអស់​ផ្តល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្នា និង​បាន​គូសបញ្ជាក់​ថា ភាគី​ឥណ្ឌា​ត្រៀមខ្លួន​ជា​ស្រេច​ក្នុង​សហការ និង​ធ្វើការ​ជាមួយ​កម្ពុជា ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ ។

ឯកឧត្តម​ឯកអគ្គរដ្ឋទូត​បាន​បញ្ជាក់​ថា ភាគី​ឥណ្ឌា​អាច​ពិនិត្យ​លទ្ធភាព​ពិចារណា​ផ្តល់​កម្មវិធី​កសាង​សមត្ថភាព តាម​សំណើ​របស់ គ​.​ប​.​ឆ​.​ប​. ។ ឯកឧត្តម​ឯកអគ្គរដ្ឋទូត​បាន​ថ្លែងអំណរគុណ​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា ចំពោះ​កិច្ច​សហប្រតិបត្តិការ​កន្លង​មក ជា​ពិសេស​ការ​ជួយ​សង្គ្រោះ​ពលរដ្ឋ​ឥណ្ឌា ។

ភាគី​ទាំង​ពីរ​បាន​ពិភាក្សា និង​ផ្លាស់​ប្តូរ​យោបល់​លើ​បទ​ពិសោធន៍​នៃ​កិច្ច​សហប្រតិបត្តិការ​កន្លង​មក រវាង​ប្រទេស​ទាំង​ពីរ និង​បាន​ឯកភាព​លើ​ជំហាន​បន្ទាប់​មួយ​ចំនួន ដើម្បី​បន្ត​ជំរុញ​កិច្ច​សហប្រតិបត្តិការ​ឱ្យ​បាន​កាន់តែ​ជិត​ស្និទ្ធ​ថែម​ទៀត រួម​មានការ​ចែករំលែក​ព័ត៌មាន ការ​ស៊ើបអង្កេត ការ​កសាង​សមត្ថភាព ការ​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ និង​ការ​បញ្ជូន​ពលរដ្ឋ​ឥណ្ឌា​ត្រឡប់​ទៅ​ប្រទេស​កំណើត​វិញ​ឱ្យ​បាន​ឆាប់​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ