ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយក​រដ្ឋមន្ត្រី​កម្ពុជា​ប្រាប់​ថៃ​ថា​​៖ បន្ទាត់​ក្រហម​នៅ​តែ​ជា​បន្ទាត់​ក្រហម មិន​មានការ​ប្រែប្រួល​ទេ​សូមកុំ​បំពាន

16 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ ​សម្តេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ​នាយក​រដ្ឋមន្ត្រី​កម្ពុជា​ បាន​ប្រាប់​ទៅ​ភាគី​ថៃ​ថា«បន្ទាត់​ក្រហម​នៅ​តែ​ជា​បន្ទាត់​ក្រហម មិន​មានការ​ប្រែប្រួល​ទេ​សូមកុំ​បំពាន​» ។ ការ​លើក​ឡើង​របស់​សម្តេច​បវរ​ធិ​បតី​បន្ទាប់​ពី​សម្តេច​ថា…

រាជធានី​ភ្នំពេញ​ ៖ ​សម្តេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ​នាយក​រដ្ឋមន្ត្រី​កម្ពុជា​ បាន​ប្រាប់​ទៅ​ភាគី​ថៃ​ថា«បន្ទាត់​ក្រហម​នៅ​តែ​ជា​បន្ទាត់​ក្រហម មិន​មានការ​ប្រែប្រួល​ទេ​សូមកុំ​បំពាន​» ។

ការ​លើក​ឡើង​របស់​សម្តេច​បវរ​ធិ​បតី​បន្ទាប់​ពី​សម្តេច​ថា មួយ​រយៈ​នេះ​ សម្តេច​បានឃើញ​ថ្នាក់ដឹកនាំ​នយោបាយ កងទ័ព និង​បណ្ដាញសារព័ត៌មាន​ថៃ បាន​ធ្វើការ​ចោទប្រកាន់​ដោយ​គ្មាន​មូល​ដ្ឋាន​មក​លើ​កម្ពុជា​ ពាក់ព័ន្ធ​នឹង​បញ្ហា​មួយ​ចំនួន​ដូច​ជា​ការ​ដាក់​មីន ព្រមទាំង​បាន​ធ្វើការ​គំរាម​ដាក់​ចេញ​នូវ​វិធានការ​ជា​ឯកតោភាគី​នៅ​ក្នុង​តំបន់​ដែល​មាន​វិវាទ រួម​មាន​តំបន់​មុំ​បី និង​ប្រាសាទតាមាន់ធំ ។​ល​។ នេះ​បើ​តាម​បណ្តាញ​សង្គម​របស់​សម្តេច​បវរ​ធិ​បតី​ នៅ​ថ្ងៃ​ទី​២២ ខែកក្កដា ឆ្នាំ​២០២៥​។

សម្តេច​បាន​សរសេរ​ថា ក្រសួងការបរទេស ​និង​សហប្រតិបត្តិការ​អន្តរជាតិ ក្រសួងការពារជាតិ ក្រសួង ស្ថាប័ន​ជំនាញ​ពាក់ព័ន្ធ​របស់​កម្ពុជា បាន​ធ្វើការ​ឆ្លើយ​តប​យ៉ាង​សកម្ម​ទៅ​លើ​ការ​ចោទ​ប្រកាន់​ទាំងនោះ ដើម្បី​ការពារ​ភាព​ត្រឹមត្រូវ​របស់​កម្ពុជា​ជា​បន្តបន្ទាប់​រួច​ហើយ ក៏​ដូច​ជា​ការ​ត្រៀម​ដាក់​ចេញ​នូវ​វិធានការ​ចាំបាច់​បន្ថែម​ទៀត​ក្នុង​គោលដៅ​ការពារ​ឧត្តម​ប្រយោជន៍​ជាតិខ្មែរ​។

សម្តេច​បាន​បញ្ជាក់​ថា​៖ ខ្ញុំ​មិន​មានការ​ចាំបាច់​ធ្វើការ​អត្ថាធិប្បាយ​អ្វី​បន្ថែម​ច្រើន​នោះ​ទេ ប៉ុន្តែ​ខ្ញុំ​គ្រាន់តែ​ចង់​ផ្ញើ​សា​​ខ្លី​ប៉ុន្មាន​ចំណុច​តែ​ប៉ុណ្ណោះ​ ដើម្បី​រំលឹក​ទៅ​ភាគី​ថៃ​ថា តំបន់​ឬ​ទីកន្លែង​ដែល​មាន​វិវាទ ឬ​មិន​ទាន់​ដាច់ស្រេច​ថា​ ស្ថិត​ក្នុង​ដែន​អធិបតេយ្យ​របស់​ប្រទេស​ណាមួយ គឺ​គ្មាន​ភាគី​ណា​មាន​សិទ្ធិ​ធ្វើ​សកម្មភាព​ឬ​ដាក់​ចេញ​នូវ​វិធានការ​ជា​ឯកតោភាគី​នៅ​ក្នុង​តំបន់​ឬ​ទីកន្លែង​នោះ​។ រាល់​វិធានការ​នានា​ដែល​អាច​អនុវត្ត ត្រូវ​មានការ​ឯកភាព​គ្នា​រវាង​ភាគី​ទាំង​ពីរ​ជា​មុន​សិន​។

សម្តេច​បាន​គូសបញ្ជាក់​បន្ថែម​ថា​៖«​បន្ទាត់​ក្រហម​នៅ​តែ​ជា​បន្ទាត់​ក្រហម មិន​មានការ​ប្រែប្រួល​ទេ​​សូមកុំ​បំពាន​។ កម្ពុជា​មិន​រំលោភ​បំពាន​លើ​អ្នក​ណា​ទេ ប៉ុន្តែ​កម្ពុជា​ក៏​មិន​ឱ្យ​អ្នក​ណាមួយ​រំលោភ​បំពាន​លើ​ខ្លួន​នោះ​ដែរ​។ កម្ពុជា​មាន​សមត្ថភាព​គ្រប់គ្រាន់​ និង​បាន​ត្រៀមខ្លួន​ជា​ស្រេច​ក្នុង​ការ​ការពារ​ខ្លួន​និង​ការពារ​បូរណភាព​ទឹកដី តាម​គ្រប់​មធ្យោបាយ​ទាំងអស់​ប្រឆាំង​នឹង​ការ​រំលោភ​បំពាន​»​។

ជាមួយ​គ្នា​នោះ​ដែរ ​សម្តេច​បាន​ប្រាប់​ទៅ​ថៃ​ថា​ វិធីសាស្ត្រ​បៀម​ឈាម​ព្រួស​ដាក់​អ្នក​ដទៃ មិនមែន​ជា​វិធីសាស្ត្រ​សុចរិត និង​ថ្លៃថ្នូរ​ទេ​។ វិធីសាស្ត្រ​បែប​នេះ​មិន​ត្រូវ​ប្រើ​ទេ បើ​យើង​ពិតជា​ចង់​កសាង​នូវ​ទំនុក​ចិត្ត​រវាង​គ្នា​និង​គ្នា​។

សម្តេច​បវរ​ធិ​បតី​បាន​អះ​អាងថា ​កម្ពុជា​នៅ​តែ​រក្សា​ជំហរ​ក្នុង​ការ​ស្វែងរក​ដំណោះស្រាយ​លើ​បញ្ហា​នេះ ដោយ​មធ្យោបាយ​អហិង្សា​ឱ្យ​បាន​ឆាប់រហ័ស ប្រកបដោយ​ភាព​ច្បាស់លាស់ ​និង​ចីរភាព ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ