ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កសិករ​កូរ៉េ​ខាងត្បូង​បង្ហាញ​ការ​ព្រួយបារម្ភ​ខ្លាំង​ពី​វត្តមាន​ផ្លែ​ប៉ោម​តម្លៃ​ថោក​របស់​អា​មេ​រិ​ក

3 ម៉ោង មុន

ប្រទេស​កូរ៉េ​ខាងត្បូង ៖ បណ្តា​កសិករ​ដាំ​ដុះ​ប៉ោម​នៅ​តំបន់ Cheongsong ដ៏​ល្បី​នៅ​ភាគ​អាគ្នេយ៍​ប្រទេស​កូរ៉េ​ខាងត្បូង ដែល​មាន​ចំនួន​មួយ​ភាគ​បី​នៃ​គ្រួសារ​ប្រហែល ១៤ ០០០​គ្រួសារ​នោះ បាន​បង្ហាញ​ការ​ព្រួយបារម្ភ​ថា ជីវភាព​រស់នៅ​ពួក​គេ​អាច​ស្ថិត​ក្រោម​ការ​គំរាមកំហែង​ពី​ការ​នាំ​ចូល​ផ្លែ​ប៉ោម​តម្លៃ​ថោក​របស់​សហរដ្ឋអាមេរិក​។…

ប្រទេស​កូរ៉េ​ខាងត្បូង ៖ បណ្តា​កសិករ​ដាំ​ដុះ​ប៉ោម​នៅ​តំបន់ Cheongsong ដ៏​ល្បី​នៅ​ភាគ​អាគ្នេយ៍​ប្រទេស​កូរ៉េ​ខាងត្បូង ដែល​មាន​ចំនួន​មួយ​ភាគ​បី​នៃ​គ្រួសារ​ប្រហែល ១៤ ០០០​គ្រួសារ​នោះ បាន​បង្ហាញ​ការ​ព្រួយបារម្ភ​ថា ជីវភាព​រស់នៅ​ពួក​គេ​អាច​ស្ថិត​ក្រោម​ការ​គំរាមកំហែង​ពី​ការ​នាំ​ចូល​ផ្លែ​ប៉ោម​តម្លៃ​ថោក​របស់​សហរដ្ឋអាមេរិក​។ នេះ​បើ​តាម​ប្រភព​ពី​ទីភ្នាក់ងារសារព័ត៌មាន Reuters ចេញផ្សាយ​នៅ​ថ្ងៃ​ទី​២២ ខែកក្កដា ឆ្នាំ​២០២៥​។

ការ​ព្រួយបារម្ភ​ជា​ខ្លាំង​កើតឡើង បន្ទាប់​ពី​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​កូរ៉េ​ខាងត្បូង​បាន​ស្នើ​កាលពី​ស​ប្តា​ហ៍​មុន​ថា កូរ៉េ​ខាងត្បូង​អាច​បើកផ្លូវ​សម្រាប់​ការ​នាំ​ចូល​ផលិតផល​កសិកម្ម​មួយ​ចំនួន​របស់​សហរដ្ឋអា​មេរិក​ជា​ផ្នូរ​នឹង​ការ​ការពារ​មុខទំនិញ​នាំ​ចេញ​សំខាន់​ៗ​របស់​ខ្លួន​។ លោក​រដ្ឋមន្ត្រី​បាន​លើក​ឡើង​ថា មុខទំនិញ​នាំ​ចេញ​ដ៏​សំខាន់​របស់​កូរ៉េ​ខាងត្បូង គួរតែ​ត្រូវ​បានការ​ពារ​ជា​ផ្នែក​ពី​កិច្ចព្រមព្រៀង​ណាមួយ ដើម្បី​គេច​ផុត​ពី​ការ​យកពន្ធ ឬ​កាត់​បន្ថយ​អត្រាពន្ធ​ពី​អា​មេ​រិ​ក ដូច​ជា ការ​នាំ​ចេញ​រថយន្ត ដែកថែប និង​ការ​នាំ​ចេញ​សំខាន់​ៗ​ផ្សេង​ទៀត​។

កសិករ​ម្នាក់​ដែល​ដាំ​ដុះ​ផ្លែ​ប៉ោម​អស់​រយៈពេល​២០​ឆ្នាំ​មក​ហើយ បាន​លើក​ឡើង​ថា «​ផ្លែ​ប៉ោម​របស់​អា​មេ​រិ​ក​មាន​តម្លៃ​ថោក​ខ្លាំង​ណាស់​។ យើង​មិន​អាច​ប្រកួតប្រជែង​ជាមួយ​បាន​ទេ​»​។ ឥឡូវនេះ​លោក​កំពុង​តែ​បារម្ភ​ថា កសិករ​កូរ៉េ​ខាងត្បូង​ប្រថុយ​នឹង​ការ​លះបង់​ដ៏​ធំ ដើម្បី​ផ្គាប់ចិត្ត​សហរដ្ឋ​អា​មេរិក និង​គាំទ្រ​ដល់​វិស័យ​ផលិតកម្ម​របស់​ប្រទេស​ខ្លួន​។

សហរដ្ឋអាមេរិក​បាន​អំពាវនាវ​ជា​យូរ​មក​ហើយ ឱ្យ​មានការ​ចូល​ទីផ្សារ​កូរ៉េ​ខាងត្បូង​កាន់តែ​ប្រសើរ សម្រាប់​ផលិតផល​កសិកម្ម​របស់​ខ្លួន រាប់​ចាប់ពី​សាច់​គោ​រហូត​ដល់​ផ្លែ​ប៉ោម និង​ដំឡូង​។ ប្រធានាធិបតី​អា​មេ​រិ​ក លោក ដូ​ណា​ល់ ត្រាំ កាលពី​ខែមេសា​កន្លង​ទៅ បាន​សង្កត់​ពន្ធ​ដ៏​ច្រើន​លើ​អង្ករ​របស់​កូរ៉េ​ខាងត្បូង និង​ជប៉ុន​។

ជា​ការ​ឆ្លើយ​តប ប្រទេស​កូរ៉េ​ខាងត្បូង​បាន​ចាត់វិធានការ​ដើម្បី​បើក​ទីផ្សារ​របស់​ខ្លួន ហើយ​ឥឡូវនេះ ប្រទេស​អាស៊ី​ខាងកើត​មួយ​នេះ គឺជា​អ្នកទិញ​សាច់​គោ​កំពូល​របស់​អា​មេ​រិ​ក និង​ជា​គោលដៅ​ធំ​បំផុត​ទី​៦ សម្រាប់​ការ​នាំ​ចេញ​កសិផល​របស់​អា​មេ​រិ​ក​។ ទោះ​យ៉ាងណា​ក៏​ដោយ រដ្ឋបាល​លោក ត្រាំ បាន​លើក​ឡើង​ពី​បញ្ហា​របាំង​មិនមែន​ពន្ធគយ ឬ​ឧបសគ្គ​ក្រៅពី​ពន្ធ នៅ​ក្នុង​ការ​ធ្វើ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ​។

ទីភ្នាក់ងារ​ដាច់​ដោយឡែក​របស់​កូរ៉េ​ខាងត្បូង នៅ​តែ​ពិនិត្យ​មើល​សំណើ​ចូល​ទីផ្សារ​របស់​ខ្លួន​ពី​អា​មេ​រិ​ក​សម្រាប់​ផ្លែ​ប៉ោម ដោយ​គិត​ទៅ​មាន​រយៈពេល​ជាង​៣០​ឆ្នាំ​មក​ហើយ ចាប់តាំងពី​អា​មេ​រិ​កបាន​ដាក់​ពាក្យ​ស្នើ ដោយ​ជំរុញ​ឱ្យ​ព​ន្លឿ​ន​ដំណើរការ​អនុម័ត​សម្រាប់​ប៉ោម និង​ដំឡូង​ជា​ច្រើន​។ វិស័យ​កសិកម្ម​បាន​លេច​ចេញ​ជា​ចំណុច​ជាប់​គាំង នៅ​ក្នុង​ការ​ចរចា​ពាណិជ្ជកម្ម​អា​មេ​រិ​ក​ជាមួយ​កូរ៉េ​ខាង​ត្បូង និង​ជប៉ុន បន្ទាប់​ពី​ប្រទេស​ដូច​ជា ឥណ្ឌូ​ណេ​ស៊ី និង​អង់គ្លេស​បាន​យល់ព្រម​អនុញ្ញាត​ឱ្យ​មានការ​នាំ​ចូល​ផលិតផល​កសិកម្ម​កាន់តែ​ច្រើន​ពី​អា​មេ​រិ​ក​នៅ​ក្នុង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​នា​ពេល​ថ្មី​ៗ​នេះ​។

ការ​ចរចា​ពន្ធ​បាន​ជំរុញ​ឱ្យ​មានការ​តវ៉ា​យ៉ាង​ខ្លាំង​ពី​ក្រុម​កសិករ​រួច​ទៅ​ហើយ និង​អាច​មាន​ច្រើន​ថែម​ទៀត​។ តួយ៉ាង លោក Youn Kyung-hee អភិបាលក្រុង Cheongsong បាន​ប្រាប់ Reuters ថា «​យើង​ប្រឆាំង​នឹង​ការ​នាំ​ចូល​ផ្លែ​ប៉ោម​មិន​ថា​មាន​អ្វី​កើតឡើង​ក៏​ដោយ ប្រជាជន ជា​ពិសេស​កសិករ​នឹង​មិន​អង្គុយ​ស្ងៀម​នោះ​ទេ ប្រសិនបើ​រដ្ឋាភិបាល​កូរ៉េ​ខាងត្បូង​បើក​ទីផ្សារ​ផ្លែ​ប៉ោម​»​។

សូម​ជម្រាប​ថា ផ្លែ​ប៉ម​ដែល​ត្រូវ​បាន​ដាំ​ដុះ​នៅ​តំបន់ Cheongsong ភាគ​អាគ្នេយ៍​ប្រទេស​កូរ៉េ​ខាងត្បូង ទទួល​បាន​ភាព​ល្បីល្បាញ​ជា​យូរ​មក​ហើយ ដោយសារ​រសជាតិ​ដ៏​ឆ្ងាញ់​របស់​វា ហើយ​ជា​រឿយ​ៗ​វា​ត្រូវ​បាន​វេច​ខ្ចប់​ក្នុង​ប្រអប់​យ៉ាង​ស្អាត ដើម្បី​ក្លាយជា​អំណោយ​ក្នុង​ឱកាស​បុណ្យ​ជាតិ​កូរ៉េ​ខាងត្បូង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ