ខេត្តសៀមរាប ៖ រយ:ពេលមួយថ្ងៃ គឺថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥ ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យា កម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យាខេត្ត ឃាត់ខ្លួនជនបរទេសបានចំនួន១៦២នាក់ ក្នុងនោះ (ស្រី្ត៣៥នាក់) គឺនៅខេត្តមណ្ឌលគិរី១៤៩នាក់ (ស្ត្រីចំនួន៣១នាក់) ស្មើនឹង១៣សញ្ជាតិ និងខេត្តសៀមរាបចំនួន១៣នាក់ (ស្ត្រី០៤នាក់) ដែលជាប់ ពាក់ព័ន្ធនឹងបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យា(Online Scams) ព្រមទាំងវត្ថុតាងមួយចំនួនផងដែរ។

ក្នុងនោះ នៅខេត្តសៀមរាបឃាត់ខ្លួនជនជាតិនេប៉ាល់ចំនួន១៣នាក់ (ស្ត្រី០៤នាក់) ស្ថិតនៅចំណុចផ្ទះវីឡាជួល ក្នុងភូមិខ្នារ សង្កាត់ជ្រាវ ក្រុង/ខេត្តសៀមរាប ព្រមទាំងរឹបអូសកុំព្យូទ័រលើតុ (Desktop) ចំនួន១៦ គ្រឿង, កុំព្យូ ទ័រយួរដៃ (Laptop) ចំនួន០២គ្រឿង, ទូរសព្ទដៃ និងវត្ថុតាងមួយចំនួនទៀត រួចបញ្ជូនមកសួរនាំនៅស្នងការនគរ បាលខេត្តសៀមរាប ដើម្បីរៀបចំកសាងសំណុំ រឿងបញ្ជូនទៅកាន់តុលាការចាត់ការបន្តតាមនីតិវិធីច្បាប់ ។

ដោយឡែក នៅខេត្តមណ្ឌលគិរី ពេលចុះបង្ក្រាបទីតាំង អនឡាញ (តំបន់C) ស្ថិតក្នុងភូមិពូឆប ឃុំដាក់ដាំ ស្រុកអូររាំង ខេត្តមណ្ឌលគិរី កម្លាំងនគរបាលការិយាល័យជំនាញបានចុះឃាត់ខ្លួនមនុស្សសរុបចំនួន ១៤៩នាក់ (ស្ត្រីចំនួន៣១នាក់) ស្មើនឹង ១៣ សញ្ជាតិ រួមទាំងបានដកហូតវត្ថុតាង មានដូចជា កុំព្យូទ័រ ទូរស័ព្ទដៃ និង សម្ភារ:ពាក់ព័ន្ធមួយចំនួន។

សូមបញ្ជាក់ផងដែរថា ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យា នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥ សមត្ថកិច្ចខេត្តមណ្ឌលគិរី និងខេត្តសៀមរាប បានឃាត់ខ្លួនជនបរទេសចំនួន១៦២នាក់ (ស្ត្រី៣៥នាក់) ។

បច្ចុប្បន្ន ជនសង្ស័យប្រុស-ស្រី ដែលជាជនបរទេស និងវត្ថុតាងទាំងអស់ ត្រូវបានបញ្ជូនបន្តអនុវត្តនីតិវិធី ទៅតុលាការតាមផ្លូវច្បាប់ ។

សូមរំលឹកថា លោកឧត្តមសេនីយ៍ទោស្នងការនគរបាលខេត្តទាំង២ខេត្ត នឹងចាត់វិធានការតាមផ្លូវច្បាប់ឱ្យតឹងរឹងបំផុតចំពោះ មេក្លោងទាំងឡាយដែលជាប់ ពាក់ព័ន្ធនឹងអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ ៕
ចែករំលែកព័តមាននេះ