រាជធានីភ្នំពេញ៖ បុរសម្នាក់ពេលថ្ងៃធ្វើជាគ្រូបង្រៀននៅសាលាអន្តរជាតិប៊ែល ធី លុះពេលយប់ឡើងបានឆ្លៀតពេលរត់ម៉ូតូកង់បី ដើម្បីរកប្រាក់កម្រៃបន្ថែមទៀត ហើយគាត់បានស្នាក់នៅក្នុងបន្ទប់លេខ៨ផ្ទះជួលស្ថិតនៅក្នុងភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញតែម្នាក់ឯងប៉ុណ្ណោះ ។
ជាអកុសលគាត់បានស្លាប់នៅក្នុងបន្ទប់ជួលខាងលើនោះ ដែលតាមនគរបាលបានពិនិត្យឃើញថា គាត់ស្លាប់ដោយជំងឺគាំងបេះដូង ហើយសាកសពត្រូវបានកូនប្រុសច្បងរបស់គាត់ប្រទះឃើញមុនគេ បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៧ព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥ ។
បុរសនោះឈ្មោះ ហេង សៅ អាយុ៥១ឆ្នាំ មុខរបរគ្រូបង្រៀននៅសាលាប៊ែល ធី នៅពេលថ្ងៃ និងរត់ម៉ូតូកង់បីនៅពេលយប់ មានទីលំនៅភូមិអង្គរជ័យក្រោម ឃុំអង្គរជ័យ ស្រុកអង្គរជ័យ ខេត្តកំពត ។ និងស្នាក់នៅក្នុងបន្ទប់ជួលកើតហេតុខាងលើ ហើយក៏មានពេលខ្លះទៀត គាត់ក៏បានស្នាក់នៅលើកង់បីក្នុងវត្តសំពៅមាសផងដែរ ។
ស្ត្រីជាប្រពន្ធរបស់គាត់បាននិយាយរៀបរាប់ថា ក្រុមគ្រួសារគាត់បានរស់នៅបែកគ្នា ដោយបុរសជាប្ដីនិងកូនប្រុសច្បងម្នាក់បាននាំគ្នាចាកចេញពីផ្ទះនៅឯខេត្តកំពតមកស្នាក់នៅរាជធានីភ្នំពេញ ហើយ ប្ដីគាត់បានស្នាក់នៅបន្ទប់ផ្ទះជួលកើតហេតុខាងលើម្នាក់ឯង ។ ដោយនៅពេលថ្ងៃធ្វើជាគ្រូបង្រៀនសិស្សនៅសាលាប៊ែល ធី នៅម្ដុំជិតដេ អិន (DN) លុយប់ឡើងបានឆ្លៀតពេលរត់ម៉ូតូកង់បីនៅម្ដុំវត្តសំពៅមាស ហើយថ្ងៃខ្លះទៅដេកនៅបន្ទប់ជួល ខាងលើ និងថ្ងៃខ្លះទៀតយប់ជ្រៅពេកក៏ដេកលើកង់បីនៅក្នុងវត្តសំពៅមាសក៏មានដែរ ។
ប្រពន្ធរូបនោះបាននិយាយបន្តទៀតថា ដោយឡែកកូនប្រុសច្បងរបស់គាត់ មិនបានស្នាក់នៅជាមួយឪពុកនោះទេ ព្រោះតែធ្វើការនៅក្នុងហាងសាច់អាំងមួយកន្លែងនៅខណ្ឌសែនសុខ ហើយក៏ស្នាក់នៅទីនោះតែម្ដង ។ ថ្វីដ្បិតតែស់នៅឆ្ងាយពីគ្នាមែន ប៉ុន្តែកន្លងមកប្ដីគាត់តែងតែខលទៅដាស់គាត់នៅវេលាម៉ោងជាង៥ព្រឹកជារៀងរាល់ថ្ងៃមិនដែលខានទេ ឬភ្លេចខលរកគាត់ជាប្រពន្ធម្ដងណាឡើយ ។
គាត់បាននិយាយប្រាប់បន្ថែមទៀតថាដោយឡែកនៅព្រឹកថ្ងៃកើតហេតុខុសប្លែកពីរាល់ថ្ងៃ ដោយសារតែវេលាម៉ោងជាង៦ព្រឹកទៅហើយអត់ឃើញប្ដីខលទៅដាស់គាត់ដូចរាល់ថ្ងៃសោះ គាត់មានការព្រួយបារម្ភពីប្ដី ក៏បានខលរក ប៉ុន្តែខលទៅទូរស័ព្ទប្ដី២ប្រព័ន្ធចូលច្រើនដងហើយអត់លើកសោះ ។ ពេលនោះគាត់ក៏បានខលទៅកាន់កូនប្រុសច្បងរបស់គាត់ដែលធ្វើការនៅហាងសាច់អាំងនោះ ដើម្បីឲ្យជួយខលរកឪពុកផង ហើយបន្តិចក្រោយមកកូនប្រុសក៏ប្រាប់វិញថា ខលចូលច្រើនដងហើយ តែមិនលើកដែរ ហើយកូនប្រុសរូបនោះក៏បានប្រាប់ទៀតថា ចង់ទៅមើលឪពុកដែរ តែគ្មានលុយចាក់សាំងម៉ូតូជិះទៅ ។
ស្ត្រីជាប្រពន្ធខាងលើបានបញ្ជាក់ប្រាប់បន្ថែមថា ខណៈនោះគាត់ក៏ឲ្យកូនប្រុសទី២របស់គាត់ម្នាក់ទៀត វេរលុយចំនួន២ម៉ឺនរៀល ឲ្យកូនប្រុសច្បងចាក់សាំងម៉ូតូជិះទៅមើលឪពុក ហើយពេលទៅដល់ឃើញទ្វារ និងបង្អួចបន្ទប់ជួលបិទជិត កូនប្រុសគាត់បានស្រែកហៅ តែអត់ឮឪពុកឆ្លើយ និងខលចូលឮសូរសម្លេងទូរស័ព្ទរោទិ៍ច្រើនដង ក៏នៅតែអត់លើកទៀត ។ ដោយមានការសង្ស័យកូនប្រុសគាត់ច្បងគាត់ក៏បានសុំឲ្យម្ចាស់ផ្ទះជួលគាស់ទ្វារចូលទៅមើលឃើញឪពុកដេកដណ្ដប់ភួយលើពូក ហើយពេលចាប់ដៃអង្រួនមើល ស្រាប់តែឃើញឪពុកស្លាប់ មានសភាពរឹងក្រញង់ៗបាត់ទៅហើយ ពុំដឹងថាស្លាប់តាំងពីពេលណាមកទេ ទើបរាយការណ៍ជូននគរបាលបានដឹង ។
នគរបាលបានប្រាប់ថា ក្រោយពេលទទួលបានដំណឹងថា មានមនុស្សស្លាប់បែបនេះ កម្លាំងអាជ្ញាធរមូលដ្ឋាន និងនគរបាលប៉ុស្តិ៍ចោមចៅទី១ បានចុះទៅពិនិត្យមើលនិងរាយការណ៍ជូននគរបាលការិយាល័យបច្ចេកទេសវិទ្យាសាស្ត្រនៃស្នងការនគរបាលរាជធានីភ្នំពេញចុះទៅពិនិត្យ និងធ្វើកោសល្យវិច័យ ។ ជាលទ្ធផលនគរបាលបានរកឃើញថា បុរសខាងលើនោះស្លាប់ដោយសារជំងឺគាំងបេះដូង បន្ទាប់មកបានប្រគល់សពជូនក្រុមគ្រួសារនាំយកទៅធ្វើបុណ្យតាមប្រពៃណី ៕






ចែករំលែកព័តមាននេះ