ប្រទេសកូរ៉េខាងត្បូង ៖ បណ្តាកសិករដាំដុះប៉ោមនៅតំបន់ Cheongsong ដ៏ល្បីនៅភាគអាគ្នេយ៍ប្រទេសកូរ៉េខាងត្បូង ដែលមានចំនួនមួយភាគបីនៃគ្រួសារប្រហែល ១៤ ០០០គ្រួសារនោះ បានបង្ហាញការព្រួយបារម្ភថា ជីវភាពរស់នៅពួកគេអាចស្ថិតក្រោមការគំរាមកំហែងពីការនាំចូលផ្លែប៉ោមតម្លៃថោករបស់សហរដ្ឋអាមេរិក។ នេះបើតាមប្រភពពីទីភ្នាក់ងារសារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥។
ការព្រួយបារម្ភជាខ្លាំងកើតឡើង បន្ទាប់ពីរដ្ឋមន្ត្រីពាណិជ្ជកម្មកូរ៉េខាងត្បូងបានស្នើកាលពីសប្តាហ៍មុនថា កូរ៉េខាងត្បូងអាចបើកផ្លូវសម្រាប់ការនាំចូលផលិតផលកសិកម្មមួយចំនួនរបស់សហរដ្ឋ អាមេរិកជាផ្នូរនឹងការការពារមុខទំនិញនាំចេញសំខាន់ៗរបស់ខ្លួន។ លោករដ្ឋមន្ត្រីបានលើកឡើងថា មុខទំនិញនាំចេញដ៏សំខាន់របស់កូរ៉េខាងត្បូង គួរតែត្រូវបានការពារជាផ្នែកពីកិច្ចព្រមព្រៀងណាមួយ ដើម្បីគេចផុតពីការយកពន្ធ ឬកាត់បន្ថយអត្រាពន្ធពីអាមេរិក ដូចជា ការនាំចេញរថយន្ត ដែកថែប និងការនាំចេញសំខាន់ៗផ្សេងទៀត។
កសិករម្នាក់ដែលដាំដុះផ្លែប៉ោមអស់រយៈពេល២០ឆ្នាំមកហើយ បានលើកឡើងថា «ផ្លែប៉ោមរបស់អាមេរិកមានតម្លៃថោកខ្លាំងណាស់។ យើងមិនអាចប្រកួតប្រជែងជាមួយបានទេ»។ ឥឡូវនេះលោកកំពុងតែបារម្ភថា កសិករកូរ៉េខាងត្បូងប្រថុយនឹងការលះបង់ដ៏ធំ ដើម្បីផ្គាប់ចិត្តសហរដ្ឋអាមេរិក និងគាំទ្រដល់វិស័យផលិតកម្មរបស់ប្រទេសខ្លួន។
សហរដ្ឋអាមេរិកបានអំពាវនាវជាយូរមកហើយ ឱ្យមានការចូលទីផ្សារកូរ៉េខាងត្បូងកាន់តែប្រសើរ សម្រាប់ផលិតផលកសិកម្មរបស់ខ្លួន រាប់ចាប់ពីសាច់គោរហូតដល់ផ្លែប៉ោម និងដំឡូង។
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីខែមេសាកន្លងទៅ បានសង្កត់ពន្ធដ៏ច្រើនលើអង្កររបស់កូរ៉េខាងត្បូង និងជប៉ុន។ ជាការឆ្លើយតប ប្រទេសកូរ៉េខាងត្បូងបានចាត់វិធានការដើម្បីបើកទីផ្សាររបស់ខ្លួន ហើយឥឡូវនេះ ប្រទេសអាស៊ីខាងកើតមួយនេះ គឺជាអ្នកទិញសាច់គោកំពូលរបស់អាមេរិក និងជាគោលដៅធំបំផុតទី៦ សម្រាប់ការនាំចេញកសិផលរបស់អាមេរិក។ ទោះយ៉ាងណាក៏ដោយ រដ្ឋបាលលោក ត្រាំ បានលើកឡើងពីបញ្ហារបាំងមិនមែនពន្ធគយ ឬឧបសគ្គក្រៅពីពន្ធ នៅក្នុងការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។
ទីភ្នាក់ងារដាច់ដោយឡែករបស់កូរ៉េខាងត្បូង នៅតែពិនិត្យមើលសំណើចូលទីផ្សាររបស់ខ្លួនពីអាមេរិកសម្រាប់ផ្លែប៉ោម ដោយគិតទៅមានរយៈពេលជាង៣០ឆ្នាំមកហើយ ចាប់តាំងពីអាមេរិកបានដាក់ពាក្យស្នើ ដោយជំរុញឱ្យពន្លឿនដំណើរការអនុម័តសម្រាប់ប៉ោម និងដំឡូងជាច្រើន។
វិស័យកសិកម្មបានលេចចេញជាចំណុចជាប់គាំង នៅក្នុងការចរចាពាណិជ្ជកម្មអាមេរិកជាមួយកូរ៉េខាងត្បូង និងជប៉ុន បន្ទាប់ពីប្រទេសដូចជា ឥណ្ឌូណេស៊ី និងអង់គ្លេសបានយល់ព្រមអនុញ្ញាតឱ្យមានការនាំចូលផលិតផលកសិកម្មកាន់តែច្រើនពីអាមេរិកនៅក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មនាពេលថ្មីៗនេះ។
ការចរចាពន្ធបានជំរុញឱ្យមានការតវ៉ាយ៉ាងខ្លាំងពីក្រុមកសិកររួចទៅហើយ និងអាចមានច្រើនថែមទៀត។ តួយ៉ាង លោក Youn Kyung-hee អភិបាលក្រុង Cheongsong បានប្រាប់ Reuters ថា «យើងប្រឆាំងនឹងការនាំចូលផ្លែប៉ោមមិនថាមានអ្វីកើតឡើងក៏ដោយ ប្រជាជន ជាពិសេសកសិករនឹងមិនអង្គុយស្ងៀមនោះទេ ប្រសិនបើរដ្ឋាភិបាលកូរ៉េខាងត្បូងបើកទីផ្សារផ្លែប៉ោម»។
សូមជម្រាបថា ផ្លែប៉មដែលត្រូវបានដាំដុះនៅតំបន់ Cheongsong ភាគអាគ្នេយ៍ប្រទេសកូរ៉េខាងត្បូង ទទួលបានភាពល្បីល្បាញជាយូរមកហើយ ដោយសាររសជាតិដ៏ឆ្ងាញ់របស់វា ហើយជារឿយៗវាត្រូវបានវេចខ្ចប់ក្នុងប្រអប់យ៉ាងស្អាត ដើម្បីក្លាយជាអំណោយក្នុងឱកាសបុណ្យជាតិកូរ៉េខាងត្បូង៕

ចែករំលែកព័តមាននេះ