ខេត្តតាកែវ ៖ ខ្ចីលុយអ្នកចងការប្រាក់២លានរៀល,កើតកូនកើនឡើងដល់៤៩ លានរៀល..ទីបំផុតចាប់ប្តីប្រពន្ធដាក់គុកចោលកូនពេញផ្ទះ ។
យោងតាមប្រភពពីម្ដាយរបស់កូនបំណុលបានរៀបរាប់នៅព្រឹកថ្ងៃទី២០ខែកក្កដា ឆ្នាំ២០២៥នេះឱ្យដឹងថា ដើមហេតុដំបូងកូនគាត់ឈ្មោះ ផូ ធីដា រស់នៅភូមិត្រពាំងរុន ឃុំឧត្ដមសូរិយាស្រុកត្រាំកក់ ខេត្តតាកែវបាន ទៅចងការប្រាក់ពីម្ចាស់បំណុលឈ្មោះ អេង សុខា ចំនួន ២លានរៀល ដែលមានទីលំនៅ ភូមិជ្រេ ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ ។
ដោយដើមប្រាក់ដំបូងចំនួន២លានរៀល ដោយត្រូវបង់ចុងក្នុង១ថ្ងៃ១៦មុឺនរៀល ហើយកូនគាត់តែងតែបង់ចុង ដោយមិនឱ្យម្ដាយឬគ្រួសារ ដឹងឡើយ ហើយអាជ្ញាធរ ភូមិឃុំក៏មិនបានដឹងឮដែរ និងការដាក់បញ្ចាំប្លង់ក៏គ្មានដែរ គឺលក្ខណៈ ចង់ការឯកជនស្ងាត់ៗតែម្ដង។
ស្រាប់តែកន្លងទៅថ្មីៗនេះ ខាងអធិការស្រុកត្រាំកក់ បានដាក់លិខិតកោះហៅកូនគាត់ទាំង២នាក់ ដោយប្រពន្ធឈ្មោះ ប៉ាវ ធីដា អាយុ៣៥ ឆ្នាំ និងប្ដីឈ្មោះ ផាន់ សុផាត អាយុ៣៦ឆ្នាំ រស់នៅ ភូមិត្រពាំងរុន ឃុំឧត្តមសូរិយា ស្រុកត្រាំកក់ ដែលជាកូនបំណុល ឲ្យចូលទៅបំភ្លឺនៅអធិការស្រុកត្រាំកក់ខេត្តតាកែវ ក្រោយមានពាក្យបណ្ដឹង ពីឈ្មោះ អេង សុខា រស់នៅភូមិជ្រេ ឃុំលាយបូរ ស្រុកត្រាំកក់ ហេតុតាកែវ ។
ក្រោយពេលចូលទៅបំភ្លឺនៅនៅចំពោះមុខសមត្ថកិច្ចនៃអធិការស្រុកត្រាំកក់ រួចរាល់ហើយ កូនបានប្រាប់ម្ដាយឱ្យដឹង ខាងម្ចាស់បំណុល គេឲ្យកូនគាត់ផ្ដិតមេដៃ ទទួល ស្គាល់ថា នៅជំពាក់ប្រាក់សរុប៤៩លានរៀលហើយថែម បោះពាក្យថា បើមិនផ្តិតមេដៃទទួលស្គាល់នៅជំពាក់ ប្រាក់៤៩លានរៀលនេះ គេនឹងប្ដឹងចាប់ដាក់គុក ! ។
ហេតុតែកូនបំណុលខ្លាចគេប្ដឹងចាប់ដាក់គុក ក៏ព្រមផ្ដិត មេដៃទទួលស្គាល់ថានៅជំពាក់ប្រាក់៤៩លានរៀលនេះតែម្ដង ហើយកូនគាត់បានប្រាប់ថា ក៏បានសងគេអស់ចំនួន១លានរៀលទៀត។
អស់រយៈពេល១០ថ្ងៃក្រោយមក កូនគាត់បានទទួល លិខិតកោះហៅពីស្នងការរងទទួលផែនព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ ឱ្យចូលទៅបំភ្លឺ ដោយមានលិខិតកោះហៅចំនួន២នាក់,ប្ដីប្រពន្ធ÷ទី១ ឈ្មោះ ប៉ាវ ធីដា ទី២ ឈ្មោះ ផាន់ សុផា ឱ្យចូលមកបំភ្លឺនៅការិយាល័យ ទទួលផែនព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោង៨:៣០នាទីព្រឹក ដើម្បីសាកសួរតាមពាក្យ បណ្ដឹងរបស់ឈ្មោះ អេង សុខា។
ក្រោយពេលសមត្ថកិច្ចសាកសួរកូនគាត់ទាំង២នាក់ប្ដីប្រពន្ធរួចហើយ អ្នកមីងដែលត្រូវជាម្ដាយបានប្រាប់ឱ្យដឹងទៀតថា កូនគាត់ត្រូវសមត្ថកិច្ចកសាងសំណុំរឿងឡើងទៅសាលាដំបូងខេត្តតាកែវ ក្រោយពីសាលាដំបូងបានសាកសួរនាំចប់ ខាងសាលាដំបូងបានសម្រេចឃុំ ខ្លួនកូនគាត់ បណ្ដោះអាសន្ធ រងចាំការសើបអង្កេតនៅ ពេលក្រោយ។ មកដល់ពេលនេះ ឃុំខ្លួនកូនគាត់អស់រយ:ពេល១០ថ្ងៃហើយ។
ជុំវិញរឿងរ៉ាវខាងលើនេះដែរ ខាងជំនាញព្រហ្មទណ្ឌបានឱ្យដឹងថា សមត្ថកិច្ចធ្វើទៅតាម នីតិវិធីរឿងឆបោកប្រាក់ និងយោងទៅតាមភស្ដុតាងមួយចំនួនប៉ុណ្ណោះ ។
លោក ឯក ឆេងហួត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តតាកែវ បានឱ្យដឹងនៅព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ ២០២៥នេះថា រឿងនេះមិនមែនដូចការរៀបរាប់ របស់អ្នកមីងទាំងស្រុងទេ សូមសួរនាំគាត់ឡើងវិញ។
ទោះបីយ៉ាងណាក៏ដោយ អ្នកមីងជាម្ដាយ របស់កូន បំណុលសំណូមពរទៅដល់លោក វុី សំណាង អភិបាល ខេត្តតាកែវ,លោក ធាម ចន្ទពិសិដ្ឋ ប្រធានសាលាដំបូងខេត្តតាកែវ ដើម្បីជួយរកយុត្តិធម៌ជូនកូនគាត់ផង ព្រោះរឿងនេះហេតុអីអយុត្តិធម៌ម្លេះ គ្រាន់តែរឿងជំពាក់លុយ ហើយប្រពន្ធអ្នកខ្ចី បែរជាចាប់ដល់ប្ដីដាក់គុកបន្ថែមទៀត បន្សល់ទុកកូន៣នាក់ឱ្យនៅកំព្រាឯកា ។
ព័ត៌មានបន្ថែមនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕



ចែករំលែកព័តមាននេះ