រាជធានីភ្នំពេញ ៖ រាជរដ្ឋាភិបាល និងមន្ត្រីការទូតកម្ពុជា ឥតឈប់ឈរដើម្បីរក្សាការពារអធិបតេយ្យ និងបូរណភាពដែនដីក៏ដូចជាផលប្រយោជន៍ជាតិកម្ពុជាតាមផ្លូវការទូត ។ នេះបើតាមការបញ្ជាក់របស់អ្នកនាំពាក្យក្រសួងការបទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ។

ឯកឧត្តម ចាន់ រតនា អ្នកនាំពាក្យស្តីទីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានឆ្លើយតបនឹងសំណួររបស់អ្នកសារព័ត៌មាន នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦ នេះជុំវិញការបន្តកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល និងមន្ត្រីការទូតកម្ពុជាឥតឈប់ឈរ ដើម្បីរក្សាការពារអធិបតេយ្យ និងបូរណភាពដែនដីក៏ដូចជា ផលប្រយោជន៍ជាតិកម្ពុជាតាមផ្លូវការទូត ។
ឯកឧត្តមបានថ្លែងថា ៖«ក្រោយការចូលជាធរមាននៃបទឈប់បាញ់ នៅថ្ងៃទី២៧ ធ្នូ ឆ្នាំ២០២៥ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការបរទេស និងសហប្រតិបតិ្តការអន្តរជាតិ នៅតែបន្តកិច្ចប្រឹងប្រែងឥតឈប់ឈរ ដើម្បីរក្សាការពារអធិបតេយ្យ និងបូរណភាពដែនដីក៏ដូចជា ផលប្រយោជន៍ជាតិកម្ពុជា តាមផ្លូវការទូតដោយផ្អែកលើមូលដ្ឋានធម្មនុញ្ញអង្គការសហប្រជាជាតិ និងធម្មនុញ្ញអាស៊ាន ពិសេសគោលការណ៍មិនប្រើកម្លាំង ឬគំរា.មប្រើកម្លាំង ដើម្បីដោះស្រាយជម្លោះ និងកំណត់ព្រំដែន ក៏ដូចជាច្បាប់មនុស្សធម៌អន្តរជាតិ ដោយសង្កត់ធ្ងន់លើសិទ្ធរស់នៅរបស់ប្រជាជនស៊ីវិល» ។
ឯកឧត្តម ចាន់ រតនា បានគូសបញ្ជាក់ថា ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ព្រមទាំងស្ថានបេសកកម្មការទូតកម្ពុជា នៅទូទាំងពិភពលោក បន្តខិតខំជំរុញសហគមន៍អន្តរជាតិឲ្យផ្តល់ការគាំទ្រ និងជួយអន្តរាគមន៍ ដើម្បីឲ្យប្រជាជនភៀសសឹកកម្ពុជាទាំងអស់ បានវិលត្រឡប់ទៅលំនៅដ្ឋាន និងបន្តជីវភាពរស់នៅប្រចាំថ្ងៃរបស់គេឡើងវិញដោយសុវត្ថិភាព សេចក្តីថ្លៃថ្នូរ និងគ្មានការរារាំង ។
ទន្ទឹមនេះ យើងក៏បន្តជំរុញឲ្យភាគីថៃបញ្ឈប់សកម្មភាពកងទ័ពថៃដូចជា ការរុះរើបំផ្លាញផ្ទះសម្បែង និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល រារាំងប្រជាជនខ្មែរមិនចូលលំនៅដ្ឋានក៏ដូចជា ការអនុវត្តវិធានការនានាដើម្បីពង្រឹងការឈរជើងដោយខុសច្បាប់ នៅក្នុងភូមិស្រុករបស់កម្ពុជា ដែលគេបានប្រើកម្លាំងដណ្តើមកាន់កាប់ ហើយបែរមកសហការពន្លឿនការងាររបស់គណកម្មការចំរុះខ័ណ្ឌសីមាព្រំដែនកម្ពុជា-ថៃ ក្នុងការកំណត់ខ្សែព្រំដែនរវាងប្រទេសទាំងពីរ ផ្អែកលើមូលដ្ឋានច្បាប់ដែលភាគីទាំងពីរបានឯកភាពគ្នាកន្លងមក ។
ឯកឧត្តម ចាន់ រតនា បានថ្លែងបន្ថែមថា ក្នុងគោលដៅនេះ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបាន និងកំពុងបន្តធ្វើការងារតាមច្រកផ្លូវការជាទ្វេភាគីជាមួយប្រទេសថៃ និងប្រាស្រ័យទាក់ទងគ្រប់កំរិតជាមួយបណ្តាប្រទេសជាមិត្តទាំងអស់ ដែលយកចិត្តទុកដាក់ដល់ការស្តារសន្តិភាព និងស្ថិរភាពរវាងកម្ពុជា និងថៃ ក៏ដូចជា ពិភពលោកទាំងមូល ។ នៅកំរិតតំបន់យើងនឹងបន្តធ្វើការជាមួយហ្វីលីពីន ដែលជាប្រធានអាស៊ានថ្មីហើយនិងបន្តប្រើប្រាស់យន្តការអាស៊ាន ដើម្បីជំរុញដំណើរការទៅសន្តិភាព និងភាពសុខដុមចីរកាលក្នុងគ្រួសារអាស៊ាន ដើម្បីរក្សា និងលើកស្ទួយកិត្តិនាមអាស៊ាន ។
នៅលើវេទិកា អន្តរជាតិ ស្ថានបេសកកម្មកម្ពុជាប្រចាំអង្គការសហប្រជាជាតិនៅក្រុងញូយ៉ក និងក្រុងហ្សឺណែវ និងប្រចាំអង្គការពាក់ព័ន្ធ បានធ្វើលិខិតសុំកិច្ចអន្តរាគមន៍ និងបានជួបពិភាក្សា ជាមួយថ្នាក់ដឹកនាំនៃអង្គការ សំខាន់ៗដូចជា ឯកឧត្តមអគ្គលេខាធិការអង្គការសហប្រជាជាតិ ប្រធាន និងសមាជិកក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ អង្គការយូណេស្តូ ប្រធានកាកបាទក្រហមអន្តរជាតិ តំណាងជាន់ខ្ពស់នៃអង្គការសិទ្ធមនុស្ស និងអ្នករាយការណ៍ពិសេសស្តីពីសិទ្ធលំនៅដ្ឋានរបស់អង្គការសិទ្ធមនុស្សជាដើម៕
ចែករំលែកព័តមាននេះ