ប្រទេសអ៊ីរ៉ង់ ៖ បាតុកម្មហិង្សាប្រឆាំងរដ្ឋអំណាចអ៊ីរ៉ង់ដែលពីដំបូងជាបាតុកម្មប្រឆាំងការលំបាកលំបិនខាងសេដ្ឋកិច្ច ហើយពេលនេះ កំពុងក្លាយជាបាតុកម្មនយោបាយផ្ដួលរំលំរដ្ឋអំណាចអ៊ិស្លាមអ៊ីរ៉ង់នោះ បច្ចុប្បន្នកំពុងតែពុះកញ្ជ្រោលខ្លាំងឡើង ក្លាយជាការបះបោរ ដែលនាំឲ្យមានការបង្ក្រាបយ៉ាងខ្លាំងក្លា ដោយមកទល់ពេលនេះ បណ្ដាលឲ្យបាតុករស្លាប់កើនដល់យ៉ាងតិច៦៤៨នាក់ហើយ ចាប់ពីថ្ងៃទី២៨ ធ្នូ មក ។ នេះបើតាមការប្រកាសកាលពីថ្ងៃទី១២ មករា របស់អង្គការសិទ្ធិមនុស្សអ៊ីរ៉ង់មួយមានមូលដ្ឋាននៅប្រទេសន័រវែស ។

អង្គការនោះបញ្ជាក់ថា ក្នុងចំណោមអ្នកស្លាប់មានអនីតិជន៩នាក់ ចំណែកមនុស្សច្រើនពាន់នាក់រងរបួស ។ រួចតាមការវាយតម្លៃមួយចំនួនដែលអង្គការនោះ មិនអាចធ្វើការផ្ទៀងផ្ទាត់បាន លើកឡើងពីចំនួនអ្នកស្លាប់ថា មានដល់ទៅជាង៦០០០នាក់ឯណោះ ។ បាតុកម្មដំបូង កើតមាននៅក្រុងតេហេរ៉ង់កាលពីថ្ងៃទី២៨ ធ្នូ ដោយពួកពាណិជ្ជករតវ៉ាប្រឆាំងការលំបាកលំបិនខាងសេដ្ឋកិច្ច និងតម្លៃប្រាក់ជាតិកាន់តែធ្លាក់ថ្លែ ។ បាតុកម្មកាន់រីកធំដល់ទីក្រុងដទៃទៀតក្នុងប្រទេស រយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ។ ការប្រមូលផ្ដុំមនុស្សធ្វើបាតុកម្មមិនចុះខ្សោយឡើយ ។ បាតុករច្រើនពាន់នាក់ប្រមូលផ្ដុំគ្នា កាលពីថ្ងៃទី១២ មករា នៅទីលានធំមួយ កណ្ដាលក្រុងតេហេរ៉ង់ តែជាបាតុកម្មគាំទ្ររដ្ឋអំណាចអ៊ីរ៉ង់ ដែលកំពុងប្រឈមមុខនឹងចលនាតវ៉ាដ៏ធំ ដែលការបង្ក្រាបបណ្ដាលឲ្យមនុស្សស្លាប់ច្រើនរយនាក់ ។
បន្ទាប់ពីការគំរាមផ្ទួនៗរបស់ប្រធានាធិបតីអាមេរិក លោកដូណាល់ត្រាំពីការធ្វើអន្តរាគមន៍យោធាអាមេរិក រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់អះអាងកាលពីថ្ងៃទី១២មករាថា ប្រទេសលោកត្រៀមសង្គ្រាមតែក៏ត្រៀមចរចាដែរ ។ ជាមួយការប្រឈមដ៏ធំពុំធ្លាប់មាន តាំងពីការបង្កើតសាធារណរដ្ឋអ៊ិស្លាមអ៊ីរ៉ង់ពីឆ្នាំ១៩៧៩មក រដ្ឋអំណាចអ៊ីរ៉ង់ពេលនេះស្វែងរកក្ដាប់អំណាចក្នុងដៃវិញ ដោយអំពាវនាវដល់បណ្ដាអ្នកគាំទ្រឲ្យលើកគ្នាធ្វើបាតុកម្មតបតវិញតាមដងវិថីនានា ក្រោយពីកាត់ផ្ដាច់អ៊ីនធើរណេតទាំងស្រុងពីថ្ងៃទី៨មករាមក ។
ប្រឈមមុខនឹងការបង្ក្រាបពួកបាតុករប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំ កំពុងសិក្សាពីការជ្រើសរើសខាងយោធាខ្លាំងបំផុតមួយ ។ នាថ្ងៃទី១៣ មករា លោកបានកោះប្រជុំជាមួយរដ្ឋមន្ត្រីការបរទេស លោកម៉ាកូរ៉ូប៊ីយ៉ូ រដ្ឋមន្ត្រីក្រសួងសង្គ្រាមលោកPETE HEGSETH និងនាយសេនាធិការកងទ័ពឧត្ដមសេនីយ៍ DAN CAIN ដើម្បីពិភាក្សានៅសេតវិមាន ពីការជ្រើសរើសផ្សេងៗ ប្រឈមមុខនឹងការបង្ក្រាបបាតុកម្មនៅអ៊ីរ៉ង់។ តាមផែនការយោធាការវាយប្រហារអ៊ីរ៉ង់មានតែតាមអាកាស ដោយការវាយប្រហារតាមជើងគោកត្រូវបានបដិសេធរួចហើយ ។ តាមបណ្ដាអ្នកជំនាញការថា អ៊ីរ៉ង់ជាប្រទេសដ៏ធំមួយ ហើយមានប្រជាជនក៏ច្រើន ហើយកងទ័ពរបស់ប្រទេសនេះពិសេសកងឆ្នាំបដិវត្តន៍សុទ្ធតែបានរៀបចំខ្លួនតាំងពីច្រើនទសវត្សមកហើយ ក្នុងការទប់ទល់ចំពោះការវាយប្រហារពីខាងក្រៅ។
ក្នុងន័យនេះបណ្ដាអ្នកជំនាញការបន្តថា រាល់ប្រតិបត្តិការរបស់អាមេរិក នឹងត្រូវឆ្លងកាត់ថែមទៀតតាមរយៈ ការជួយទ្រទ្រង់ដោយប្រយោលដល់ពួកប្រឆាំង។ ការវាយប្រហាររបស់អាមេរិកអាចសំដៅលើបណ្ដាកងឯកភាពយោធាឬកងកម្លាំងសន្តិសុខដែលស្វែងរករារាំងការផ្លាស់ប្ដូរអំណាច។ យុទ្ធសាស្ត្របែបនេះក៏មានទិសដៅផងដែរ ធ្វើការគាបសង្កត់លើកងឯកភាពយោធាមួយចំនួន ដោយព្រមានពួកគេថា ពួកគេអាចជាគោលដៅវាយប្រហារ ប្រសិនបើមិនចូលខាងប្រជាជនទេនោះ៕
ចែករំលែកព័តមាននេះ