អគ្គិភ័យឆេះចម្ការតាង៉ែន និងដំណាំត្របែកអស់ជិត៩០០ដើម រកមូលហេតុមិនទាន់ឃើញ
- បាត់ដំបង
ខេត្តបាត់ដំបង ៖ ដំណាំតាង៉ែន និងដំណាំត្របែកយ៉ាងតិចជិត៩០០ដើម ត្រូវបានព្រះអគ្គិ ភ័យ ដែលគេរកមិនទាន់ឃើញពីមូលហេតុ លេបត្របាក់យកអស់គ្មានសល់ កាលពីវេលាម៉ោង១ និង១០នាទីរសៀលថ្ងៃទី១២ មករា នៅដីចម្ការមួយកន្លែង ស្ថិតក្នុងភូមិភ្នំតូច ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ។

អធិការស្រុកភ្នំព្រឹក លោក សំ វីរៈ បានប្រាប់ថា គេមិនទាន់ដឹងពីមូលហេតុ ដែលនាំឲ្យមានអគ្គិភ័យនេះកើតឡើងនៅឡើយទេ ប៉ុន្តែមន្ត្រីជំនាញបាននិងកំពុងសាកសួរអ្នកចាំចម្ការនេះ ខណៈម្ចាស់ចម្ការផ្ទាល់រស់នៅភ្នំពេញ ។ តាមរយៈរបាយការណ៍មន្ត្រីជំនាញបានឲ្យដឹងថា ម្ចាស់ចម្ការដំណាំតាង៉ែន និងដំណាំត្របែកនេះ ឈ្មោះ ជុង រស់នៅភ្នំពេញ តែមានអ្នកចាំថែរក្សាជាប្រចាំនៅលើដីចម្ការ ។

សមត្ថកិច្ចបានស្រង់សម្ដីអ្នកយាមចម្ការថា អគ្គិភ័យនោះបានចាប់ផ្ដើមពីទិសខាងកើតមកមុន ដោយឆេះស្មៅក្នុងចម្ការ ហើយរាលដាលយ៉ាងលឿនទាំងកណ្ដាលថ្ងៃត្រង់ ធ្វើឲ្យឆេះទាំងដំណាំតាង៉ែន និងដំណាំត្របែក ដែលគេមិនអាចទប់ស្កាត់បាន ។ បើតាមអ្នកចាំចម្ការបានលើកពីប្រវត្តិអគ្គិភ័យឆេះចម្ការថា ស្ទើររាល់ឆ្នាំ ភ្លើងព្រៃបានកើតឡើងដោយមិនដឹងមូលហេតុ ធ្វើឲ្យឆេះរាលដាលចូលក្នុងចម្ការ ។ ពេលខ្លះក៏ពន្លត់ទាន់ពេល តែពេលខ្លះត្រូវឆេះរាលដាល់ដល់ដំណាំខូចខាតច្រើនដែរ ប៉ុន្តែលើកនេះធ្ងន់ធ្ងរតែម្ដង ខូចខាតដំណាំតាង៉ែន និងត្របែកអស់រហូតដល់ទៅ៨៧០ដើម ។

ពាក់ព័ន្ធនិងអគ្គិភ័យកំបាំងមុខនេះ បើតាមប្រភពខ្លះបានដាក់ការសង្ស័យទៅលើពួកដើរយកឃ្មុំតាមព្រៃឬតាមចម្ការ រីឯប្រភពខ្លះអាចផ្ដើមចេញពីភ្លើងព្រៃ ដែលបង្កដោយមនុស្សមិនស្គាល់មុខ ។ ប៉ុន្តែយ៉ាងណា បើតាមលោកសំ វីរៈ អធិការស្រុកភ្នំព្រឹកបានបញ្ជាក់ថា ក្នុងករណីនេះ យើងមិនទាន់អាចសន្និដ្ឋានបានថា តើអគ្គិភ័យឆេះដំណាំក្នុងចម្ការខាងលើនេះ ផ្ដើមចេញពីអ្វីនៅឡើយទេ ? ប៉ុន្តែមន្ត្រីជំនាញនៅតែបន្តធ្វើការស៊ើបអង្កេតលើករណីនេះនៅឡើយទេ ៕









ចែករំលែកព័តមាននេះ