ខេត្តកំពង់ចាម ៖ ក្នុងស្មារតីសាមគ្គីភាពពីសំណាក់បងប្អូនប្រជាពលរដ្ឋនៅសមរភូមិក្រោយ ដោយមិននៅស្ងៀមនោះទេ គឺបាននាំគ្នាធ្វើត្រីឆ្អើររាប់រយពាន់ចង្កាក់ ដើម្បីយកទៅជូនដល់វីរកងទ័ពជួរមុខ រួមទាំងជនភៀសសឹកនៅខេត្តព្រះវិហារ ។

ដោយមើលឃើញសកម្មភាពល្អបែបនេះ ត្រូវបានឯកឧត្តមអ៊ុន ចាន់ដា អភិបាលខេត្តរួមនិងសហការីបានអញ្ជើញចុះពិនិត្យមើលសកម្មភាពបងប្អូននាំគ្នាធ្វើត្រីឆ្អើរ កាលពីព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦ នៅភូមិកោះថ្មី ឃុំកោះសូទិន ស្រុកកោះសូទិន ជាមួយនោះឯកឧត្តមក៏បានភ្លក់រសជាតិត្រីឆ្អើរ ដោយលាន់មាត់ថា ពិតជាមានរសជាតិឆ្ងាញ់ ។

លោក នៅ សុខ តំណាងឱ្យប្រជាពលរដ្ឋនៅភូមិកោះថ្មីរៀបរាប់ឲ្យដឹងថា ដំបូងរូបលោកបានមើលតាមទូរសព្ទឃើញបងៗវីរកងទ័ពជួរមុខប្រចាំទិសខេត្តព្រះវិហារ គឺមានសកម្មភាពអង់អាចខ្លាហានដោយឈរជើងទប់ទល់នឹងការឈ្លានពានពីសំណាក់កងទ័ពថៃមកលើបូរណៈភាពទឹកដីកម្ពុជា ។ តាមរយៈជម្លោះព្រំដែនកម្ពុជា-ថៃ បានធ្វើឲ្យប្រជាពលរដ្ឋរងគ្រោះ ក្នុងនោះ មានអ្នកស្លាប់ក៏មាន ហើយមួយផ្នែកធំបានបិទទ្វារផ្ទះចាកចេញពីភូមិឋានឆ្ពោះមកកាន់កន្លែងសុវត្ថិភាពតាមតំបន់នានា ។

តំណាងប្រជាពលរដ្ឋរូបនេះបានបន្តឲ្យដឹងទៀតថា ដំបូងប្រជាពលរដ្ឋនៅក្នុងភូមិបាននាំគ្នាទិញត្រីទន្លេដែលគេនេសាទបានយកមកធ្វើត្រីឆ្អើរបានចំនួន៣០០ចង្កាក់ ហើយក៏បានយកជូនដល់កម្លាំងកងពលតូចលេខ៧០នៅរាជធានីភ្នំពេញ ដើម្បីបែងចែកជួរមុខក្នុងខេត្តព្រះវិហារ និងឧត្តរមានជ័យ ។ ក្រោមចំណងសាមគ្គីភាពបងប្អូនប្រជាពលរដ្ឋឃើញទង្វើល្អរបស់លោកក៏បានរួមគ្នាសាមគ្គីជាធ្លុងមួយដោយ ប្រឹងប្រែងធ្វើត្រីឆ្អើឲ្យបានកាន់តែច្រើនឡើងដោយគិតរហូតមកដល់ព្រឹកថ្ងៃទី១២ មករា ឆ្នាំ២០២៦ គឺជាថ្ងៃទី៤ហើយ បើគិតពីបរិមាណត្រីរៀលស្រស់ ដែលទិញពីបងប្អូននេសាទបានប្រហែលជា៤០០គីឡូក្រាម យកមកធ្វើត្រីឆ្អើរ បើគិតរហូតដល់ល្ងាចថ្ងៃ១២ មករា គឺអាចលើសដល់១២០០ចង្កាក់ ។

ទោះបីត្រីទន្លេមេគង្គមិនសូវត្រូវ ក៏ក្រុមការងាររបស់លោកបានប្រឹងប្រែងទិញយកមក គឺមានប្រជាពលរដ្ឋប្រុសស្រីក្មេងចាស់ក្នុងភូមិក្នុងរង្វង់៣០នាក់ជាង ក្នុងនោះមានទាំងបងប្អូនខ្មែរឥស្លាម បាននាំគ្នាជួយធ្វើដោយមិនគិតពីថវិកាអ្វីនោះទេ ។ តាមគោលការណ៍ធ្វើត្រីឆ្អើរនេះឲ្យបានមួយតោន ដើម្បីយកទៅជូនដល់បងៗវីរកងទ័ពជួរមុខ រួមទាំងជនភៀសសឹកនៅតាមតំបន់មួយចំនួន ដែលគេចពីគ្រាប់ផ្លោងរត់មករស់នៅបណ្ដោះអាសន្នតាមតំបន់សុវត្ថិភាពនានា ។

ជាក់ស្ដែង នៅព្រឹកថ្ងៃទី១២ មករា គឺមានពលរដ្ឋមកជួយរហូតដល់ជិត១០០នាក់ឯណោះ ដើម្បីបង្កើនការងារឲ្យឆាប់រួចរាល់ ។ ហើយឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តក៏បានអញ្ជើញចុះមកពិនិត្យដោយផ្ទាល់ ព្រមទាំងបានភ្លក់រសជាតិត្រីឆ្អើរកោះថ្មីលាន់មាត់ថា មានរសជាតិឆ្ងាញ់ មិនតែប៉ុណ្ណោះក៏បានឲ្យរូបលោក (នៅ សុខ) បង្កើតសហគមន៍ត្រីឆ្អើរកោះថ្មីប្រយោជន៍ ដើម្បីឱ្យមានឈ្មោះបោះសំឡេងនៅក្នុងខេត្តកំពង់ចាម ព្រមទាំងជំរុញឲ្យមានការផលិតផល១ភូមិ១ថែមទៀតផង ។

ត្រីឆ្អើរនេះ បងៗកងទ័ពអាចទុកបានយូរថ្ងៃមិនចេះខូច ហើយអាចយកមកហូបជាមួយនឹងជ្រក់ស្វាយឬប៉េងប៉ោះជាមួយនឹងបាយ ដើម្បីមានកម្លាំងឈរជើងការពារបូរណភាពទឹកដី។ តំណាងប្រជាពលរដ្ឋភូមិកោះថ្មីរូបនេះបញ្ជាក់ថា រូបលោកមានទំនុកចិត្តលើប្រមុខរាជរដ្ឋាភិបាលកម្ពុជា ពិសេសសម្ដេចតេជោ និងសម្ដេចបវរធិបតី ហើយពលរដ្ឋគ្រប់ទិសទីបាននាំគ្នាបួងសួងសូមឱ្យជម្លោះព្រំដែនកម្ពុជា-ថៃ បានឆាប់វិលត្រឡប់ទៅរកសភាពដើមគឺសុខសន្តិភាពយូរអង្វែង ។ ដើម្បីឱ្យពលរដ្ឋភៀសសឹកនៅតាមតំបន់មួយចំនួនបានវិលត្រឡប់ទៅកាន់លំនៅឋានវិញប្រកបរបរលក់ដូរដើម្បីដោះស្រាយជីវភាពក្រុមគ្រួសារ។







ចែករំលែកព័តមាននេះ