ទីក្រុងតូក្យូ ៖ ព្រិលធ្លាក់ខ្លាំង លាយឡំនឹងខ្យល់បក់ខ្លាំង បានវាយប្រហារទូទាំងប្រទេសជប៉ុន នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៦ បង្ខំឱ្យបណ្តាក្រុមហ៊ុនអាកាសចរណ៍លុបចោលជើងហោះហើរជាច្រើន។ នេះបើតាមប្រភពពីសារព័ត៌មាន The Japan News ចេញផ្សាយកាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦។
យោងតាមទីភ្នាក់ងារឧតុនិយមជប៉ុនបានរាយការណ៍ថា អាកាសធាតុចុះត្រជាក់ខ្លាំងត្រូវបានអ្នកជំនាញរំពឹងថានឹងកើតមាននៅក្នុងតំបន់ជាច្រើន នៅថ្ងៃទី១២ ខែមករា ផងដែរ។ ដោយព្រិលធ្លាក់ខ្លាំង និងខ្យល់បក់ខ្លាំងទំនងបណ្តាលឱ្យមានការរំខានដល់ការដឹកជញ្ជូនបន្ថែមទៀត។ អាជ្ញាធរបានជំរុញឱ្យអ្នកធ្វើដំណើរតាមដានព័ត៌មានថ្មីៗយ៉ាងដិតដល់អំពីជើងហោះហើរ ខណៈដែលស្ថានភាពនៅតែប្រែប្រួល។
គិតត្រឹមម៉ោង ៨ នាទីយប់ (ម៉ោងនៅក្នុងស្រុក) នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៦ បណ្តាក្រុមហ៊ុនអាកាសចរណ៍ជប៉ុនបានលុបចោលជើងហោះហើរក្នុងស្រុកចំនួន ៥៨ រួមទាំងជើងហោះហើរ Osaka Itami-Tajima របស់ខ្លួនផងដែរ ដែលប៉ះពាល់ដល់អ្នកដំណើរចំនួន ១ ៩៤៥ នាក់។
ចំណែកឯក្រុមហ៊ុនអាកាសចរណ៍ជប៉ុន All Nippon Airways (ANA) បានលុបចោលជើងហោះហើរក្នុងស្រុកចំនួន ៤៣ រួមទាំងជើងហោះហើរ Haneda-Tottori របស់ខ្លួន គិតត្រឹមម៉ោង ៦ ល្ងាច ដែលប៉ះពាល់ដល់អ្នកដំណើរប្រហែល ២ ៨០០ នាក់៕

ចែករំលែកព័តមាននេះ