ទីក្រុងហាណូយ ៖ ក្រសួងហិរញ្ញវត្ថុវៀតណាម កាលពីថ្មីៗនេះ បានស្នើឱ្យបណ្តាអង្គភាពពាក់ព័ន្ធតាមដានយ៉ាងដិតដល់នូវការវិវត្តតម្លៃទំនិញ ពង្រឹងកិច្ចខិតខំប្រឹងប្រែងរក្សាស្ថិរភាពតម្លៃ និងប្រយុទ្ធប្រឆាំងការរត់ពន្ធ ដើម្បីគ្រប់គ្រងអតិផរណា អំឡុងពេលថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំប្រពៃណីវៀតណាម ឆ្នាំ ២០២៦។ នេះបើតាមការចេញផ្សាយពីសារព័ត៌មានវៀតណាម Znews ។
បើទោះបីជាទីផ្សារក្នុងស្រុករក្សាស្ថិរភាពជាទូទៅកាលពីឆ្នាំមុន ជាមួយនឹងតម្លៃអំណោយផលសម្រាប់ទំនិញ និងប្រេងឥន្ធនៈសំខាន់ៗក៏ពិតមែន ប៉ុន្តែក្រសួងហិរញ្ញវត្ថុវៀតណាមបានចេញសេចក្តីណែនាំមួយ ដែលតម្រូវឱ្យបណ្តាអង្គភាពពាក់ព័ន្ធ ពង្រឹងការគ្រប់គ្រង ការត្រួតពិនិត្យ និងកិច្ចខិតខំប្រឹងប្រែងរក្សាស្ថិរភាពតម្លៃបន្ថែមទៀត អំឡុងពេលថ្ងៃឈប់សម្រាកពិធីបុណ្យចូលឆ្នាំប្រពៃណីវៀតណាម (តេត) ឆ្នាំ ២០២៦។
តាមសេចក្តីណែនាំ ក្រសួងបានសង្កត់ធ្ងន់លើតម្រូវការក្នុងការតាមដានយ៉ាងដិតដល់នូវស្ថានភាពសេដ្ឋកិច្ច និងនយោបាយសកល អតិផរណា និងផលប៉ះពាល់ទៅលើប្រទេសវៀតណាម និងធ្វើបច្ចុប្បន្នភាពជាបន្ទាន់នូវការវិវត្តនៃការផ្គត់ផ្គង់ និងតម្រូវការក្នុងស្រុក និងតម្លៃទីផ្សារ ពិសេសមុនពេល អំឡុងពេល និងក្រោយពិធីបុណ្យចូលឆ្នាំ។ គោលដៅ ដើម្បីជៀសវាងការប្រែប្រួលតម្លៃខ្លាំង អាចប៉ះពាល់ដល់ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងជីវិតរស់នៅរបស់ប្រជាជន ពិសេសក្នុងតំបន់ដែលរងផលប៉ះពាល់ដោយទឹកជំនន់ និងភ្លៀងធ្លាក់ខ្លាំង។
ទីភ្នាក់ងារគ្រប់គ្រងហិរញ្ញវត្ថុ បានចាត់តាំងនាយកដ្ឋានគ្រប់គ្រងតម្លៃឱ្យតាមដានយ៉ាងដិតដល់នូវតម្លៃទំនិញសំខាន់ៗ និងផ្តល់ដំបូន្មានជាបន្ទាន់ អំពីវិធានការគ្រប់គ្រងដើម្បីរក្សាស្ថិរភាពកម្រិតតម្លៃ និងគ្រប់គ្រងអតិផរណា។ ទីភ្នាក់ងារនេះក៏បានសម្របសម្រួលជាមួយការិយាល័យស្ថិតិទូទៅ ដើម្បីបង្កើតសេណារីយ៉ូអតិផរណាសម្រាប់ឆ្នាំ ២០២៦ និងរៀបចំក្រុមការងារត្រួតពិនិត្យស្ថិរភាពតម្លៃក្នុងតំបន់ជាច្រើន អំឡុងពេលពិធីបុណ្យចូលឆ្នាំ។
នាយកដ្ឋានហិរញ្ញវត្ថុក្នុងស្រុកតម្រូវឱ្យតាមដានយ៉ាងដិតដល់នូវតម្លៃអាហារ ផលិតផលស្រស់ៗ សេវាកម្មទេសចរណ៍ ការដឹកជញ្ជូនអ្នកដំណើរ និងទំនិញសំខាន់ៗផ្សេងទៀត។ អាជ្ញាធរមូលដ្ឋានត្រូវតែអនុវត្តការចុះបញ្ជីតម្លៃ និងប្រកាសតម្លៃយ៉ាងតឹងរ៉ឹង ហើយដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរ ចំពោះការរំលោភច្បាប់ស្តីពីតម្លៃ ពន្ធ ថ្លៃសេវា និងការគិតថ្លៃលើស និងរៀបចំផែនការជាមុន ដើម្បីគ្រប់គ្រង ក៏ដូចជាគាំទ្រដល់ការចរាចរទំនិញ និងបញ្ចេញទុនបម្រុងជាតិនៅពេលចាំបាច់។
សេចក្តីណែនាំក៏បានសង្កត់ធ្ងន់លើភារកិច្ចប្រយុទ្ធប្រឆាំងការរត់ពន្ធ ការក្លែងបន្លំពាណិជ្ជកម្ម និងទំនិញក្លែងក្លាយ មុនពេល អំឡុងពេល និងក្រោយពេលបុណ្យចូលឆ្នាំថ្មី។ ស្របពេលនាយកដ្ឋានគយតម្រូវឱ្យធានាការបោសសម្អាតទំនិញគយដោយរលូន ការពារការកកស្ទះនៅច្រកព្រំដែន និងពង្រឹងការត្រួតពិនិត្យ ព្រមទាំងសម្របសម្រួលជាមួយអាជ្ញាធរពាក់ព័ន្ធដើម្បីដោះស្រាយការរំលោភបំពាន។
ទន្ទឹមនឹងនេះ ក្រសួងហិរញ្ញវត្ថុតម្រូវឱ្យអង្គភាពទាំងអស់អនុវត្តយ៉ាងតឹងរ៉ឹងនូវរបាយការណ៍តម្លៃទីផ្សារមុនពេល អំឡុងពេល និងក្រោយពិធីបុណ្យចូលឆ្នាំថ្មី ដើម្បីចងក្រង និងដោះស្រាយបញ្ហាណាមួយដែលកើតឡើង ដោយរួមចំណែកដល់ការរក្សាស្ថិរភាពទីផ្សារ និងគ្រប់គ្រងអតិផរណា៕

ចែករំលែកព័តមាននេះ