រាជធានីភ្នំពេញ ៖ បុរសម្នាក់គ្មានមុខរបរពិតប្រាកដនោះទេ សូម្បីតែទីកន្លែងស្នាក់នៅ ក៏ពុំមានឲ្យប្រាកដដែរ ម្ដងស្នាក់នៅត្រង់នេះម្ដងស្នាក់នៅត្រង់នោះ ប៉ុន្តែបែរជាហ៊ានតាំងខ្លួនឯងជាមន្ត្រីនគរបាលពន្លត់អគ្គិភ័យ ហើយបានចូលទៅផឹកស៊ី នៅក្នុងហាងមួយកន្លែង ហៅស្រាបៀរ ម្ដង២កេស និងម្ហូប៥ ទៅ៦មុខ។ លុះផឹកស៊ីឆ្អែតអស់ថ្លៃជិត១០០ដុល្លារ អត់ឲ្យលុយម្ចាស់ហាងហើយ ថែមទាំងធ្វើសកម្មភាពលួចទូរសព្ទនារីបុគ្គលិកហាងនោះទៀត រួចបានគេចខ្លួនបាត់ស្រមោល ប៉ុន្តែ៣ថ្ងៃក្រោយមក ត្រូវបាននគរបាលស្រាវជ្រាវ និងឃាត់ខ្លួនបាន ។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៤និង៤០នាទីល្ងាចថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥ នៅហាងផឹកស៊ី «ចាន់ រី» ស្ថិតនៅតាមផ្លូវបេតុងលេខ៤២ ភូមិបឹងធំទី១ សង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ ។
បុរសជាជនសង្ស័យរូបនោះឈ្មោះ ផន រតនៈ អាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅចល័តក្នុងរាជធានីភ្នំពេញ ដោយឡែកនារីម្ចាស់ទូរសព្ទអាយុ២២ឆ្នាំ រស់នៅភូមិដូនកុក សង្កាត់បឹងធំ ខណ្ឌកំបូល បាត់បង់ទូរសព្ទដៃម៉ាកIphone12 Promax ១គ្រឿង ។
បើតាមស្ត្រីម្ចាស់ទូរសព្ទខាងលើ បានប្រាប់ឲ្យអ្នកសារព័ត៌មានដឹងថា នៅវេលាល្ងាចថ្ងៃកើតហេតុខាងលើ ជនសង្ស័យរូបនោះ បានជិះម៉ូតូកង់បី១គ្រឿង ទៅចូលផឹកស៊ី នៅក្នុងហាងខាងលើ ដោយប្រាប់ថា ខ្លួនជាមន្ត្រីនគរបាលពន្លត់អគ្គិភ័យ ប្រចាំការនៅម្ដុំវត្តភ្នំ ក្នុងរាជធានីភ្នំពេញ ហើយធ្វើឫកឡូយ ស្ទាវដូចជាអ្នកមាន និងអួតអាងថា ខ្លួនខ្ជិលជិះរថយន្ត ខ្លាចពេលផឹកស្រវឹង លំបាកធ្វើដំណើរតាមផ្លូវ ជិះម៉ូតូកង់បីវិញ ស្រួល ពេលផឹកស្រវឹងឲ្យប្អូនធម៌ទៅយក។ បន្ទាប់មក ជននោះ បានហៅស្រាបៀរ ម្ដង២កេស និងម្ហូប៥ ទៅ៦មុខ ផឹកស៊ីម្នាក់ឯង ប៉ុន្តែផឹកស្រាបៀរ ២កេសនោះ អត់អស់ទេ នៅសល់ខ្លះ លុះពេលផឹកស៊ីឆ្អែតហើយ អស់ថ្លៃជិត១០០ដុល្លារ ស្រាប់តែអត់ឲ្យលុយម្ចាស់ហាងឡើយ ហើយថែមទាំងធ្វើសកម្មភាពលួចទូរសព្ទនាងទៅបាត់ទៀត ។
ស្ត្រីរូបនោះ បាននិយាយទៀតថា ទូរសព្ទដែលជនសង្ស័យលួចយកទៅនោះម៉ាក Iphone 12 Promax ដែលនាងទិញបង់រំលស់ និងទើបតែបង់ដាច់បានរយៈពេល១ខែប៉ុណ្ណោះ ហើយក្រោយពេលលួចទៅបានប៉ុន្មានម៉ោង ជនសង្ស័យបានខលមកនាងប្រាប់ឲ្យនាង ផ្ញើលេខកុងធនាគារឲ្យគេមក ចាំរូបគេ (ជនសង្ស័យ) បាញ់លុយឲ្យ មិនតែប៉ុណ្ណោះ បានគំរាមនាងថា បើហ៊ានប្ដឹងនគរបាល គេនឹងមិនឲ្យទូរសព្ទនោះវិញទេ ក្រោយមកក៏បាត់ឈឹងរហូតតែម្ដង ។
សមត្ថកិច្ច បានប្រាប់ថា ក្រោយពេលកើតហេតុ ស្ត្រីដែលជាម្ចាស់ហាង បានប្ដឹងនគរបាលឲ្យជួយអន្តរាគមន៍ ហើយ៣ថ្ងៃក្រោយមក នគរបាលផ្នែកព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលខណ្ឌកំបូល បានធ្វើការស្រាវជ្រាវរហូតដឹងពីទីតាំង ដែលជនសង្ស័យលាក់ខ្លួន។ បន្ទាប់មក បានចុះទៅសហការណ៍ជាមួយកម្លាំងអធិការនគរបាលស្រុកស្អាង និងកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលព្រែកគយ ធ្វើការឃាត់ខ្លួនជនសង្ស័យបានកាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោងប្រហែល២២និង០០នាទីយប់ នៅចំណុចមុខសាលាបឋមសិក្សា ហ៊ុន សែន ព្រែកគយ ភូមិក្បាលជ្រោយ ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល។ បន្ទាប់មក បាននាំទៅសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌកំបូល ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធីច្បាប់ ៕






ចែករំលែកព័តមាននេះ