ទីក្រុងតូក្យូ៖ នៅចំពោះមុខនៃសង្គ្រាមពាណិជ្ជកម្ម និងនៅក្នុងសម័យអន្តរកាល៩០ថ្ងៃដែលលោកត្រាំចង់ឃើញប្រទេសនានាទូទាំងពិភពលោកទាក់ទងទៅវ៉ាស៊ីនតោនដើម្បីចរចាគ្នា ប្រទេសចិនក៏កំពុងរៀបចំយុទ្ធសាស្ត្រទប់ទល់នឹងបញ្ហានេះផងដែរ។ ប្រទេសមួយចំនួនចាប់ផ្ដើមស្វះស្វែងរកការចរចាគ្នាទាំងប្រញាប់ប្រញាល់ដើម្បីឲ្យមានកិច្ចព្រមព្រៀងពាណិជ្ជកម្ម។
មានន័យថាពួកគេមិនចង់ឈរតទល់ជាមួយអាមេរិកដោយវិធានការក្ដៅទេ។ ផ្ទុយទៅវិញ ប្រទេសចិនមិនចុះញ៉មនឹងវិធានការរបស់លោកត្រាំទេ។ ចិនកំពុងដើរកៀរគរប្រទេសដទៃទៀតដើម្បីប្រឆាំងនឹងនយោបាយឯកតោភាគីនិយម និងគាំពារនិយមសេដ្ឋកិច្ចរបស់ត្រាំ។ ប្រទេសចិនធ្លាប់ប្រកាសរួចហើយថាខ្លួនគាំទ្រការសន្ទនាគ្នាដើម្បីដោះស្រាយបញ្ហាដំឡើងពន្ធ។ ប៉ុន្តែចិនសង្កត់ធ្ងន់ទៅលើការសន្ទនាដោយសមភាព និងការគោរពគ្នាទៅវិញទៅមក។
ទន្ទឹមនឹងនោះ ប្រទេសចិនក៏អំពាវនាវទៅប្រទេសដទៃទៀតមិនត្រូវចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយអាមេរិកដែលធ្វើឱ្យប៉ះពាល់ផលប្រយោជន៍របស់ចិនទេ។ ការថ្លែងដូច្នេះបន្ទាប់ពីរដ្ឋាភិបាលរបស់លោកត្រាំដាក់លក្ខខណ្ឌថាប្រទេសដទៃបើចង់បានការបន្ធូរបន្ថយបញ្ហាពន្ធលុះត្រាតែកាត់បន្ថយទំនាក់ទំនងពាណិជ្ជកម្មជាមួយប្រទេសចិន។ នៅក្នុងក្រសែភ្នែករបស់ប្រទេសចិន ការចុះកិច្ចព្រមព្រៀងជាមួយអាមេរិកប្រៀបដូចជាការព្រួតគ្នា ឬរួមដៃគ្នាជាមួយអាមេរិកដើម្បីវាយប្រហារទៅលើចិនដូច្នេះដែរ។
ថ្មីៗនេះ នាយករដ្ឋមន្ត្រីចិន លោកលីឆៀង (Li Qiang) បានផ្ញើលិខិតមួយច្បាប់ជូននាយករដ្ឋមន្ត្រីជប៉ុនលោកអ៊ីស៊ីបា (Ishiba) ដើម្បីស្នើសុំឱ្យជប៉ុនសហការគ្នាជាមួយចិនឆ្លើយតបទៅនឹងការដាក់សម្ពាធផ្នែកពន្ធគយ។ នេះបើយោងតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មានជប៉ុនក្យូដូ (Kyodo)។ លិខិតដែលផ្ញើតាមរយៈស្ថានទូតចិនប្រចាំប្រទេសជប៉ុនបានសង្កត់ធ្ងន់ថាយើងត្រូវតែរួមកម្លាំងគ្នាប្រយុទ្ធប្រឆាំងនឹងនយោបាយគាំពារនិយម។ នេះបើយោងតាមការដកស្រង់ប្រភពពីមន្ត្រីរដ្ឋាភិបាលជប៉ុន។
សូមរំលឹកថាកាលពីថ្ងៃចន្ទ ប្រមុខការទូតចិន លោកវ៉ាងយី (Wang Yi) ព្រមានថាប្រទេសដទៃមិនគួរប្រញាប់ប្រញាល់ចរចាឱ្យមានកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយអាមេរិក ហើយប៉ះពាល់ផលប្រយោជន៍របស់ប្រទេសចិនទេ។ ក្រោយការព្រមាននេះ គេឮថាប្រទេសថៃសម្រេចចិត្តផ្អាកការចរចាគ្នាជាមួយអាមេរិក។ ប្រទេសចិនក៏អំពាវនាវទៅវៀតណាម និងឥណ្ឌូណេស៊ីប្រយុទ្ធប្រឆាំងនឹងនយោបាយគាំពារនិយមផងដែរតាមរយៈទស្សនកិច្ចរបស់ប្រធានាធិបតីចិនកាលពីពេលថ្មីៗនេះ។
គេមិនទាន់ថាតើប្រទេសជប៉ុននឹងឆ្លើយតបបែបណាទេក្រោយការផ្ញើលិខិតរបស់នាយករដ្ឋមន្ត្រីចិន។ ជប៉ុនជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធរបស់អាមេរិក និងបានបោះដៃទៅអាមេរិកដើម្បីស្នើសុំចរចាគ្នា។ រីឯទំនាក់រវាងចិន និងជប៉ុនក៏មិនសូវល្អប្រសើរនឹងគ្នាប៉ុន្មានដែរនារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ប្រទេសទាំង២មានបញ្ហាប្រឈមមួយចំនួនពាក់ព័ន្ធនឹងជម្លោះបូរណភាពទឹកដី និងបញ្ហាពាណិជ្ជកម្ម។ នេះបើយោងតាមការដកស្រង់ប្រភពពីទីភ្នាក់ងារព័ត៌មានរ៉យទ័រ និងប្រភពដទៃទៀត៕
ចែករំលែកព័តមាននេះ