ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​-ចិន ​បើក​ច្រករបៀង​វប្បធម៌ ​នៃ​ប្រទេស​ទាំង​ពីរ ក្រោយ​ដំណើរ​ទស្សនកិច្ច​របស់​ប្រធានាធិបតី​ចិន​នៅ​កម្ពុជា

16 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ ស្ថានទូត​ នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន និង​ក្រសួង​វប្បធម៌ ​និង​វិចិត្រសិល្បៈ​កម្ពុជា ​បាន​រួម​គ្នា​ក្នុង​ការ​បើក​ច្រករបៀង​វប្បធម៌ កម្ពុជា-ចិន នៅ​ទីក្រុង​ភ្នំពេញ ក្រោម​ប្រធានបទ…

រាជធានី​ភ្នំពេញ ៖ ស្ថានទូត​ នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន និង​ក្រសួង​វប្បធម៌ ​និង​វិចិត្រសិល្បៈ​កម្ពុជា ​បាន​រួម​គ្នា​ក្នុង​ការ​បើក​ច្រករបៀង​វប្បធម៌ កម្ពុជា-ចិន នៅ​ទីក្រុង​ភ្នំពេញ ក្រោម​ប្រធានបទ ការ​ផ្លាស់​ប្តូរ​វប្បធម៌​កម្ពុជា-ចិន ។

ការ​បើក​ច្រករបៀង​នេះ​ ក្រោយ​ដំណើរ​ទស្សនកិច្ច​របស់​លោក​ប្រធានាធិបតី​ចិន ស៊ី ជី​ន​ពីង កាលពី​ថ្ងៃ​ទី​១៧ និង ១៨ ខែមេសា ឆ្នាំ​២០២៥ ​។

នៅ​ក្នុង​កម្មវិធី​បើក​ច្រករបៀង​វប្បធម៌​កម្ពុជា-ចិន កាលពី​ថ្ងៃ​ទី​២២ ខែមេសា ឆ្នាំ​២០២៥ នៅ​ផ្សារ​ទំនើប​ជីប​ម៉ុង ២៧១ លោក​ជំទាវ ឡង​ឌី សាន់​ណា​រ៉ា រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​លើក​ឡើង​ថា ការ​រៀបចំ​កម្មវិធី​ផ្លាស់​ប្តូរ​វប្បធម៌​នេះ មិន​ត្រឹមតែ​ជា​ការ​បង្ហាញ​លក្ខណៈ​ពិសេស​ នៃ​វប្បធម៌ និង​អរិយធម៌​ ប្រទេស​ទាំង​ពីរ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ក៏​ជា​ការ​ឆ្លុះ​បញ្ចាំង​ពី​ចំណងមិត្តភាព​ដ៏​យូរអង្វែង និង​ជា​មិត្តភាព​ដែកថែប​ដ៏​រឹង​មាំ រវាង​ប្រជាជន​ និង​ប្រជាជន ។

លោក​ជំទាវ​ បន្ត​ថា ទំនាក់ទំនង​មិត្តភាព​ប្រជាជន និង​ប្រជាជន​រវាង​កម្ពុជា-ចិន ដែល​មាន​ជា​ច្រើន​សតវត្សរ៍​មក​ហើយ តាម​រយៈ​ពាណិជ្ជកម្ម ការ​ធ្វើ​ចំណាកស្រុក និង​ការ​ផ្លាស់​ប្តូរ​វប្បធម៌ ហើយ​ទំនាក់ទំនង​នេះ​ដែរ កាន់តែ​រឹង​មាំ​ពី​មួយ​ថ្ងៃ ​ទៅ​មួយ​ថ្ងៃ​ តាំងពី​ឆ្នាំ១៩៥០ ក្រោម​ការ​ដឹកនាំ​របស់​ព្រះបាទ នរោត្តម​ព្រះ​បរម​រតន​កោដ្ឋ ហើយ​ត្រូវ​បាន​ស្ដារ​ឡើង​វិញ ​ក្នុង​ប៉ុន្មាន​ទសវត្សរ៍​ថ្មី​ៗ​នេះ រហូត​ដល់​បច្ចុប្បន្ន។ សព្វ​ថ្ងៃនេះ កិច្ច​សហប្រតិបត្តិការ​ នៃ​ប្រទេស​ទាំង​ពីរ រួម​មានការ​អប់រំ ទេសចរណ៍ ការ​ផ្លាស់​ប្តូរ​វប្បធម៌ និង​កិច្ច​សហប្រតិបត្តិការ​សហគមន៍ ការ​កសាង​មិត្តភាព​យូរអង្វែង​ទាំងនេះ​ គឺជា​ស្ពាន​ប​ម្រួ​ប​បង្រួម ​នៃ​មិត្តភាព​យើង​ឱ្យ​កាន់តែ​ជិត​ស្និទ្ធ ហើយនឹង​លេច​ចេញ​ជា​រូបរាង​តាម​រយៈ​ការ​ចែករំលែក​ចំណេះដឹង បទ​ពិសោធ ការ​ច្នៃ​ប្រតិដ្ឋ និង​បេតិកភណ្ឌ​វប្បធម៌ ។

លោក​ជំទាវ​ បន្ថែម​ថា តាម​រយៈ​សិល្បៈ យើង​ឃើញ​ពី​ទាក់ទង​ជា​ប្រ​វ​តិ្ត​សាស្ត្រ​រវាង​ប្រជាជាតិ​ទាំង​ពីរ និង​ការ​ផ្ដល់​តម្លៃ​ឱ្យ​គ្នា​ពី​មួយ​ជំនាន់​ទៅ​មួយ​ជំនាន់ ។ តាម​រយៈ​ការ​អញ្ជើញ​ធ្វើ​ទស្សនកិច្ច លើក​ទី​១​មក​កម្ពុជា កាលពី​ឆ្នាំ ២០១៦ និង​ថ្មី​ៗ​នេះ មានការ​អញ្ជើញ​ទស្សនកិច្ច​ជា​ផ្លូវ​រដ្ឋ​របស់​ប្រធានាធិបតី​ចិន លោក ស៊ី ជី​ន​ពីង គឺជា​សក្ខីភាព​មួយ ​និង​ជា​ប្រវត្តិសាស្ត្រ នៃ​ចំណងមិត្តភាព និង​មិត្តភាព​ដ៏​រឹង​មាំ​រវាង​កម្ពុជា និង​ចិន ។

ក្នុង​ឱកាស​នោះ​ដែរ លោក ​ឆឹង ឆុង អគ្គ​ទីប្រឹក្សា​ស្ថានទូត នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ប្រចាំ​កម្ពុជា បាន​លើក​ឡើង​ថា នេះ​ជា​លើក​ដំបូង​ដែល​ប្រទេស​ចិន ​បាន​លើកកម្ពស់​ទំនាក់ទំនង​ទ្វេភាគី​ ជាមួយ​ប្រទេស​អាស៊ី​អាគ្នេយ៍​ ឱ្យ​ឈាន​ដល់​កម្រិត​គ្រប់​រដូវ​កាល ហើយ​ក៏​ជា​សហគមន៍​វាសនា​រួម​ក្នុង​យុគសម័យ​ថ្មី គ្រប់​រដូវ​កាល​ដំបូង​គេ ដែល​ប្រទេស​ចិន ​បាន​កសាង​ឡើង​ក្នុង​កម្រិត​ទ្វេភាគី។ ភាគី​ទាំង​ពីរ ​បាន​ឯកភាព​គ្នា​លើ​ការ​បង្កើត​ការ​ផ្លាស់​ប្តូរ​ប្រជាជន និង​ប្រជាជន​ ឱ្យ​បាន​កាន់តែ​ញឹកញាប់​ថែម​ទៀត ហើយ​រួម​គ្នា​ប្រកាស​ឱ្យកំណត់​យក​ឆ្នាំ​២០២៥ ជា​ឆ្នាំ​ទេសចរណ៍ ចិន កម្ពុជា ព្រមទាំង​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​បេតិកភណ្ឌ​វប្បធម៌​អរូបី ការ​អប់រំ និង​យុវជន​ជាដើម។ ភាគី​ចិន និង​កម្ពុជា សម្រេច​បាន​នូវ​ឯកសារ​ស្ដី​ពី​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​ចំនួន ៣៧ ក្នុង​នោះ អគ្គ​ស្ថានីយ៍​វិទ្យុ និង​ទូរទស្សន៍​មជ្ឈិម​ចិន រដ្ឋបាល​ជាតិ​ភាពយន្ត​ចិន និង​ស្ថាប័ន​ជា​ច្រើន​ទៀត​របស់​ប្រទេស​ចិន បាន​ចុះ​អនុស្សរណៈ​នៃ​ការ​យោគយល់​ស្ដី​ពី​ការ​ពង្រឹង​បន្ថែម​ទៀត​នូវ​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​វប្បធម៌ និង​ភាពយន្ត​ជាដើម ជាមួយ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​កម្ពុជា ។

លោក​បន្ត​ថា ជា​កិច្ច​បន្ត ភាគី​ចិន នឹង​សហការ​ជាមួយ​ភាគី​កម្ពុជា ដើម្បី​យក​ការ​អនុវត្ត​តាម​សមិទ្ធផល​នៃ​ដំណើរ​ទស្សនកិច្ច​របស់​លោក​ស៊ី ជី​ន​ពីង មក​កាន់​កម្ពុជា ជា​ការងារ​ស្នូល ដើម្បី​បង្កើន​បន្ថែម​ទៀត​នូវ​ការ​ផ្លាស់​ប្តូរ​ប្រជាជន និង​ប្រជាជន រវាង​ប្រទេស​ទាំង​ពីរ រៀបចំ​ឱ្យ​ក្រុម​សិល្បៈ អ្នក​ស្រាវជ្រាវ និង​យុវជន​របស់​ប្រទេស​ចិន និង​កម្ពុជា​កាន់តែ​ច្រើន​អាច​ផ្លាស់​ប្តូរ​ទស្សនកិច្ច​ទៅ​វិញ​ទៅ​មក បន្ត​ជំរុញ​ការ​អនុវត្ត​គម្រោង​កិច្ច​សហប្រតិបត្តិការ​បេតិកភណ្ឌ​វប្បធម៌​ចិន កម្ពុជា លើកទឹកចិត្ត​មជ្ឈដ្ឋាន​ទេសចរណ៍​នៃ​ប្រទេស​ទាំង​ពីរ​ឱ្យ​កាន់តែ​ជិត​ស្និទ្ធ និង​លើកកម្ពស់​ការ​ផ្លាស់​ប្តូរ និង​ការ​រៀនសូត្រ​គ្នា​ទៅ​វិញ​ទៅ​មក អំពី​អរិយធម៌​រវាង​ភាគី​ទាំង​ពីរ​ដើម្បី​ជួយ​ប្រជាជន​ទាំង​ពីរ​ឱ្យ​កាន់តែ​មាន​ភាព​ជិត​ស្និទ្ធ​នឹង​គ្នា និង​កាន់តែ​រាប់អាន​គ្នា​បន្ថែម​ទៀត ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ