ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ចបង្ក្រាបក្រុមផ្តល់ប្រាក់កម្ចីខុសច្បាប់ ៥ក្រុមផ្សេងនៅតាមបណ្តារាជធានីខេត្តមួយចំនួន

1 នាទី មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សមត្ថកិច្ច​បាន​ចុះ​បង្ក្រាប​ក្រុម​ផ្តល់​ប្រាក់​កម្ចី​ខុសច្បាប់​៥​ក្រុម​ផ្សេង នៅ​ក្នុង​រាជធានី ខេត្ត​មួយ​ចំនួន ។ នេះ​បើ​តាម​ស្នង​នគ​បាល​ខេត្តព្រៃវែង ។ លោក ឈឿ​ន…

រាជធានី​ភ្នំពេញ ៖ សមត្ថកិច្ច​បាន​ចុះ​បង្ក្រាប​ក្រុម​ផ្តល់​ប្រាក់​កម្ចី​ខុសច្បាប់​៥​ក្រុម​ផ្សេង នៅ​ក្នុង​រាជធានី ខេត្ត​មួយ​ចំនួន ។ នេះ​បើ​តាម​ស្នង​នគ​បាល​ខេត្តព្រៃវែង ។

លោក ឈឿ​ន ប៊ុ​ន​ឆ​ន ស្នងការ​នគ​បាល​ខេត្តព្រៃវែង បាន​សរសេរ​លើ​បណ្តាញ​សង្គម នៅ​ថ្ងៃ​ទី​៦ ខែតុលា ឆ្នាំ​២០២៥​ថា រឿង​មើលទៅ​សាមញ្ញ​ៗ ប៉ុន្តែ​មហា​វិសាមញ្ញ និង​ជា​គ្រោះ​មហន្តរាយ​សង្គម​ជាតិ​…​។

លោកស្នងការ​ថា មានការ​បញ្ជា​ផ្ទាល់ និង​ត្រួតពិនិត្យ​ជាប់​ពី​ឯកឧត្តម នាយ​ឧត្តមសេនីយ៍ អគ្គស្នងការ ស ថេ​ត ពី​ឯកឧត្តម អភិបាលខេត្ត សួន សុ​ម៉ា​លី​ន និង​មានការ​ដឹកនាំ​ដំណើរការ​នីតិវិធី​យ៉ាង​យកចិត្តទុកដាក់​ពី​ឯកឧត្តម ព្រះរាជអាជ្ញា គុ​ជ គឹ​ម​ឡុ​ង កម្លាំង​នគរបាល​ខេត្តព្រៃវែង បូក​រួម​កម្លាំង​នាយកដ្ឋាន​ប្រឆាំង​ភេរវកម្ម​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ បាន​ស្រាវជ្រាវ​ឈាន​ទៅ​បង្ក្រាប​ក្រុម​ផ្តល់​ប្រាក់​កម្ចី​ខុសច្បាប់​៥​ក្រុម​ផ្សេង​ៗ​គ្នា ក្នុង​មូលដ្ឋាន​ស្រុក​ផ្សេង​ៗ​គ្នា​ក្នុង​ខេត្តព្រៃវែង ខេត្តកណ្តាល ខេត្តស្វាយរៀង និង​រាជធានី​ភ្នំពេញ​ផង​ដែរ ។

លោកស្នងការ​បាន​លើក​ឡើង​ថា ក្រុម​ផ្តល់​ប្រាក់​កម្ចី​នេះ (​ចងការ​ប្រាក់​) មាន​សាខា​មាន​ភ្នាក់ងារ​ច្រើន​ស្មុគស្មាញ និង​មាន​ផែនការ​ច្បាស់លាស់​ដែល​ទុន​កម្ចី​ផ្តល់​ទៅ​ឱ្យ​ពលរដ្ឋ​នា​ពេល​បច្ចុប្បន្ន​ចំនួន​រាប់​ពាន់​លាន​រៀល ។

តាម​រូបភាព និង​ចម្លើយ​សារភាព ពួក​គេ​ផ្តល់​ប្រាក់​កម្ចី​ជូន​ពលរដ្ឋ​យកការប្រាក់​ចន្លោះ​ពី​១០​ទៅ​១៥​ភាគរយ ក្នុង​មួយ​ខែ​នៃ​ប្រាក់​ដើម​សរុប រួច​ហើយ​ឱ្យ​ពលរដ្ឋ​បង់ប្រាក់​សរុប​ថេរ​រៀងរាល់ថ្ងៃ​មក​វិញ ។ ការ​បង់ប្រាក់​រៀងរាល់ថ្ងៃ​ត្រឡប់​មក​វិញ​នេះ ពួក​គាត់​បាន​គិត​បូក​ប្រាក់​ដើម និង​ប្រាក់​ការ​ចំនួន​ថេរ​នៃ​ប្រាក់​បាន​ខ្ចី​ដំបូង​បំផុត ក៏​ប៉ុន្តែ​អាការ​ប្រាក់​ពួក​គេ​មិន​បាន​ដកថយ​តាម​ចំនួន​ប្រាក់​ដើម ដែល​ពលរដ្ឋ​បាន​សង​រំ​លួស​រាល់ថ្ងៃ​ជូន​ទៅ​ក្រុមហ៊ុន​វិញ​ឡើយ ដូចនេះ​បើ​យើង​គណនា​ឱ្យ​បាន​ត្រឹមត្រូវ ការ​ប្រាក់​របស់​ពួក​គេ​មាន​ចំនួន​ប្រមាណ​ជា​៨០ ភាគរយ​នៃ​ប្រាក់​បាន​ខ្ចី​ដំបូង​ក្នុង​រយៈពេល​ត្រឹម​មួយ​ខែ ការ​នេះ​ហើយ គឺជា​គ្រោះ​មហន្តរាយ​មួយ​ចំពោះ​ជីវភាព​របស់​ប្រជាពលរដ្ឋ​ខ្វះ​ការ​យល់​ដឹង និង​កំពុង​ទីទាល់​ក្រ​គ្មាន​ជម្រើស ។

លោក​ថា រូបភាព​នេះ ត្រូវ​បាន​នគរបាល​ស្រាវជ្រាវ​ឃើញ និង​យក​ជា​គោល​ក្នុង​ការ​បង្ក្រាប ។ កម្លាំង​នគរបាល​បាន​ខិតខំ​ស្រាវជ្រាវ​រក​ឬ​ស​គល់​នៃ​អ្នក​ទទួលខុសត្រូវ​ធំ​បំផុត​នៃ​ការ​ផ្តល់​ប្រាក់​កម្ចី​ខុសច្បាប់​នេះ ហើយ​នគរបាល​ក៏​ប្តេជ្ញា​លុប​បំបាត់​ឱ្យ​អស់ពី​ទឹកដី​ខេត្តព្រៃវែង ។

ជាមួយ​គ្នា​នោះ​ដែរ លោកស្នងការ​ក៏​សូម​ពលរដ្ឋ​ខេត្តព្រៃវែង​ទាំងអស់ ឈប់​ខ្ចីប្រាក់​នេះ​បន្ត​ទៀត បើ​មិន​ដូច​ច្នោះ​ទេ ១ ឬ​២​ឆ្នាំ​ខាង​មុខ អ្នក​ដែល​បាន​ខ្ចីប្រាក់​នេះ​នឹង​លក់​ដី លក់​ផ្ទះ គ្មាន​សេសសល់​ឡើយ ។ មួយវិញទៀត បើ​មាន​អ្នក​ផ្តល់​កម្ចី​ខុសច្បាប់​បែប​នេះ​ដំណើរការ​ក្នុង​ទឹកដី​ខេត្តព្រៃវែង ស្នើ​នគរបាល​ទាំងអស់​បង្ក្រាប​ភ្លាម​ៗ​កុំ​ចាំ​ថ្ងៃស្អែក ។

អ្នក​ចងការ​ប្រាក់​បែប​បោក​បញ្ឆោត​ពលរដ្ឋ​បែប​នេះ បើ​ហ៊ាន​រករឿង​ប្រជាពលរដ្ឋ នគរបាល​ត្រូវ​ចូលរួម​ការពារ​ប្រជាពលរដ្ឋ​ឱ្យ​ខាង​តែ​បាន ។ សូម​បញ្ជាក់​ថា ព័ត៌មាន​លម្អិត​ពាក់​ព័ទ្ធ​ការ​បង្ក្រាប​ដ៏​ធំ​នេះ ស្នងការដ្ឋាន​នគរបាល​ខេត្តព្រៃវែង​នឹង​ផ្សាយ​ជូន​សាធារណៈជន​បាន​ជ្រាប​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ