ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ចោរ​ដា.ច់​យ៉ៃ​ កា.ប់​ម្ចាស់ផ្ទះ​ប្ដី​ប្រពន្ធ​របួសធ្ងន់​ទាំង​ព្រឹក«​ប្លន់»យក​ក្រវិល​ស្រា​បៀរ​អស់​​ប្រហែល​​១០កេស

36 វិនាទី មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ​៖  ក្រវិល​កំប៉ុង​ស្រាប​បៀរ​ចម្រុះ​ច្រើន​ម៉ាក ដែល​អ្នក​និយម​ផឹក​ហៅ​ថា «​ប័ណ្ណ​ក្រីក្រ​»ប្រហែល​១០កេស ត្រូវ​បាន​លោក​ចោរ​ដាច់​យ៉ៃ​ម្នាក់​ចូល​«ប្លន់​»យក​ពី​ក្នុងផ្ទះ​លក់​ចាប់ហួយ​មួយ​កន្លែង​នៅ​ចំណុច«ដងទង់»ស្ថិត​ក្នុងភូមិ​ផ្លូវ​មាស ឃុំ​ផ្លូវ​មាស ស្រុក​រតន​មណ្ឌល  កាលពី​វេលា​ម៉ោងជាង​៦​ព្រឹក​ថ្ងៃ​ទី​០៥ តុលា …

ខេត្តបាត់ដំបង ​៖  ក្រវិល​កំប៉ុង​ស្រាប​បៀរ​ចម្រុះ​ច្រើន​ម៉ាក ដែល​អ្នក​និយម​ផឹក​ហៅ​ថា «​ប័ណ្ណ​ក្រីក្រ​»ប្រហែល​១០កេស ត្រូវ​បាន​លោក​ចោរ​ដាច់​យ៉ៃ​ម្នាក់​ចូល​«ប្លន់​»យក​ពី​ក្នុងផ្ទះ​លក់​ចាប់ហួយ​មួយ​កន្លែង​នៅ​ចំណុច«ដងទង់»ស្ថិត​ក្នុងភូមិ​ផ្លូវ​មាស ឃុំ​ផ្លូវ​មាស ស្រុក​រតន​មណ្ឌល  កាលពី​វេលា​ម៉ោងជាង​៦​ព្រឹក​ថ្ងៃ​ទី​០៥ តុលា  បន្ទាប់​ពី​លោក​ចោរ​ទាញ​កាំបិត​ខ្វែវ​កាប់​ជន​រង​គ្រោះ​០២​នាក់​ប្ដី​ប្រពន្ធ​ឲ្យ​រង​របួស​យ៉ាងដំណំ​ ។

នាយ​ប៉ុ​ស្ដិ៍​រដ្ឋបាល​ផ្លូវ​មាស លោក និ​ន សា​រ៉េ​ន បាន​ប្រាប់​កោះសន្តិភាព​តាម​ទូរស័ព្ទ នៅ​ព្រឹក​ថ្ងៃ​ទី ០៦ តុលា នេះ​ថា  ជនសង្ស័យ​ដែល​ចូល​«​ប្លន់​»​ក្រវិល​កំប៉ុង​នៅផ្ទះ​លក់ដូរ​នេះ ទំនងជា​មនុស្ស​
«​បែក​ថ្នាំ​»​តែ​គេ​មិន​ទាន់​ស្គាល់​អត្ត​ស​ញ្ញាណ​ជន​នោះ​នៅឡើយ​ទេ​ ។  លោក​​ថា ​ជន​នោះ​ទំនង​បាន​លួច​ចូល​ទៅ​សំងំ​នៅ​ក្នុង​ចម្ការ​ខាងក្រោយ​ផ្ទះ​ជន​រង​គ្រោះ តាំងពី​ក្បាល​ព្រលប់ លុះ​ព្រឹក​ឡើង នៅ​ពេល​ម្ចាស់ផ្ទះ​បើកទ្វារ ជន​នេះ​ធ្វើ​សកម្មភាព​តែ​ម្ដង​ ។

​បើ​តាម​លោក​មេ​ប៉ុ​ស្ដិ៍​ដដែល​បាន​បញ្ជាក់​ថា  ជន​ដៃដល់​បាន​ប្រើប្រាស់​កាំបិត​ខ្វែវ ដែល​ជា​របស់​ជន​រង​គ្រោះ​ទុក​នៅ​ខ្ទម​​ខាងក្រោយ កាប់​ទៅ​លើ​ជន​រង​គ្រោះ​០២​នាក់​ប្ដី​ប្រពន្ធ ពេល​ជន​រង​គ្រោះ​បើកទ្វារ​ចេញ​ដើរទៅ​ខាងក្រោយ និង​កំពុង​រៀបចំ​បើកទ្វារ​ផ្ទះ​លក់ដូរ បណ្ដាល​ឲ្យ​ជន​រង​គ្រោះ​ទាំង​០២​នាក់​ប្ដី​ប្រពន្ធ​រង​របួស​យ៉ាងដំណំ​ ។

​លោក​បាន​ប្រាប់​ថា  ជន​រង​គ្រោះ​ឈ្មោះ ណំ ធា​រី អាយុ​៦៨​ឆ្នាំ (​ប្ដី​) របួស​ត្រូវ​ក្បាល​០១​កាំបិត និង​ប្រពន្ធ​ឈ្មោះ ចាត ណា អាយុ​៤៩​ឆ្នាំ របួស​០៤​កន្លែង ត្រូវ​ក្បាល​០៣​កន្លែង និង​ត្រូវ​ដៃ​ឆ្វែ​ង​០១​កន្លែង  មាន​មុខរបរ​លក់ដូរ រស់នៅ​ចំណុច​កើតហេតុ​ ។

​បើ​តាម​ចម្លើយ​ជន​រង​គ្រោះ​ដែល​សមត្ថកិច្ច​បាន​សួរនាំបាន​និយាយ​ថា ជន​ដៃដល់​អាច​ផ្លោះ​របង​ចូល​សំងំ​ក្នុង​ដីចម្ការ​ខាងក្រោយ​ផ្ទះ​គាត់​តាំងពី​យប់ លុះ​ព្រឹក​ឡើង​នៅ​ពេល​គាត់​បើកទ្វារ​ផ្ទះ​ចេញ​ទៅ​ក្រោយ​ ​មានរឿង​នេះ​កើតឡើង​ ។

​សមត្ថកិច្ច​បាន​ស្រង់​សម្ដី​គាត់​ទៀត​ថា  គ្រាហ៍នោះ​ប្រពន្ធ​បាន​បើកទ្វារ​ក្រោយ​ចេញ​ក្រៅ បន្ទាប់​ពី​ឮ​សំឡេង​ឆ្កែ​ព្រុះ លុះ​រក​មិនឃើញ​អ្វី គាត់​ក៏​ដើរទៅ​ដក​បន្លែង ហើយ​ក៏​ត្រូវ​ជន​ដៃដល់​នោះ​ទាញ​ខ្វែង​ស្ទុះ​មក​កាប់​គាត់ និង​បាន​ប្រតាយប្រតប់​គ្នា ស្រែក​ផ្អើល​ភូមិ​ ។​ ក្រោយ​ឮ​សំឡេង​ប្រពន្ធ​ស្រែក​បែប​នេះ ប្ដី​គាត់​ក៏​ស្ទុះ​ចេញ​មក​ជួយ ទើបត្រូវ​ជន​ដៃដល់​កាប់​គាត់​ត្រូវ​ក្បាល​មួយ​កាំបិត​ដែរ ​។ ​ នៅ​ពេល​ដែល​ប្ដី​កំពុង​ជួយ​ប្រពន្ធ  ជន​ដៃដល់​ក៏​ឆក់ឱ​កាស​រត់​ចូល​ក្នុងផ្ទះ​ឆក់យ​កបាន​ក្រវិល​កំប៉ុង​ស្រា​បៀរ​មួយ​ថង់ ហើយ​ក៏​រត់​ចេញ​ត្រប់​ក្រោយ​ចូល​ព្រៃ​ចម្ការ​គេចខ្លួន​បាត់​ស្រមោល​ភ្លាម​រំពេច ​។

​កោះសន្តិភាព​មិន​ទាន់​អាច​ស្វែងរក​ការ​បំភ្លឺ​ពី​ជន​រង​គ្រោះ​បាន​នៅឡើយ​ទេ ពាក់ព័ន្ធ​នឹង​ករណី​​លោក​ចោរ​ដាច់​យ៉ៃ​«​ប្លន់​»ក្រវិល​ស្រា​បៀរ​នេះ​។   ប៉ុន្តែ​លោក​ឈឿ​ង គឹ​ម​សុង ស្នងការ​រង​ទ​ទួល​ផែន​ព្រហ្មទណ្ឌ ដែល​បាន​ចុះ​ដល់​កន្លែង​កើតហេតុ​បាន​ប្រាប់​ថា ករណី​នេះ ពិតជា​បាន​កើតឡើង​មែន​ ។

​លោក ឈឿ​ង គឹ​ម​សុង បាន​និយាយ​ថា  បើ​តាម​មន្ត្រី​ជំនាញ​របស់​លោក​បាន​ត្រូ​ត​ពិនិត្យ​កាមេរ៉ា​សុវត្ថិភាព​នៅផ្ទះ​ជន​រង​គ្រោះ ជនសង្ស័យ​បាន​ធ្វើ​សកម្មភាព​តាំងពី​ម៉ោង​៧​យប់ម្ល៉េះ ។ ​លោក​បាន​ប្រាប់​ថា  កា​មេរ៉ា​បាន​បង្ហាញ​សកម្មភាព គឺ​ម៉ោង​៧​យប់ ​ជនសង្ស័យ​បាន​យក​កាំបិត​កាប់​ទ្វារ​ខាង​មុខ តែ​ធ្វើ​មិនកើត​ ។ ត្រង់​ចំណុច​នេះ ម្ចាស់ផ្ទះ​បាន​អះអាង​ថា «​ខ្ញុំ​បានឮ​សំឡេង​ដែរ តែ​ស្មានថា គេ​គប់​ជញ្ជាំង​ផ្ទះ​» ។  រហូត​ដល់​ម៉ោង​ប្រហែល​៣​រំលង​អធ្រាត្រ ជន​ដៃដល់​ដដែល​នេះ បាន​ដើរមក​ខាង​មុខ​ផ្ទះ​ផ្ដ​ង​ទៀត យក​ទឹកក្រូច​ហួស​​ឌឺ​ឡេ​ដែល​ម្ចាស់​ទុក​ចោល​នៅ​ខាងក្រៅ យក​ទៅ​ផឹក​នៅ​ខ្ទម​​ចម្ការ​ខាងក្រោយ​ ។

​លុះ​នៅ​ព្រឹក​ឡើង​ ពេល​ម្ចាស់ផ្ទះ (​ប្រពន្ធ​) បើកទ្វារ​ចេញ​ទៅ​ខាងក្រោយ ក៏​ត្រូវ​ជន​ដៃដល់​ទាញ​ខ្វែង​មក​កាប់​ផ្អើល​​ឈុ​ល​ទាំង​ព្រឹក​តែ​ម្ដង ​។ ​លោក ឈឿ​ង គឹ​ម​សុង បាន​បញ្ជាក់​ដែរ​ថា  ​បើ​តាម​ចម្លើយ​ជន​រង​គ្រោះ គឺ​ជន​ដៃដល់​បាន​«​ប្លន់​»​យក​តែ​ក្រវិល​កំប៉ុង​ស្រា​បៀរ​មួយ​ថង់​តែ​ប៉ុណ្ណោះ រីឯ​លុយកាក់​ដែល​ទុក​ក្នុង​ថតតុ​មិន​បាត់បង់​ទេ​ ។  ​

ជុំវិញ​ករណី​លោក​ចោរ​«​ប្លន់​»​យក​ក្រវិល​កំប៉ុង​ខាងលើ​នេះ  លោកស្នងការ​រង​បាន​ធ្វើការ​សន្និដ្ឋាន​ជាបឋម​ដូច្នេះ​ថា  «​បើ​យោង​លើ​ការ​តាម​សកម្មភាព​របស់​ជនសង្ស័យ ដែល​បន្សល់​ទុក​ក្នុង​កាមេរ៉ា​សុវត្ថិភាព ជនសង្ស័យ​អាច​លួច​ចូល​មក​សំងំក្នុង​ខ្ទម​​ចម្ការ​ខាងក្រោយ​ផ្ទះ​​ជន​រង​គ្រោះ​តាំងពី​ក្បាល​ព្រលប់​ម្ល៉េះ ។ ​ហើយ​ជន​រង​គ្រោះ​បាន​ព្យាយាម​ធ្វើ​សកម្មភាព​ច្រើន​លើក​ច្រើន​សារ តែ​មិន​បាន​សម្រេច​» ​។

​លោក​បាន​បញ្ជាក់​បន្ថែម​ថា ​ជន​នេះ​ទំនង​ទៅ​សំងំដេក​នៅ​ខ្ទម​ខាងក្រោយ​លង់លក់​ជ្រុល រហូត​ដល់​ភ្លឺ​ឡើង ពេល​ឃើញ​ម្ចាស់ផ្ទះ​បើកទ្វារ​ចេញ​ក្រៅ ក៏​ទាញ​កាំបិត​ខ្វែវ​របស់​ជន​រង​គ្រោះ​នៅ​ក្នុង​ខ្ទម ធ្វើ​សកម្មភាព​កាប់​ជន​រង​គ្រោះ រួច​រត់​ចូល​ក្នុងផ្ទះ​«​ប្លន់​»បាន​តែ​ក្រវិល​កំប៉ុង​ស្រា​បៀរ​មួយ​ថង់ ក៏​រត់​ចេញ​ទៅ​ខាងក្រោយ​បាត់​ទៅ​ ។  បើ​តាម​សកម្មភាព ជនសង្ស័យ​​រួប​នោះ ទំនងជា​មនុស្ស​«​បែក​ថ្នាំ»​ផង​ ។ ​

ប៉ុន្តែ​យ៉ាងណា ពេល​នេះ​ ទាំង​មន្ត្រី​ការិ​យាល័យ​ជំនាញ ទាំង​មន្ត្រី​មូលដ្ឋាន បាន​និង​កំពុងធ្វើការ​ស្រាវជ្រាវ​តាម​រក​លោក​ចោរ​ដាច់​យ៉ៃ«​ប្លន់»យក​«​ប័ណ្ណ​ក្រីក្រ»ប្រហែល​១០កេសខាងលើ​នេះ​ហើយ  សូ​ម្បី​តាម​បណ្ដា​តូប​លក់ដូរ​នានា​នៅ​តំបន់​នោះ ក៏​ត្រូវ​បាន​ប្រាប់​ឲ្យ​ជួយ​តាមដាន​ដែរ ក្រែង​លោក​ចោរ​យក​ក្រវិល​ទៅ​លក់ ឬ​ប្ដូរ​នៅ​តាម​តាម​កន្លែង​លក់ដូរ​នានា​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ