រាជធានីភ្នំពេញ៖ ពិធីបើកពិព័រណ៍ «ស្នាដៃមរតកមនុស្សរស់» បានបើកឱ្យសាធារណជនចូលរួមទស្សនាសិក្សាឈ្វេងយល់ឲ្យកាន់តែស៊ីជម្រៅពីស្នាដៃ ទេពកោសល្យដ៏ប៉ិនប្រសប់របស់ព្រឹទ្ធាចារ្យសិល្បៈមរតកមនុស្សរស់នៃកម្ពុជា និងដើម្បីបង្កើនការយល់ដឹងអំពីបេតិកភណ្ឌវប្បធម៌អរូបី ព្រមទាំងជាសកម្មភាពបណ្ដុះស្មារតីឲ្យយុវជនចេះស្រឡាញ់ និងចូលរួមបន្តវេនថែរក្សា លើកស្ទួយបេតិកភណ្ឌវប្បធម៌អរូបីរបស់ជាតិ។
យោងតាមការចុះផ្សាយរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានឱ្យដឹងថានាព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥ អគ្គនាយកដ្ឋានបច្ចេកទេសវប្បធម៌នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានរៀបចំពិធីបើកពិព័រណ៍ «ស្នាដៃមរតកមនុស្សរស់» ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម ហាប់ ទូច រដ្ឋលេខាធិការប្រចាំការ ព្រមទាំងមានវត្តមានអញ្ជើញចូលរួមពីអ្នកពាក់ព័ន្ធជាច្រើនរូបទៀត។
បើតាមក្រសួង, ពិព័រណ៍ «ស្នាដៃមរតកមនុស្សរស់»រៀបចំនៅសារមន្ទីរខ្លែងខ្មែរ នៃនាយកដ្ឋានអភិវឌ្ឍវប្បធម៌ ដោយធ្វើការតាំងបង្ហាញនូវស្នាដៃរបស់ព្រឹទ្ធាចារ្យសិល្បៈមរតកមនុស្សរស់ ចំនួន១៥រូប ដើម្បីជូនសាធារណជន ពិសេសយុវជន សិស្សានុសិស្ស ចូលទស្សនា ដើម្បីសិក្សាឈ្វេងយល់ឲ្យកាន់តែស៊ីជម្រៅពីស្នាដៃ ទេពកោសល្យដ៏ប៉ិនប្រសប់របស់ព្រឹទ្ធាចារ្យសិល្បៈមរតកមនុស្សរស់នៃព្រះរាជាណាចក្រកម្ពុជា និងដើម្បីបង្កើនការយល់ដឹងអំពីបេតិកភណ្ឌវប្បធម៌អរូបី ព្រមទាំងជាសកម្មភាពបណ្ដុះស្មារតីឲ្យយុវជនចេះស្រឡាញ់ និងចូលរួមបន្តវេនថែរក្សា លើកស្ទួយបេតិកភណ្ឌវប្បធម៌អរូបីរបស់ជាតិ។
សូមបញ្ជាក់ជូនថា ពិព័រណ៍ «ស្នាដៃមរតកមនុស្សរស់» បើកជូនសាធារណជនចូលទស្សនាដោយសេរី ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥ ចាប់ពីម៉ោង៩ព្រឹក ដល់ម៉ោង ១៦និង៣០នាទីល្ងាច៕
ចែករំលែកព័តមាននេះ