ទីក្រុងប៉ារីស៖ នាយករដ្ឋមន្ត្រីបារាំង លោកសេបាស់ត្យៀង ឡឺគ័រនូ (Sébastien Lecornu) បានប្រគល់លិខិតលាលែងពីតំណែងជូនលោកម៉ាក្រុងរួចហើយបន្ទាប់ពីលោកប្រកាសសមាសភាពគណៈរដ្ឋមន្ត្រីថ្មីត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះ។ ការលាលែងពីតំណែងនេះបន្ទាប់ពីលោកទទួលរងសម្ពាធពីក្រុមសម្ព័ន្ធមិត្តនៅក្នុងរដ្ឋាភិបាលចម្រុះជាមួយគ្នា និងពីក្រុមប្រឆាំងដែលថានឹងទម្លាក់រដ្ឋាភិបាលរបស់លោក។ ដំណឹងនេះធ្វើឱ្យតម្លៃភាគហ៊ុននៅផ្សារមូលប័ត្របារាំងធ្លាក់ចុះ, ប្រាក់អឺរ៉ូក៏ធ្លាក់ចុះ។
នេះជារឿងដ៏គួរឱ្យភ្ញាក់ផ្អើល និងហួសពីការស្មានដែលនៅសុខៗលោកឡឺគ័រនូត្រូវតែបង្ខំចិត្តចុះពីតំណែង។ តាមពិត បារាំងមានវិបត្តិនិយោបាយជាបណ្ដើរៗតាំងពីមុននេះម៉្លេះ។ ដូច្នេះ ស្ថានការណ៍វិវត្តថ្មីនេះនឹងរុញច្រានប្រទេសនេះឱ្យធ្លាក់ទៅក្នុងវិបត្តិកាន់តែខ្លាំង។ គណបក្សស្ដាំនិយមជ្រុល សមាជជាតិ (National Rally) បានអំពាវនាវឱ្យលោកម៉ាក្រុងរៀបចំការបោះឆ្នោតជ្រើសតាំងអ្នកតំណាងរាស្ត្រមុនអាណត្តិជាប្រញាប់ដើម្បីបិទបញ្ចប់វិបត្តិនេះជាស្ថាពរ។
កាលពីមុនពេលសរសេរលិខិតលាលែងពីតំណែង លោកឡឺគ័រនូបានពិគ្រោះជាមួយបណ្ដាគណបក្សនយោបាយដែលស្ថិតនៅក្នុងរដ្ឋាភិបាលចម្រុះជាមួយគ្នា និងសម្រេចចិត្តតែងតាំងសមាសភាពគណៈរដ្ឋមន្ត្រីថ្មីកាលពីយប់មិញ។ គណៈរដ្ឋមន្ត្រីថ្មីនេះត្រៀមកោះប្រជុំជាលើកដំបូងនៅល្ងាចថ្ងៃចន្ទ។ ការរៀបចំគណៈរដ្ឋមន្ត្រីថ្មីនេះបានធ្វើឱ្យទើសចិត្តក្រុមប្រឆាំង និងក្រុមសម្ព័ន្ធមិត្ត។ ក្រុមខាងឆ្វេងយល់ថាសមាសភាពគណៈរដ្ឋមន្ត្រីមានលក្ខណៈស្ដាំនិយមជ្រុល, រីឯក្រុមខាងស្ដាំថាគ្មានលក្ខណៈស្ដាំនិយមទេ។
នៅពេលលោកគ័រនូចុះពីតំណែង ហើយគណបក្សនៅក្នុងរដ្ឋាភិបាលចម្រុះជាមួយគ្នាគំរាមដើរចេញទៀតធ្វើឱ្យមជ្ឈដ្ឋានទូទៅដាក់ជាចម្ងល់ថាតើរដ្ឋាភិបាលថ្មីអាចនឹងមានជីវិតរស់នៅបានរយៈពេលប៉ុន្មាន។ គេកត់សម្គាល់ថាប្រទេសបារាំងជួបប្រទះនឹងអស្ថិរភាពនយោបាយជាហូរហែ និងដូរនាយករដ្ឋមន្ត្រីជាញឹកញាប់ចាប់តាំងពីលោកម៉ាក្រុងជាប់ឆ្នោតជាប្រធានាធិបតីបនៅអាណត្តិទី២កាលពីឆ្នាំ២០២២។
បញ្ហាដ៏ធំបំផុតគឺគណបក្សរបស់លោកមិនអាចទទួលបានអាសនៈច្រើនគ្រប់គ្រាន់នៅក្នុងសភាដើម្បីបង្កើតរដ្ឋាភិបាលម្នាក់ឯង។ ដូច្នេះ ត្រូវរត់ទៅពឹងគណបក្សដទៃដើម្បីបង្គ្រប់សំឡេង។ ថ្ងៃណាគេសប្បាយចិត្ត គេរួមរស់ជាមួយលោក, ថ្ងៃណាគេមិនសប្បាយចិត្ត គេគំរាមដើរចេញ។ កាលពីឆ្នាំ២០២៤ លោកម៉ាក្រុងរៀបចំការបោះឆ្នោតឡើងវិញដោយសង្ឃឹមថានឹងចាកចេញពីវិបត្តិ។ ផ្ទុយពីការរំពឹងទុករបស់លោក វិបត្តិនៅតែបន្តកើតមាន ហើយកើតមានកាន់តែខ្លាំងថែមទៀតផង។ ត្រឹមតែរយៈពេល២ឆ្នាំប៉ុណ្ណោះ បារាំងដូរនាយករដ្ឋមន្ត្រីរហូតដល់៥ដង។
ប្រធានគណបក្សសមាជជាតិ លោកហ្សកដាន់ បាដេឡា (Jordan Bardella) ថ្លែងថាប្រទេសបារាំងមិនអាចមានស្ថិរភាពនយោបាយទេលុះត្រាតែរៀបចំការបោះឆ្នោតឡើងវិញ និងរំលាយរដ្ឋសភាបច្ចុប្បន្ននេះចោល។ តម្លៃភាគហ៊ុនរបស់បារាំងធ្លាក់ចុះ១,៥%នៅពេលឮដំណឹងថាលោកគ័រនូចុះពីតំណែង។ នេះជាការធ្លាក់ចុះតម្លៃដ៏ខ្លាំងបំផុតនៅអឺរ៉ុប។ ប្រាក់អឺរ៉ូធ្លាក់ថ្លៃ០,៧%បើប្រៀបធៀបនឹងប្រាក់ដុល្លាររបស់អាមេរិក។ នេះបើយោងតាមគេហទំព័រឆេនណល ញូស៍ អេស៊ា (Channel News Asia) និងប្រភពដទៃទៀត៕
ចែករំលែកព័តមាននេះ