រាជធានីភ្នំពេញ ៖ អាជ្ញាធរមីន សូមគោរពជម្រាបជូនបងប្អូនជនរួមជាតិមេត្តាជ្រាបថា ថ្មីៗនេះ គម្រោងបោសសម្អាតមីន ដែលអាជ្ញាធរមីន តាងនាមឱ្យរាជរដ្ឋាភិបាល ប្រគល់ជូនកងទ័ពជើងគោក មជ្ឈមណ្ឌលជាតិរក្សាសន្តិភាព និងអង្គភាពស៊ីម៉ាក់ កាលពីថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៥ ក្នុងទំហំផ្ទៃដីមានមីនចំនួនជាង ៤១គីឡូម៉ែត្រការ៉េ នៅតាមបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ គឺធ្វើឡើងនៅតំបន់ដែលមានប្រជាពលរដ្ឋខ្មែររស់នៅ បម្រើផលប្រយោជន៍ប្រជាជនកម្ពុជា និងស្ថិតក្នុងភូមិ ឃុំ ស្រុក ក្នុងខេត្ត មិនជាប់ និង/ឬមិននៅជិតនឹងតំបន់ព្រំដែនកម្ពុជា-ថៃ ទេ ។
គម្រោងបោសសម្អាតមីននេះ រាជរដ្ឋាភិបាល មានផែនការបោសសម្អាតជាយូរឆ្នាំមកហើយ ហើយមិនពាក់ព័ន្ធសោះឡើយនឹងសំណូមពររបស់ភាគីថៃ និងតំបន់ព្រំដែន កំពុងមានជម្លោះរវាងកម្ពុជា-ថៃ ទេ ។
គម្រោងបោសសម្អាតមីននេះ គាំទ្រដល់គោលបំណងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងការផ្តល់ដីសុវត្ថិភាព ផ្តល់ក្តីសង្ឃឹម ការកសាងឡើងវិញ នូវសហគមន៍និងសេចក្តីថ្លៃថ្នូររបស់ប្រជាជនកម្ពុជា និងដើម្បីអនាគតមួយកាន់តែប្រសើរឡើងរបស់ប្រជាជនកម្ពុជាយើង ៕


ចែករំលែកព័តមាននេះ