រាជធានីភ្នំពេញ ៖ ទិវារត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិភ្នំពេញលើកទី៣ ដែលបានប្រារព្ធធ្វើនាព្រឹកថ្ងៃទី១៦ មិថុនា បានបញ្ចប់ទៅដោយជោគជ័យ ក្រោមការអញ្ជើញចូលរួមប្រគល់រង្វាន់ពីសំណាក់លោកថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា មន្ត្រីរាជរដ្ឋាភិបាល ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ និងមន្ត្រីកីឡាជាច្រើននាក់ទៀត ។
ការប្រកួតដែលចាប់ផ្តើមធ្វើនៅមុខព្រះបរមរាជវាំង នេះមានអ្នកចូលរួមប្រមាណ៤.០៥០នាក់ក្នុងនោះកីឡាករ កីឡាការិនីបរទេសមានចំនួន៣៥០នាក់ មកពី២៤ប្រទេសដែលភាគច្រើនមកពីបារាំង ជប៉ុន សិង្ហបុរី អូស្ត្រាលី អាមេរិក និងប្រទេសនានាមួយចំនួនទៀត ហើយក្រៅពីនោះជាជនជាតិខ្មែរ ។ អ្វីដែលកាន់តែធ្វើឱ្យព្រឹត្តិការណ៍ប្រកួតនេះទទួលបានការចាប់អារម្មណ៍ខ្លាំងនោះគឺវត្តមានលោកបណ្ឌិត ហ៊ុន ម៉ាណែត កូនប្រុសច្បងសម្តេចតេជោ ហ៊ុន សែន លោកកែប ថុន ជាអ្នករត់ប្រណាំងជើងចាស់វ័យជាង៨០ឆ្នាំ និងសិល្បករ និងសិល្បការិនីជាច្រើននាក់ បានចូលរួមក្នុងព្រឹត្តិការណ៍នេះ ។
ក្នុងឱកាសនោះលោកថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ថ្លែងថា លោកសូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់កីឡាករ កីឡាការិនីជាតិនិងអន្តរជាតិ ជាពិសេសវត្តមានលោកហ៊ុន ម៉ាណែត និងក្រុមយុវជនកម្ពុជា តារាចម្រៀងល្បីប្រចាំផលិតកម្មហង្សមាសដែលបានចូលរួមក្នុងពិធីនេះ ។ លោកបន្តថា ចំនួនអ្នកចូលរួមក្នុងព្រឹត្តិការណ៍នេះមានការកើនឡើងជាងឆ្នាំមុន៥០ភាគរយ សបញ្ជាក់ឱ្យឃើញពីការស្រឡាញ់ចូលចិត្ត និងគាំទ្រដល់ចលនាកីឡាស្អាតស្អំ និងកីឡាបៃតង(Clean and Green Sport) ។
សូមឱ្យយើងទាំងអស់គ្នាប្រកាន់នូវទស្សនាទានកីឡាស្អាតស្អំ និងកីឡាបៃតងដើម្បីកសាងពិភពលោកមួយដ៏ល្អប្រសើរ«Clean and Green Sport builds a better world » ។ ចំពោះលទ្ធផលចំណាត់ថ្នាក់មានដូចខាងក្រោម ៖ វិញ្ញាសារត់២១គីឡូម៉ែត្រ ផ្នែកបុរស លេខ១ បានទៅកីឡាករកម្ពុជាហែម ប៊ុនទីង លេខ២ កីឡាករជនជាតិជប៉ុនសញ្ជាតិកម្ពុជា Neko Hiroshi និងលេខ៣កីឡាករកម្ពុជាផាន សុភ័ក្ត្រ ។ ផ្នែកនារីលេខ១បានទៅកីឡាការិនីជនជាតិបារាំងឈ្មោះ Messina Veionique លេខ២ កីឡាការិនីកម្ពុជា លី ណារី និងលេខ៣កីឡាការិនីចក្រភពអង់គ្លេសឈ្មោះ Hamill
Jill ។
វិញ្ញាសារត់១០គីឡូម៉ែត្រ ផ្នែកជនពិការលេខ១ កីឡាករសាន មៅ៉ , លេខ២ កីឡាករឈឹម វាសនា និងលេខ៣ កីឡាករគឹម វណ្ណា ។ វិញ្ញាសារត់១០គីឡូមែ៉ត្រ ផ្នែកបុរស លេខ១ កីឡាករម៉ា វីរ៉ូ លេខ២ កីឡាករគៀង សាម៉ន និងលេខ៣ កីឡាករជា សម្ផស្ស ពួកគេទាំង៣នាក់ជាជនជាតិកម្ពុជា ។ ផ្នែកនារី លេខ១ កីឡាការិនីជនជាតិអូស្ត្រាលីឈ្មោះ Sims Emily លេខ២កីឡាការិនីបរទេស Kaitlyn Mul Hem និងលេខ៣ កីឡាការិនីជនជាតិអាមេរិកឈ្មោះAlice Collier ។
វិញ្ញាសារត់៣ គីឡូម៉ែត្រ ផ្នែកបុរស លេខ១ កីឡាករអេ សីសាន់ ,លេខ២ កីឡាករ ម៉ា វ័រ និងលេខ៣ កីឡាករតុប សុផុន ទាំង៣នាក់ជាកីឡាករកម្ពុជា ។ ផ្នែកនារី លេខ១ កីឡាការិនីមកពីហុងកុងឈ្មោះ Ally Hoy, លេខ២ កីឡាការិនីកម្ពុជា ហេង មេ៉ងជូ និងលេខ៣ កីឡាការិនីកម្ពុជា អេ យ៉ានុត ។
សូមបញ្ជាក់ថា ទិវារត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិភ្នំពេញលើកទី៣នេះធ្វើឡើងដើម្បីអបអរសាទរថ្ងៃកំណើតអូឡាំពិកលើកទី១១៩ អបអរសាទរព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះមហាក្សត្រិយានី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ និងដើម្បីមនុស្សធម៌ សុខភាព មិត្តភាព សាមគ្គីភាព និងកិច្ចការពារបរិស្ថាន រួមចំណែកដល់យុទ្ធនាការ«ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ » ។ ចំណែកវិញ្ញាសាប្រកួតមានរត់២១គីឡូម៉ែត្រ (បុរស-នារី) រត់១០គីឡូម៉ែត្រ (បុរស-នារី) និងរត់៣គីឡូមែ៉ត្រ (បុរស-នារី) ៕
ចែករំលែកព័តមាននេះ