ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លទ្ធ​ផល​​ប្រដាល់​​នៅ​​លើ​​រេញ​​ TV3 ​កាល​ពី​​ថ្ងៃ​​សៅរ៍​

12 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ ៖ ការប្រកួត​ប្រដាល់​ក្បាច់​គុនបុរាណ​ខ្មែរ​នៅ​លើ​សង្វៀន​ស្ថានីយ​ទូរ​ទស្សន៍​រាជ​ធានី​ភ្នំពេញ​ប៉ុស្តិ៍​លេខ​៣​ កាល​ពី​ថ្ងៃ​សៅរ៍​ ទី​១៥​ មិថុនា​កន្លងមក​នេះ ប្រជុំ​ដោយ​កីឡាករ​ខ្លាំងៗ​ចំនួន​៥​គូ​ឡើង​មក​សម្តែង​ឫទ្ធិ​ដាក់​គ្នា​ជូន​ទស្សនិកជន​បាន​ទស្សនា​មិន​ឱ្យ​ខក​បំណង​ឡើយ ។​ សម្រាប់​ការប្រកួត​នៅ​ថ្ងៃ​នោះ​ គូ​ប្រដាល់​ដែល​គេ​ចាប់​អារម្មណ៍​ខ្លាំង​ជាង​គេ​

រាជ​ធានី​ភ្នំពេញ ៖ ការប្រកួត​ប្រដាល់​ក្បាច់​គុនបុរាណ​ខ្មែរ​នៅ​លើ​សង្វៀន​ស្ថានីយ​ទូរ​ទស្សន៍​រាជ​ធានី​ភ្នំពេញ​ប៉ុស្តិ៍​លេខ​៣​ កាល​ពី​ថ្ងៃ​សៅរ៍​ ទី​១៥​ មិថុនា​កន្លងមក​នេះ ប្រជុំ​ដោយ​កីឡាករ​ខ្លាំងៗ​ចំនួន​៥​គូ​ឡើង​មក​សម្តែង​ឫទ្ធិ​ដាក់​គ្នា​ជូន​ទស្សនិកជន​បាន​ទស្សនា​មិន​ឱ្យ​ខក​បំណង​ឡើយ ។​ សម្រាប់​ការប្រកួត​នៅ​ថ្ងៃ​នោះ​ គូ​ប្រដាល់​ដែល​គេ​ចាប់​អារម្មណ៍​ខ្លាំង​ជាង​គេ​ គឺ​គូ​ពិសេសទី​៣​ រវាង​កីឡាករ​ ផន​ ប៊ុន​ម៉ៅ​ មក​ពី​ក្លិប​បូរីរាជ​សីហ៍​មាន​ឫទ្ធិ​ និងកីឡាករ​ អ៊ុំ​ ចំរើន​ មក​ពី​ក្លិប​តាឡី​ដំរី​មាន​ឫទ្ធិ​ ។

គូ​នេះវាយ​គ្នា​របៀប​ស៊ីសាច់​ហុត​ឈាម​តាំងពី​ចាប់​ផ្តើម​ទឹកទី​១​ ម៉្លេះ​ ដោយ​គេឃើញ​ អ៊ុំ ចំរើន​ វាយ​សម្រុក​គ្មាន​ប្រណី​ទៅ​លើ ផន​ ប៊ុន​ម៉ៅ​ ដោ​យ​ប្រើ​កណ្តាប់​ដៃ​ម៉ាត់​ចូល​មុខពេញៗ និង​ប្រើ​ជើង​ទាត់​ល្វែង​ក្រោម​ដូច​ព្យុះ​បង្ខំ​ឱ្យ ផន​ ប៊ុន​ម៉ៅ​ ដក​ថយ និង​គេច​ចេញ​ពី ការ​វាយ​ប្រហារ​នេះ​ទាំង​ត្រដាប​ត្រដួស​ ​និង​វាយ​សង​វិញ​បាន​មួយៗ​ប៉ុណ្ណោះ​ ។ ទោះ​បី​យ៉ាងណា​ ផន ប៊ុន​ម៉ៅ​ អត់​ទ្រាំនឹង​ការ​ឈឺ​ចាប់​ដែល​កើត​ឡើង​ពី​ការ​វាយ​ប្រហារ​របស់​គូ​ប្រកួត​បាន​ត្រឹម​តែ​២ទឹក​ប៉ុណ្ណោះ​ លុះ​ចូល​ដល់​ទឹកទី​៣​ គេត្រូវ​ អ៊ុំ​ ចំរើន​ ទាត់​ឱ្យ​ខូច​ជើង​ឆ្វេង​រហូត​ដល់​ថ្នាក់​ដួល​ក្រោក​លែង​រួច​តែ​ម្តង ។​

ចំណែក​គូ​ឯក​ប្រចាំ​សប្តាហ៍​ ក៏​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ណាស់​ដែរ​នោះ​គឺ​ជា​ការ​ប្រកួត​រវាង​កីឡាករ​ ឡៅ ស៊ីណាត​ មក​ពី​ក្លិប​ទ័ព​ពិសេស​ឆត្រ​យោង​៩១១​ និង​កីឡាករ​ ខុន ចាន់​ថន​ មក​ពី​ក្លិប​កងពល​ធំ​អន្តរាគមន៍​លេខ​៣ ព្រះ​វិហារ​ ។ គូ​នេះ​ ខុន ចាន់​ថន​ ទទួល​ការ​ពេប​ជ្រាយតាំងពី​មុន​ការប្រកួតចាប់​ផ្តើម​ម៉្លេះ​ថា​ រូប​គេ​ពិត​ជា​ថ្លើម​ធំ​ពេក​ហើយ​ដែល​ហ៊ាន​ណាត់ ឡៅ​ ស៊ីណាត​ សាក​កម្លាំង​គ្នា​នៅ​លើ​សង្វៀន​បែប​នេះ។​ ខុន ចាន់ថន​ ដែល​វាយ​អាង​កម្លាំង​សុទ្ធ​សាធ​នោះ​បានត្រឹម​តែ​ដើរ​ចូល​វាយ​យ៉ាង​ងងើល​ ​ភ្លេច​ការពារ​ ធ្វើ​ឱ្យ​គូ​ប្រកួត​មាន​ឱកាស​វាយ​ចូល​ស្ទើរ​ដាច់​ផ្ងារ​ម្តង​ៗ ទោះ​បី​យ៉ាងណា​ ​ឡៅ ស៊ីណាត​ ក៏​មាន​ការ​ប្រុងប្រយ័ត្ន​ចំពោះ​ស្នៀត​ជើង​របស់ ខុន ចាន់​ថន​ ដែល​ទាត់​សម្រុក​មក​លើ​ខ្លួន​វិញ​ដែរ។​

ចាប់​ពីទឹកទី​១​ ដល់​ដើម​ទឹក​ទី​៣​ ខុន​ ចាន់ថន​ អាច​តស៊ូ​ជាមួយ​ ឡៅ ស៊ីណាត​ បាន​ក្នុង​លក្ខណៈ​ប្រដំ​ប្រសង​គ្នា​ ប៉ុន្តែ​ពេល​ឈាន​ចូល​ដល់​ពាក់​កណ្តាល​ទឹក​ទី​៣​ ឡៅ ស៊ីណាត​ ចាប់​ផ្តើម​បើក​ការ​វាយ​សម្រុក​កាន់​តែ​ខ្លាំង​ឡើង​ ដោយ​ប្រើ​ផ្លែ​ជង្គង់​របស់​គេ​បុក​ចូលពោះ​ទឹក​ពេញៗ​ បណ្តាល​ឱ្យ​ ខុន​ ចាន់ថន​ ដួល​សន្លប់​ក្រោក​លែង​រួច​តែ​ម្តង​ ។​

ក្រៅ​ពី​គូ​ចាប់​អារម្មណ៍​២​គូ​នេះ​ទៅ​នៅ​លើ​សង្វៀន​ដដែល​ កីឡាករ​ ហ៊ឹម សារ៉ាន់​ មកពី​សមាគម​កីឡា​ប្រដាល់​ក្រសួង​ការពារជាតិ​ យក​ឈ្នះ​កីឡាករ​ ពុទ្ធ ឆាយ​រិទ្ធី​ មក​ពី​ក្លិប​ពុទ្ធ​សេរី​វង្ស​ព្រែក​តា​ទែនដោយ​ពិន្ទុ ។​ កីឡាករ​ ហ៊ុន​ ឈុន​ហេង មក​ពី​ក្លិប​សម្រែក​រាជ​សីហ៍​បង្ក្រាប​គ្រឿង​ញៀន​ យក​ឈ្នះ​កីឡាករ​ ពេជ្រ ម្ទេសខ្មាំង​ មក​ពី​ក្លិប​អារុណ​រះ​កីឡា​ដោយ​​ពិន្ទុ​ និង​កីឡាករ ឈិត ង៉ុយ​ មក​ពី​ក្លិប​អប្សរា​ក្បាច់​គុន​ខ្មែរ​ ផ្តួល​កីឡាករ​ ឡុង ប៊ុនហេង​ មក​ពី​ក្លិប​សាល​វ័ន្ត​កីឡា​ឱ្យ​លើក​ទង់​ជ័យ​ស​សុំ​ចុះ​ចាញ់​នៅ​ត្រឹម​ទឹក​ទី​៤ ៕​