ខេត្តស្ទឹងត្រែង ៖ អភិបាលខេត្តស្ទឹងត្រែងបានផ្តួចផ្តើមពិធីបុណ្យអុំទូកដែលមានរយៈ៣ថ្ងៃ គឺថ្ងៃទី១៨ -១៩ និង២០ ខែវិច្ឆិកា ឆ្នាំ២០១៨នេះនៅទន្លេសេកុង ក្រុងស្ទឹងត្រែង ។
ជាលើកទី២ដែលរដ្ឋបាលខេត្តស្ទឹងត្រែងបានរៀបចំពិធីបុណ្យអុំទូកឡើង ដើម្បីអបអរពិធីបុណ្យអុំទូក អកអំបុកសំពះព្រះខែដែលចូលមកដល់ថ្ងៃ២១ ដល់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៨ ។ ក្នុងពិធីអុំទូក គេសង្កេតឃើញទូកងមកពីបណ្តាមន្ទីរនានាជុំវិញខេត្ត និងតាមស្រុកនីមួយៗដែលរចនា លាភពណ៌ យ៉ាងស្រស់ស្អាត សរុបទាំងអស់ចំនួន១៦ទូកង ចំណុះក្នុង១ទូក២៣នាក់ ។
កីឡាកប្រណាំងបានប្រឹងអស់ពីកម្លាំងកាយចិត្តរកជ័យជំនះរៀងៗខ្លួនទាក់ទាញភ្ញៀវចូលមកទស្សនានៅខេត្តស្ទឹងត្រែងឱ្យបានច្រើនកុករ ។ ថ្ងៃដំបូងនៃពិធីប្រណាំងទូកគេឃើញជនជាតិដើមភាគតិចគួយ បានរៀបចំពិធីបួងសួងដែលមានទៀនធូប ផ្កាភ្ញី ផ្លែឈើ នៅមុខវេទិកានៃពិធីអុំទូក ដើម្បីសេចក្តីសុខ សេចក្តីចំរើនពីព្រះគង្គា និងបារមីព្រះអង្គធំតាមជួយថែរក្សាកីឡាករ និងបង ប្អូនជនរួមជាតិទាំងអស់ចូលមកទស្សនាកម្សាន្តសប្បាយ ។
អាជ្ញាធរខេត្តបានរៀបចំពិធីបុណ្យនេះឡើងដើម្បីឱ្យប្រជាពលរដ្ឋតាមទីជនបទស្រុកស្រែចម្ការ មកជួបជុំគ្នានៅក្រុងស្ទឹងត្រែង ចូលរួមសប្បាយក្អាកក្អាយជាមួយនឹងបុណ្យអុំទូកក្នុងនោះគេសង្កេតឃើញថា មិនមែនមានកម្មវិធីប្រណាំងទូកតែមួយមុខទេ គឺមានកម្មវិធីប្រណាំងកង់ល្បឿនលឿន ពិធីប្រណាំកង់ល្បឿនយឺត កម្មវិធីរត់ប្រណាំងគូរស្នេហ៌ និងពិធីតាំងពិព័រណ៍ផលិតផលសហគមន៍ យ៉ាងគគ្រឹកគគ្រេង និងរក្សាបាននូវសុវត្ថិភាពដែលមានការការពារដោយនគរបាល និងកងរាជអាវុធហត្ថយ៉ាងមុតមាំ ។
ប្រជាពលរដ្ឋមកពីស្រែចម្ការដើរទស្សនាកម្សាន្តរីករាយនាឱកាសនោះបានឱ្យដឹងថា សូមឱ្យរដ្ឋបាលខេត្តស្ទឹងត្រែងរៀបចំពិធីជារៀងរាល់ឆ្នាំ ដើម្បីឱ្យពួកគាត់រួចរាល់ពីការងារដំណាំ កសិកម្មមកលេងកម្សាន្ត ហើយសង្ឃឹមថាឆ្នាំក្រោយទៀតភូមិគាត់ នឹងមានទូកចូលរួមប្រណាំងកម្សាន្ត នៅលើផ្ទៃទឹកទន្លេសេកុងនេះដូចគ្នា ៕

ចែករំលែកព័តមាននេះ