ស្ថិតក្នុងព្រះជន្មាយុ៧៧ព្រះវស្សា សម្តេចម៉ែ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ នៅតែបំពេញព្រះរាជកិច្ចយ៉ាងសកម្មទាំងកិច្ចការទូតអន្តរជាតិ និងជាតិ ជាម្លប់ដ៏ត្រជាក់ត្រជំនៃប្រជានុរាស្ត្រ ជាពិសេសព្រះរាជកិច្ចសប្បុរសធម៌របស់ព្រះអង្គទៅលើប្រជារាស្ត្រជាកូនជាចៅនៅតាមមូលដ្ឋាន ហើយនៅថ្ងៃទី១៨ មិថុនា ២០១៣ នេះ ព្រះរាជពិធីចម្រើនព្រះជន្មគម្រប់៧៧ព្រះវស្សាយាងចូល៧៨ព្រះវស្សា របស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ នឹងចាប់ផ្តើមប្រារព្ធធ្វើឡើងនៅក្នុងព្រះបរមរាជវាំង និងត្រូវអបអរសាទរទូទាំងព្រះរាជាណាចក្រកម្ពុជា ។
ព្រះរាជពិធីចម្រើនព្រះជន្មសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ នាពេលនេះត្រូវបានមន្ត្រីក្នុងព្រះបរមរាជវាំងឱ្យដឹងថា មានការដាក់តាំងរូបព្រះឆាយាលក្ខណ៍ ទង់ជាតិ ដាក់តាមដងវិថី ផ្កាភ្ញី និងការដាក់ភ្លើងអគ្គិសនីតាំងលម្អនៅក្នុងរាជធានីភ្នំពេញ ក៏ដូចជា ទីប្រជុំជននានានៅបណ្តាខេត្ត ព្រមទាំងប្រជាពលរដ្ឋទទួលបានការឈប់សម្រាកមួយថ្ងៃផងដែរ ជាសក្ខីភាពនៃការអបអរសាទរ។ ខណៈនេះសម្តេចព្រះវររាជមាតាជាតិខ្មែរកំពុងគង់ប្រថាប់នៅក្នុងព្រះបរមរាជវាំង ដើម្បីជាម្លប់ និងទ្រង់ព្រះរាជកិច្ចផ្សេងៗសម្រាប់ប្រជានុរាស្ត្រកម្ពុជា។
មន្ត្រីព្រះបរមរាជវាំងបានឱ្យដឹងទៀតថា ព្រះរាជពិធីចម្រើនព្រះជន្មសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ក្នុងព្រះបរមរាជវាំងមានរៀបចំពេលវេលា ទីកន្លែងសម្រាប់ទទួលការថ្វាយព្រះពរយ៉ាងត្រចះត្រចង់ពីសំណាក់ព្រះរាជវង្សានុវង្សដ៏អធិកអធម ថ្នាក់ដឹកនាំជាតិទទួលលិខិតថ្វាយព្រះពរពីឥស្សរជននានា ប្រជារាស្ត្រ និងមានពិធីសូត្រមន្ត រាប់បាត្រ លាងសាយភោជន៍ផងដែរ។
សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គលទ្រង់ប្រសូតនៅថ្ងៃទី១៨ ខែមិថុនា ១៩៣៦ ដោយមានព្រះបិតាជាជនជាតិបារាំង ដើមកំណើតអីុតាលី និងមានព្រះមាតាជាជនជាតិខ្មែរ ។ ព្រះអង្គបានរៀបអភិសេកជាមួយព្រះបាទ នរោត្តម សីហនុ (ព្រះមហាវីរក្សត្រ-ព្រះបរមរតនកោដ្ឋ) ក្នុងខែមេសា ឆ្នាំ១៩៥២ ។ សម្តេចម៉ែ ព្រះអង្គមានព្រះរាជបុត្រ២អង្គ គឺសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងព្រះអង្គម្ចាស់នរោត្តម នរិន្ទ្រពង្ស ប្រសូតនៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ១៩៥៤ ប៉ុន្តែបានសោយទិវង្គតនៅឆ្នាំ២០០៣ ដោយជំងឺបេះដូង ។
សម្តេចព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គលនៅចុងទសវត្សឆ្នាំ ១៩៦០ ព្រះអង្គជាប្រធានកាកបាទក្រហមខ្មែរ និងបច្ចុប្បន្នទ្រង់ក៏នៅតែជាប្រធានកិត្តិយសនៃកាកបាទក្រហមកម្ពុជាផងដែរ។ ជារឿយៗ សម្តេចព្រះមហាក្សត្រីតែងយាងព្រះរាជទានព្រះរាជទ្រព្យផ្ទាល់របស់ព្រះអង្គ និងអំណោយកាកបាទក្រហមរបស់សប្បុរសជនដល់ប្រជានុរាស្ត្រដែលមកពីតាមបណ្តាខេត្តនានាជួបជុំទទួលនៅក្នុងព្រះបរមរាជវាំង… ការព្រះរាជទានអំណោយស្ទើរតែជារៀងរាល់ពេលតែងតែអមដោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជាជានិច្ច៕
ចែករំលែកព័តមាននេះ