ក្រុមហ៊ុនផលិតសូហ្វវែយក្សរបស់អាមេរិក Microsoft នឹងបង្កើតមជ្ឈមណ្ឌលច្នៃបង្កើតថ្មីនៅក្នុងទីក្រុងដាកាអំឡុងពេល៦ខែខាងមុខ ។ នេះបើយោងតាមលេខាក្រុមហ៊ុន ICT លោក Nazrul Islam Khan ។ក្រុមហ៊ុនដែលមានមូលដ្ឋាននៅអាមេរិកមួយនេះក៏មានគម្រោងបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍នៅក្នុងសួនឧទ្យានទំនើបមួយនៅក្នុងទីក្រុង Gazipur ផងដែរ ប្រសិនបើរដ្ឋាភិបាលផ្តល់ដីដល់ក្រុមហ៊ុន ។
លោក Khan និយាយថា លោកបានជួបពិភាក្សាជាមួយប្រធានក្រុមហ៊ុនMicrosoftប្រចាំអាស៊ីអាគ្នេយ៍លោក Jamie Harper នៅទីក្រុងដាកាកាលពីពេលថ្មីៗនេះ ហើយបានពិភាក្សាគ្នាលើបញ្ហានេះ ។លោកបន្ថែមថា មជ្ឈមណ្ឌលច្នៃបង្កើតថ្មីនេះនឹងជួយបង្កើតគំនិតថ្មី និងកាលានុវត្តភាពធុរកិច្ច រួមជាមួយនឹងសម្របសម្រួលការផ្ទេរបច្ចេកវិទ្យាផងដែរ ។កាលពីមុន ក្រុមហ៊ុនអេឡិចត្រូនិកយក្សរបស់កូរ៉េខាងត្បូង Samsung ក៏បានបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍នៅទីក្រុងដាកាមួយដែរ ។
ក្រុមហ៊ុន Microsoft ក៏នឹងធ្វើការរួមគ្នាជាមួយសាកលវិទ្យាល័យបង់ក្លាដែសដើម្បីបង្កើតមជ្ឈមណ្ឌលដូចគ្នានេះសម្រាប់និស្សិត ។
លោក Khan និយាយថា យើងចង់ឃើញប្រជាជនរបស់យើងចេះអភិវឌ្ឍន៍កម្មវិធីផ្សេងៗ និងរកបានរូបិយប័ណ្ណបរទេស ។ មជ្ឈមណ្ឌលបែបនេះ គឺជាជំហានឆ្ពោះទៅកាន់គោលដៅនោះ៕
ចែករំលែកព័តមាននេះ