រាជធានីភ្នំពេញ ៖ នៅថ្ងៃអាទិត្យទី១៦ មិថុនា ស្អែក កីឡាករជើងខ្លាំងពីររូប គឺកីឡាករ ផាន់ គ្រាន់ និងកីឡាករយុគ យក្សផ្លែ នឹងឡើងរេញក្នុងថ្ងៃតែមួយនៅលើសង្វៀនបាយ័នបឹងស្នោ ។ ទោះយ៉ាងណា ពួកគេទាំងពីរមិនមែនឡើងរេញប៉ះគ្នា ដើម្បីប្រកួតគ្នានោះទេ គឺគ្រាន់តែជួបគ្នានៅលើរេញតែមួយដែលហាក់ធ្វើឲ្យអ្នកទស្សនាចាប់ចិត្តថា ក្នុងចំណោមគូប្រកួតទាំងអស់នៅថ្ងៃអាទិត្យនោះកីឡាករទាំងពីរកំពុងប្រទាញបាននូវការចាប់អារម្មណ៍ជាងគេប៉ុណ្ណោះ ។
ក្រុមអ្នកទស្សនាមិនតិចឡើយផ្ដោតការតាមដានដោយគ្រាន់តែឮថា កីឡាករផាន់ គ្រាន់ ជើងខ្លាំងមកពីក្លិបព្រះខ័នរាជ និងកីឡាករយុគ យក្សផ្លែ ជើងខ្លាំងមកពីក្លិបយុវកីឡាខេត្តកណ្ដាលឡើងរេញក្នុងថ្ងៃតែមួយទីកន្លែងតែមួយ ។ ចំណាប់អារម្មណ៍ចំពោះពួកគេកើតឡើងបន្ទាប់ពីកីឡាករទាំងពីររមែងបង្ហាញសមត្ថភាពធ្វើឲ្យអ្នកទស្សនាជក់ចិត្ត ព្រមជាមួយនឹងលទ្ធផលដែលធ្វើឱ្យគូប្រកួតទក់សាច់បរាជ័យច្រើនជាងស្ទុះរួច ។ នៅថ្ងៃអាទិត្យស្អែក កីឡាករយុគ យក្សផ្លែ ដែលឈរក្នុងគូទី២ នឹងប៉ះគ្នាជាមួយកីឡាករ ហែម ថង មកពីមជ្ឈមណ្ឌលកីឡានៃកងយោធពលខេមរៈភូមិន្ទ ខណៈដែលកីឡាករ ផាន់ គ្រាន់ ដែលជាគូឯកនឹងជួបប្រកួតជាមួយកីឡាករជើងខ្លាំងសារឿន ចាន់ មកពីក្លិបសម្រែករាជសីហ៍បង្រ្កាបគ្រឿងញៀន ។
គូប្រកួតទាំងពីរ យុគ យក្សផ្លែ ត្រូវគេជឿថាអាចផ្ដួលគូប្រកួតបានក្នុងសន្ទស្សន៍ច្រើន បើទោះជាគេធ្វើដំណើរផ្លូវឆ្ងាយមកពីខេត្តភាគខាងលិច ដែលកាត់បន្ថយថាមពលរបស់គេខ្លះ ព្រោះតែសភាពធ្វើដំណើរជាមួយរថយន្តឈ្នួលហាក់មិនអំណោយផលចំពោះគេនោះក៏ដោយ ។ អ្នកទស្សនាជឿថា យុគ យក្សផ្លែ ពិតជាសម្រេចគោលដៅ ដោយសារសំអាងថា គេមានឱកាសផ្ដួលគូប្រកួតឲ្យចាញ់ដោយពិន្ទុ និងចាញ់ដោយសន្លប់គួរឲ្យភ្ញាក់ផ្អើលនាពេលចុងក្រោយ ។
សម្រាប់ឆាកប្រយុទ្ធរវាងកីឡាករផាន់ គ្រាន់ និងសារឿន ចាន់ បើទោះជាគ្រប់ៗគ្នា មិនទាន់ហ៊ានសង្ឃឹមដល់១០០% ប៉ុន្តែម្នាក់ៗហាក់លំអៀងបន្តិចទៅកាន់កីឡាករ ផាន់ គ្រាន់ បើទោះជាដឹងថា សារឿន ចាន់ មិនមែនជាកីឡាករធម្មតា ។ គូប្រកួតទាំងពីរ ក៏ត្រូវគេជឿជាក់ថា នឹងបង្កើនសន្ទុះវាយតប់គ្នាបានល្អមិនធ្វើឲ្យអ្នកទស្សនាខកចិត្តផងដែរ ពិសេសចំពោះថ្វីដៃ របស់កីឡាករផាន់ គ្រាន់ ដែលកំពុងទទួលបានការកោតសរសើរក្នុងស្រទាប់មហាជន ។
ក្រុមអ្នកទស្សនានិយាយថា យុគ យក្សផ្លែ និងផាន់ គ្រាន់ ពិតជាអាចផ្ដួលគូប្រកួតបានដូចគ្នា ក្នុងពេលដែលពួកគេក្លាយខ្លួនជាកីឡាករទទួលបានការចាប់អារម្មណ៍ជាងគេទំនុកចិត្តជាងគេ ក្នុងពេលប៉ះគ្នានៅលើរេញតែមួយបែបនេះ ។ ចាំមើលតែពួកគេអាចសម្រេចគោលដៅដូចគ្នា ឬជួបវាសនាបញ្ច្រាសទិសពីការព្យាករនេះ?
នៅលើសង្វៀនថ្ងៃអាទិត្យដដែលនោះដែរ កីឡាករជើងខ្លាំងស៊ឹម ប៊ុនឆៃ មកពីក្លិបព្រៃទទឹងបង្ក្រាបគ្រឿងញៀន ក៏នឹងប៉ះជាមួយកីឡាករចាន់ ស៊ីណាត មកពីក្លិបនិរោធមានជ័យផងដែរ ខណៈដែលកីឡាករឯម លីថូ មកពីក្លិបគ្រុឌមានជ័យ នឹងត្រូវប្រកួតជាមួយកីឡាករអាំង សំអាត មកពីក្លិបតាព្រហ្មមានជ័យ និងកីឡាការិនី គង់ សារី មកពីក្លិបឃុំជ្រៃខេត្តបាត់ដំបង នឹងជួបប្រកួតជាមួយកីឡាការិនី នូវ ស្រីពៅ មកពីក្លិបតាឡីដំរីមានឫទ្ធិ នៅសង្វៀនបឹងស្នោនេះដែរ ប៉ុន្តែនៅថ្ងៃសៅរ៍ទី១៥ មិថុនា ល្ងាចនេះ ៕
ចែករំលែកព័តមាននេះ