ខេត្តកំពង់ឆ្នាំង ៖ រថយន្តហ៊ីយ៉ាន់ដាយ១គ្រឿងបានដឹកស្រូវលើសចំណុះពីលើជញ្ជាំងរថយន្តជាង១ម៉ែត្រ ដោយការចងបាវស្រូវមិនប្រយ័ត្ន បណ្តាលឱ្យការុងស្រូវជ្រុះធ្លាយរាយប៉ាយពេញផ្ឡូវជាតិលេខ៥ ដែលហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៥ទៀបភ្លឺ ថ្ងៃទី១៤ មិថុនា ២០១៣ ស្ថិតនៅភូមិទី៨ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ។
បើតាមប្រជាពលរដ្ឋបានឱ្យដឹងថា រថយន្តដឹកស្រូវនោះពេលបើកមកដល់ចំណុចកើតហេតុក្នុងភូមិទី៨ សង្កាត់ខ្សាម ក៏ស្រាប់តែដាច់ខ្សែធ្លាក់ជ្រុះការុងស្រូវជាង២០ការុងធ្លាយស្រូវរាយប៉ាយពេញផ្លូវជាតិ និងបានបង្កការរំខានដល់ការធ្វើចរាចរណ៍របស់អ្នកដំណើរដែលឆ្លងកាត់ទីនោះ ។ សំណាងល្អពុំមាននរណារងរបួសក្នុងហេតុការណ៍នោះទេ ។
អ្នកបើកបររថយន្តពុំត្រូវបានស្គាល់អត្តសញ្ញាណនោះទេ តែក្រោយពេលកើតហេតុ ម្ចាស់រថយន្តនិងកម្មករបាននាំគ្នាកើបស្រូវច្រកការុងវិញ រួចលើកដាក់រថយន្តវិញ ។ ប៉ូលិសចរាចរណ៍ខេត្តបាននាំយករថយន្តខាងលើ មកកាន់ការិយាល័យចរាចរណ៍ផ្លូវគោក ដើម្បីផាកពិន័យ និងធ្វើកិច្ចសន្យាបញ្ឈប់ការដឹកជញ្ជូនបែបនេះ ៕
ចែករំលែកព័តមាននេះ