ដាច់ហ្វ្រាំងបុករះតាំងពីលើរហូតដល់ក្រោមស្ពានព្រះមុនីវង្សចាស់យ៉ាងស្រៀវ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើង ដោយសារតែរថយន្តដឹកទំនិញធុនធំមួយគ្រឿងបើកឆ្លងកាត់ស្ពានព្រះមុនីវង្សចាស់ ខណៈពេលដែលចរាចរណ៍កំពុងតែមានសភាពចង្អៀតណែនណាន់តាន់តាប់នោះ ហើយក៏រថយន្តបានដាច់ហ្វ្រាំងទៅបុករះរថយន្តតូចធំចំនួន៤គ្រឿង និងរ៉ឺម៉កម៉ូតូ១គ្រឿងជាបន្តបន្ទាប់ បណ្តាលអោយរងការខូចខាតយ៉ាងដំណំ។ ចំណែកឯអ្នកបើកបររថយន្តបង្ក និងព្រូម្នាក់ត្រូវបានកៀបជាប់ក្នុងកាប៊ីនរថយន្ត…
ចំណែកឯអ្នកបើកបររថយន្តបង្ក និងព្រូម្នាក់ត្រូវបានកៀបជាប់ក្នុងកាប៊ីនរថយន្ត ហើយត្រូវបានប្រជាពលរដ្ឋដែលនៅក្បែរខាងនាំគ្នាជួយគាស់យកចេញមកខាងក្រៅ ដោយម្នាក់បាក់ជើងម្ខាង និងម្នាក់ទៀតរង របួសត្រង់ក្បាលយ៉ាងធ្ងន់ធ្ងរទាំងពីរនាក់ផងដែរ។
ករណីគ្រោះថ្នាក់ចរចរណ៍នេះដែរបានកើតឡើងកាលពីវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី ១៦ ខែ វិច្ឆិកា ឆ្នាំ ២០១៨ នៅចំណុចគល់ស្ពានព្រះមុនីវង្សចាស់ (ផ្នែកខាងលិច) ក្នុងសង្កាត់ទន្លេបាសាក់់ ខណ្ឌចំការមន។
តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តដឹកទំនិញធុនធំមួយគ្រឿង ម៉ាកហ៊ីយាន់ដាយ ពណ៌ស ពាក់ស្លាកលេខ កំពង់ចាម ៣A-៤៨១៤ បើកបរដោយបុរសម្នាក់ និងព្រូម្នាក់ ក្នុងទិសដៅពីកើតទៅលិចឆ្លងកាត់តាមស្ពានព្រះមុនីវង្សចាស់ចូលមកកាន់ក្រុងភ្នំពេញ។
លុះមកដល់ពាក់កណ្តាលស្ពាន ដែលមានយានយន្តគ្រប់ប្រភេទកំពុងតែធ្វើចរាចរណ៍យ៉ាងណែនណាន់តាន់តាប់ និងស្ថានភាពផ្លូវចង្អៀតនោះ ក៏ស្រាប់តែរថយន្តដឹកទំនិញធុនធំមួយគ្រឿងខាងលើបានទៅបុកពីក្រោយរថយន្តមួយគ្រឿងម៉ាកព្រូស ពណ៌ទឹកមាស គ្មានស្លាកលេខ រួចហើយក៏បានបន្តទៅបុករថយន្តម៉ាកព្រូសមួយគ្រឿងទៀត ពណ៌ស ពាក់ស្លាកលេខភ្នំពេញ ២AR-២៨៣០ បណ្តាលឱ្យក្រពឹតរងការខូចខាតយ៉ាងដំណំទាំង២គ្រឿងតែម្តង។
តាមប្រភពដដែលបានប្រាប់បន្តទៀតថា ភ្លាមនោះរថយន្តដឹកទំនិញធុនធំមួយគ្រឿងខាងលើនោះមិនបានឈប់ទេ ដោយបន្តបើកចុះពីលើស្ពានទៅបុករះរថយន្តម៉ាកកាម៉ារីបាឡែនមួយគ្រឿង និងរ៉ឺម៉កម៉ូតូមួយគ្រឿង ហើយទៅបុករថយន្តដឹកដីធុនធំមួយគ្រឿងទៀត ម៉ាកហ៊ីយាន់ដាយ ពណ៌ស ពាក់ស្លាកលេខ កណ្តាល ៣A-០៩១៤ ពីក្រោយជាប់ ទើបអស់ល្បឿនទៅមុខលែងរួច។
តាមប្រភពដដែលបានឱ្យដឹងថា រថយន្តបង្កបានរងការខូចខាតយ៉ាងដំណំផងដែរ ដោយក្រពឹតផ្នែកកាប៊ីនខាមុខកៀបជាប់ទាំងបុរសជាអ្នកបើកបរ និងបុរសម្នាក់ជាព្រូនៅខាងក្នុងរថយន្ត ហើយត្រូវបានប្រជាពលរដ្ឋដែលនៅក្បែរខាងនាំគ្នាជួយគាស់យកចេញ និងបញ្ជូនទៅសង្គ្រោះនៅគ្លីនិកឯកជនមួយក្លែងដែលនៅក្បែរនោះ ភ្លាមៗផងដែរ។
ពាក់ព័ន្ធទៅនឹងករណីគ្រោះថ្នាក់ចរចរណ៍បុករះខាងលើនេះដែរគឺកើតឡើងដោយសារតែរថយន្តដឹកទំនិញធន់ធំខាងលើដាច់ហ្វ្រាំង ហើយអ្នកបើកបរជាន់មិនស៊ី ទើបបានជ្រុលទៅបុករថយន្តតូចធំចំនួន៤គ្រឿង និងរ៉ឺម៉កម៉ូតូចំនួន១គ្រឿងទៀតជាបន្តបន្ទាប់បែបនេះ។
ក្នុងហេតុការណ៍ខាងលើ បណ្តាលឱ្យបុរសអ្នកបើកបររថយន្តបង្ករងរបួសបាក់ជើងម្ខាង និង បុរសជាព្រូម្នាក់ទៀតរងរបួសត្រង់ក្បាលធ្ងន់ ហើយរថយន្តម៉ាកព្រូសចំនួន២គ្រឿង និងរថយន្តបែនដឹកដី១គ្រឿងរងការខូចខាតធ្ងន់ធ្ងរផងដែរ ចំណែកឯរថយន្តម៉ាកកាម៉ារីបាឡែន និង រ៉ឺម៉កម៉ូតូមួយ គ្រឿងទៀត ដែលរងការខូចខាតតិចតួចក៏បានបន្តដំណើរចេញទៅបាត់អស់ ដោយមិននៅរង់ចាំទារសំណងអ្វីឡើយ។
ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចមូលដ្ឋាន និងនគរបាលចរចរផ្លូវគោករាជធានីភ្នំពេញ ក៏បានចុះទៅដល់ កន្លែងកើតហេតុ និងធ្វើការវាស់វែង ហើយយករថយន្តបង្ក និងរថយន្តរងគ្រោះចំនួន៣គ្រឿងដែលរងការខូចខាតធ្ងន់ធ្ងរ ក្នុងនោះមានម៉ាកព្រូសចំនួន ២គ្រឿង និង រថយន្តបែនដឹកដី ១គ្រឿង បញ្ជូនទៅកាន់ការិយាល័យនគរបាលចរចរណ៍ផ្លូវគោករាជធានីភ្នំពេញ ដើម្បីរង់ចាំធ្វើការដោះស្រាយគ្នាជាក្រោយបន្តទៀតផងដែរ ៕












ចែករំលែកព័តមាននេះ