រាជធានីភ្នំពេញ ៖ យុវតី៣នាក់បានជិះម៉ូតូប៊ីតមួយគ្រឿងវ៉ាជែងហើយជ្រុលទៅបុករថយន្តបែនដឹកដីបោកចូលក្រោមកង់រថយន្តបណ្ដាលឲ្យកិនស្លាប់ម្នាក់និងរងរបួសធ្ងន់ពីរនាក់ត្រូវបានរថយន្តបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យតេជោសន្តិភាព។
ហេតុការណ៍គ្រោះថ្នាក់ដ៏រន្ធត់នេះបានកើតឡើងកាលពីវេលាម៉ោង៨ព្រឹកថ្ងៃទី៧ ខែមេសាឆ្នាំ ២០២៦នៅតាមផ្លូវ ៣០ម៉ែត្រក្នុងភូមិសំរោងទាវ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
នារីរងគ្រោះដែលបានស្លាប់ឈ្មោះភី វណ្ណរី អាយុ១៧ឆ្នាំ មានទីលំនៅផ្ទះលេខ៣៦DP៦ ផ្លូវលេខ២១២ភូមិសែនសុខទី៦ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ត្រូវរថយន្តកិនស្លាប់នៅនឹងកន្លែង។ចំណែកអ្នករងរបួស១.ឈ្មោះចាន់ថា ស្រីលីនអាយុ ១៩ ឆ្នាំ,២.ឈ្មោះរិទ្ធចាន់បរមីអាយុ ១៥ ឆ្នាំមានលំនៅភូមិអណ្ដូងទី ៦ សង្កាត់គោករការខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
ជនរងគ្រោះទាំងបីនាក់ជិះម៉ូតូម៉ាកហុងដាប៊ីតពាក់ស្លាកលេខកំពង់ចាម១W៥២៦០។ចំណែករថយន្តដែលកិនមនុស្សស្លាប់ម៉ាកនីស្សាន់ពណ៌សពាក់ស្លាកលេខភ្នំពេញ៣C.៨៦៧១អ្នកបើកបរបានរត់គេចបាត់ស្រមោល។
តាមសាក្សីបានឲ្យដឹងថា នៅមុនពេលកើតហេតុនារីរងគ្រោះទាំងបីនាក់បានជិះម៉ូតូមួយគ្រឿងខាងលើធ្វើដំណើរតាមបណ្ដោយផ្លូវបេតុងក្នុងទិសដៅពីលិចទៅកើតដោយល្បឿនលឿន។នៅពេលធ្វើដំណើរមកដល់ចំណុចកើតហេតុក៏បានវ៉ាជែងរួចក៏ជ្រុលចូលចំណែកផ្លូវរថយន្តក្នុងទិសដៅបញ្ច្រាសទិសគ្នា និងបុកក្បាល,ចំកង់មុខរថយន្តបែនដឹកដី ខាងឆ្វេងពេញទំហឹង។
តាមព័ត៌មានបានឲ្យដឹងទៀតថា នៅក្នុងគ្រោះថ្នាក់នោះជនរងគ្រោះពីរនាក់ដែលជិះផ្នែកខាងក្រោយបានខ្ទាចចេញបានរងរបួស ហើយជនរងគ្រោះជាអ្នកបើកបរក៏បានបុកចូលក្រោមកង់ក្រោយរថយន្តកិនស្លាប់នៅនឹងកន្លែងហើយរថយន្តបានកិនម៉ូតូអូសជាច្រើនម៉ែត្រក្រោយមកទើបរបូត ហើយឈប់អែបខាងគេចខ្លួនបាត់ស្រមោល។បន្ទាប់ពីកើតមានគ្រោះថ្នាក់នគរបាលមូលដ្ឋានក៏បានចុះទៅកន្លែងកើតហេតុហើយទាក់ទងហៅរថយន្តបញ្ជូនជនសូមគ្រោះពីរនាក់ទៅកាន់មន្ទីរពេទ្យនិងទាក់ទងនគរបាលជំនាញចុះគាស់វែងរួចនាំយកមករថយន្តបញ្ជូនទៅកាន់ការិយាល័យចរាចរណ៍ផ្លូវគោកដើម្បីដោះស្រាយ។ដោយឡែកជនរងគ្រោះដែលស្លាប់បាត់បង់ជីវិតត្រូវបានសមត្ថកិច្ចប្រគល់ទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕





ចែករំលែកព័តមាននេះ