ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋមន្ត្រីក្រសួងការងារ៖ ជំនាញ​ទាំង៨ របស់​អតីត​ពលករ​មក​ពី​ថៃ ក្រសួងត្រៀម​អនុវត្ត​​វាយតម្លៃ​ទទួលស្គាល់​ឱ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់

1 ថ្ងៃ មុន

រាជធានីភ្នំពេញ​ ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ បាន​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ដឹកនាំ​កិច្ចប្រជុំ​ផ្សព្វផ្សាយ ​ជាមួយ​ក្រុមហ៊ុន​សំណង់ និង​សមាគម​អ្នក​សាងសង់​កម្ពុជា​ប្រមាណ…

រាជធានីភ្នំពេញ​ ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ បាន​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ដឹកនាំ​កិច្ចប្រជុំ​ផ្សព្វផ្សាយ ​ជាមួយ​ក្រុមហ៊ុន​សំណង់ និង​សមាគម​អ្នក​សាងសង់​កម្ពុជា​ប្រមាណ ៣០ ស្តី​ពី «​ការ​ត្រៀម​រៀបចំ​អនុវត្ត​កម្មវិធី​វាយតម្លៃ​ទទួលស្គាល់​ជំនាញ​ពី​មុន​» នា​ព្រឹក​ថ្ងៃ​ទី​៧ ខែមេសា ឆ្នាំ​២០២៦ ដើម្បី​ពិភាក្សា​និង​ធ្វើ​ជា​សាក្សី​លើ​ការ​អនុវត្ត​កម្មវិធី​វាយតម្លៃ​ការ​ទទួលស្គាល់​ជំនាញ​ពី​មុន (RPL) ឱ្យ​មាន​ប្រសិទ្ធភាព និង​ពង្រីក​ការ​អនុវត្ត​ឱ្យ​បាន​ទូលំទូលាយ​ស្រប​តាម​តម្រូវការ​ទីផ្សារ​ការងារ និង​ទិស​ដៅ​អភិវឌ្ឍ​ធនធានមនុស្ស ក៏​ដូច​ជា​ដើម្បី​ទស្សនា និង​អង្កេត​ការ​ដាក់​ឱ្យ​អនុវត្ត​សាកល្បង​នូវ​កម្មវិធី RPL នៅ​ទីតាំង​ផ្ទាល់​នៅ​ក្នុង​វិទ្យាស្ថាន​ជាតិ​បណ្តុះបណ្តាល​បច្ចេកទេស (NTTI) ។

នា​ឱកាស​នោះ ឯកឧត្តម​រដ្ឋមន្ត្រី បាន​ថ្លែងអំណរគុណ​ចំពោះ​ក្រុមហ៊ុន សមាគម​អ្នក​សាងសង់​កម្ពុជា តំណាង​អ្នក​អភិវឌ្ឍន៍​វិស័យ​សំណង់ គ្រឹះស្ថាន​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស​និង​វិជ្ជាជីវៈ និង​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ដែល​បាន​ចំណាយ​ពេលវេលា​ដ៏​មាន​តម្លៃ​ចូលរួម​ក្នុង​កម្មវិធី​នេះ ដោយ​ឯកឧត្តម​បាន​គូសបញ្ជាក់​ពី​គោលដៅ​កម្មវិធី RPL គឺ​ដើម្បី​អភិវឌ្ឍ​ធនធានមនុស្ស បង្កើន​ផលិតភាព​និង​ភាព​ប្រកួតប្រជែង និង​បំប្លែង​បទ​ពិសោធ​ការងារ​ទៅ​ជា​វិញ្ញាបនបត្រ​ផ្លូវការ ជា​ពិសេស​សម្រាប់​វាយតម្លៃ​អតីត​ពលករ​មក​ពី​ប្រទេស​ថៃ​ក្នុង​ជំហាន​ទី​១ ចំនួន ១ ម៉ឺន​នាក់ ​។

ឯកឧត្តម​រដ្ឋមន្ត្រី​មាន​ប្រសាសន៍​ថា ការ​រៀបចំ​ការ​ធ្វើតេស្ត RPL ជូន​ដល់​បងប្អូន​អតីត​ពលករ​មក​ពី​ថៃ​ដោយ​ឥត​គិតថ្លៃ​នេះ​ធ្វើ​ឡើង​ទៅ​តាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី ក្នុង​ការ​ជំរុញ​ការ​អភិវឌ្ឍ​និង​ទទួលស្គាល់​លើ​មុខ​ជំនាញ​ចំនួន ៨ ក្នុង​វិស័យ​សំណង់ ដែល​បងប្អូន​អាច​យក​ទៅ​ប្រើប្រាស់​ដើម្បី​ទទួល​បាន​ឱកាស​ការងារ​ល្អ​និង​ប្រាក់​ចំណូល​ខ្ពស់​ជាង​មុន​។ ការ​ធ្វើតេស្ត​ក្នុង​ជំហាន​ទី​១ នេះ​គឺ​នឹង​ធ្វើ​ឡើងជា​រៀង​រាល់​ចុង​ស​ប្តា​ហ៍ ដែល​នឹង​ចាប់ផ្តើម​នៅ​ថ្ងៃ​ទី​២៤ ខែមេសា ឆ្នាំ​២០២៦ នៅ​តាម​រាជធានី​-​ខេត្ដ​គោលដៅ​ចំនួន ៦ រួម​មាន រាជធានី​ភ្នំពេញ ខេត្ដបាត់ដំបង បន្ទាយ​មាន​ជ័យ សៀមរាប តាកែវ និង​ខេត្តស្វាយរៀង ដោយ​ឯកឧត្តម​សង្កត់ធ្ងន់​ថា បើ​ជំហាន​ទី ១​នេះ​ទទួល​ជោគជ័យ ក្រសួង​នឹង​បន្ត​កម្មវិធី​នេះ​ទៅ​ជំហាន​ទី ២​ទៀត ដែល​ក៏​នឹង​ផ្តោត​លើ​កម្លាំង​កម្មករ​ក្នុងស្រុក​ផង​ដែរ​ ។

ជាមួយនឹង​ការ​គាំទ្រ​គំនិត​ផ្តួចផ្តើម និង​បន្ទាប់​ពី​បាន​ទស្សនាការ​ដាក់​ឱ្យ​អនុវត្ត​កម្មវិធី RPL សាកល្បង​នេះ អង្គប្រជុំ​បាន​ពិភាក្សា​និង​ផ្ដល់​មតិយោបល់​យ៉ាង​ផុសផុល​លើ​ការ​អនុវត្ត​កម្មវិធី​នេះ ដោយ​ឯកឧត្តម​រដ្ឋមន្ត្រី​បាន​សង្ឃឹម​យ៉ាង​មុតមាំ​ថា ធាតុ​ចូល​ដ៏​មាន​តម្លៃ​ទាំងនេះ​នឹង​ជួយ​ធ្វើ​ឱ្យ​ការ​អនុវត្ត​កម្មវិធី​នេះ​មាន​ប្រសិទ្ធភាព និង​ជួយ​ពង្រឹង​កិច្ចសហការ​រវាង​រាជរដ្ឋាភិបាល និង​វិស័យ​ឯកជន​លើ​ការ​អភិវឌ្ឍ​ធនធានមនុស្ស​ឱ្យ​កាន់តែ​ប្រសើរ ដែល​ធ្វើ​ឱ្យ​មានការ​ជឿជាក់​ថា ការ​ធ្វើតេស្ត​នេះ «​ពិតជា​ត្រឹមត្រូវ និង​អាច​ជ្រើសរើស​បេក្ខជន​ប្រកបដោយ​សមត្ថភាព​ពិតប្រាកដ​មែន​» ​។

ដើម្បី​ឱ្យ​ការ​អនុវត្ត​ទទួល​ជោគជ័យ ស្រប​តាម​ផែនការ​ប្រកបដោយ​គុណភាព និង​ប្រសិទ្ធភាព ឯកឧត្តម ហេង សួរ បាន​ណែនាំ​ឱ្យ​អង្គភាព​គ្រប់គ្រង​គម្រោង​បន្ត​តាមដាន​ផែនការ និង​ជំរុញ​ការ​អនុវត្ត​ឱ្យ​ស្រប​តាម​យន្តការ​ដែល​បាន​កំណត់ ដោយ​ណែនាំ​ឱ្យ​ក្រុមហ៊ុន រោងចក្រ សហគ្រាស​ទទួលស្គាល់ និង​ប្រើ RPL ជា​មូលដ្ឋាន​ក្នុង​ការ​ជ្រើសរើស និង​កំណត់​ប្រាក់​ឈ្នួល បើកឱកាស​ការងារ​ដល់​អតីត​ពលករ​ពី​ថៃ និង​អនុញ្ញាត​ឱ្យ​វិស្វករ និង​បុគ្គលិក​បច្ចេកទេស​ចូលរួម​បណ្តុះបណ្តាល​ដើម្បី​ក្លាយទៅជា​អ្នក​វាយតម្លៃ (Assessor) ។ ចំពោះ​គ្រឹះស្ថាន និង​មន្ត្រី​អនុវត្ត ត្រូវ​វាយតម្លៃ​តាម​ស្តង់ដា​បច្ចេកទេស និង​ថែរក្សា​តម្លៃ RPL, ពង្រីក​ការ​ផ្សព្វផ្សាយ RPL ទៅ​តំបន់​ជនបទ និង​ព្រំដែន ​។

ការ​ធ្វើតេស្ត RPL ផ្តល់​នូវ​ឱកាស​ដល់​បុគ្គល​ដែល​កំពុង​បម្រើ​ការងារ និង​អ្នកមាន​ជំនាញ​ដែល​មិន​ទាន់​មានការ​ងារ​ឱ្យ​ទទួល​បានការ​ទទួលស្គាល់​ជំនាញ​ជា​ផ្លូវការ ឬ​គុណវុឌ្ឍិ​របស់​ពួក​គាត់ ​។ សម្រាប់​អតីត​ពលករ​មក​ពី​ប្រទេស​ថៃ នឹង​ទទួល​បានការ​ស្គាល់​សមត្ថភាព ឱកាស​ការងារ ចំណេញ​ពេលវេលា និង​ថវិកា ក្លាយជា​ពលករ​ក្នុង​ប្រព័ន្ធ ដែល​នឹង​ទទួល​បាន​អត្ថប្រយោជន៍​ពី​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម (​ប​.​ស​.​ស​) និង​បង្កើន​ជំនឿ​ចិត្ត​លើ​ខ្លួនឯង ក៏​ដូច​ជា​ជំរុញ​ការ​សិក្សា​ពេញ​មួយ​ជីវិត​។ រីឯ អ្នក​វិនិយោគ​វិញ​នឹង​បាន​យល់​ដឹង​ពី​កម្រិត​ជំនាញ​បុគ្គលិក​ភ្លាម​ៗ កាត់​បន្ថយ​ចំណាយ​លើ​ការ​បណ្តុះបណ្តាល ធានា​ស្តង់ដា និង​គុណភាព និង​បង្កើន​ទំនុកចិត្ត​វិនិយោគ ជា​ពិសេស​អាច​បង្ហាញ​ដៃគូ​ពី​កម្លាំង​កម្មករ​ដែល​មាន​ជំនាញ​ស្តង់ដា​ ។

សូម​បញ្ជាក់​ថា ជំនាញ​ទាំង ៨​នោះ​រួម​មាន​៖ (១) ការងារ​កំបោរ (​រៀប​ឥដ្ឋ​និង​បូក​), (២) ការងារ​ការ៉ូ​, (៣) ការ​ដំឡើង​ពុម្ព​, (៤) ការ​ដំឡើង​បណ្តាញ​បំពង់​ទឹក​, (៥) ការ​ដំឡើង​បណ្តាញ​អគ្គិសនី​ក្នុង​អគារ​, (៦) ការងារ​រន្ទា​, (៧) ការ​ដំឡើង​សរសៃដែក និង (៨) ការ​ផ្សារ​អគ្គិសនី​ ៕ អត្ថបទសហការ