រាជធានីភ្នំពេញ ៖ ជនសង្ស័យចោរប្លន់ម៉ូតូ ២នាក់ ប្តីប្រពន្ធ ត្រូវសមត្ថកិច្ចប៉ុស្តិ៍ទួលសង្កែ សហការជាមួយសមត្ថកិច្ចខណ្ឌទួលគោក ចាប់ឃាត់ខ្លួនបាន កាលពីវេលាម៉ោង ៤ និង ១៥នាទី ទៀបភ្លឺឈានចូលថ្ងៃទី១៤ មិថុនា ២០១៣ នៅចំណុចមុខផ្ទះសំណាក់វិមានពេជ្រ តាមបណ្តោយផ្លូវ៥២៦ ក្នុងសង្កាត់បឹងកក់ទី១ ក្បែរអតីតអង្គការស៊ីម៉ាក ។
ជនសង្ស័យទី១ ឈ្មោះ ម៉ី កាសា ភេទប្រុស អាយុ ២៦ឆ្នាំ ជាប្តី មានទីលំនៅឃុំខ្វារ សង្កាត់ដង្កោ ខណ្ឌដង្កោ និងទី២ ឈ្មោះ អ៊ី ស្រីរដ្ឋ ភេទស្រី ជាប្រពន្ធ អាយុ ២០ឆ្នាំ ។ ជនសង្ស័យ ២នាក់ ប្តីប្រពន្ធនេះ បានប្លន់ម៉ូតូពីជនរងគ្រោះម៉ាកវីវ៉ា ១គ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2Bk-9850 នៅចំណុចវិហារអ៊ីស្លាមបឹងកក់ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ តាំងពីម៉ោងជាង ១ទៀបភ្លឺ មកម្ល៉េះ ក្រោយមកសមត្ថកិច្ចបានចេញបញ្ជាឱ្យស្ទាក់ចាប់បាននៅចំណុចមុខផ្ទះសំណាក់វិមានពេជ្រ ខណៈដែលជនសង្ស័យទាំងពីរបម្រុងចូលសម្រាកក្នុងផ្ទះសំណាក់នោះ ។ បច្ចុប្បន្ន ជនសង្ស័យខាងលើត្រូវបានប្រគល់ឱ្យសមត្ថកិច្ចខណ្ឌដូនពេញ ចាត់វិធានការតាមផ្លូវច្បាប់ ៕
ចែករំលែកព័តមាននេះ